ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ប្រធានរដ្ឋសភា ៖ ច្បាប់​សំណង់​ដែល​រដ្ឋសភា​កំពុង​សិក្សា ដែល​នឹង​ក្លាយជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​ដើម្បី​ជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា សេចក្ដីព្រាងច្បាប់ ​ស្តីពី​សំណង់ ដែល​រដ្ឋសភា​កំពុង​ពិនិត្យ​សិក្សា នឹង​ក្លាយ​ជា​ច្បាប់​ដ៏​មាន​សារៈ​សំខាន់ ជា បទដ្ឋាន​គតិយុត្តិ​ថ្មី បន្ថែម​លើ​អ្វីដែល​មាន​ស្រាប់ ក្នុង​ការ​ជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន គោរព​តាម​បទដ្ឋាន​បច្ចេកទេស សុវត្ថិភាព សោភ័ណភាព និង​បរិស្ថាន។

នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ឈ្វេងយល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សំណង់ ដែល​រៀបចំ​ធ្វើឡើង​ដោយ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា សហការ​ជាមួយ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​វិមាន​រដ្ឋសភា ព្រឹក​ថ្ងៃទី​២០​កញ្ញា​នេះ នៅ​វិមាន​រដ្ឋសភា សម្តេច​បាន​គូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពី​សំណង់​តាក់តែងឡើង​ក្នុង​បរិបទ​វិស័យ​សំណង់ មានការ រីកដុះដាល​កាន់តែច្រើន មាន​លក្ខណៈ​កាន់តែ​ធំ​កាន់តែ​ខ្ពស់​។ ជាពិសេស ក្នុងពេលដែល​វិស័យ​សំណង់​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការ​លើកកម្ពស់​កំណើន សេដ្ឋកិច្ច​ជាតិ​ឲ្យ​រឹងមាំ និង​មាន និរន្ត​ភាព ក្នុងចំណោម​វិស័យ​ផ្សេងទៀត ដែល មានដូចជា ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម​ជាដើម​។

សម្តេច​បន្តថា រដ្ឋសភា​បានទទួល​យក​សេចក្តី ព្រាង​ច្បាប់​ស្តីពី​សំណង តាម​សំណើ​របស់​រាជរដ្ឋា​ភិបាល​មក​ពិនិត្យ សិក្សា​ដោយបាន​ប្រគល់​សេចក្តីព្រាង ច្បាប់​នេះ ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាម​ពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ដែលមាន លោកជំទាវ និ​ន សា​ផុន ជា​ប្រធាន​ពិនិត្យ​សិក្សា​។

សិក្ខាសាលា​ដែល​រៀបចំ នាពេលនេះ ជា​វេទិកា​មួយ ដើម្បី​ទទួល យក​មតិយោបល់ ពី​មជ្ឈដ្ឋាន​នានា​ដើម្បី​ជា​ធាតុ​ចូល ដែល​អាចធ្វើ​ឲ្យ​សេចក្តី ព្រាង​ច្បាប់​ស្តីពី​សំណង់​នេះ ឲ្យ​មាន​ខ្លឹមសារ គ្រប់​ជ្រុង​ជ្រោយ​ និង​បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ។

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកទឹកចិត្ត​ដល់​សិក្ខាសាលា​ធ្វើការ​ផ្លាស់ប្ដូរ មតិយោ​បល់ និង​អនុសាសន៍​ល្អៗ ដើម្បីឲ្យ​សេចក្តីព្រាង​ច្បាប់​នេះ​បម្រើ​ដល់​ផល​ប្រយោជន៍​សង្គម និង​ពលរដ្ឋ តាមរយៈ ការគ្រប់គ្រង​លើ​ការងារ ក្នុង​វិស័យ​សំណង់​ឲ្យ​បាន​ល្អ ដើម្បី​ធានា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សុខុមាលភាព​របស់ ពលរដ្ឋ​។ ធានាបាន​នូវ​គុណភាព សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ល្អ រក្សា​និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ និង​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន ក្នុង​វិស័យ​សំណង់​ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ឲ្យ​កាន់តែ​រីកចម្រើន​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកទឹកចិត្ត​ដល់​សិក្ខាសាលា​ធ្វើការ​ផ្លាស់ប្ដូរ​មតិ​យោបល់ និង​អនុសាសន៍​ល្អៗ ដើម្បីឲ្យ​សេចក្តី ព្រាង​ច្បាប់​នេះ​បម្រើ​ដល់​ផល ប្រយោជន៍​សង្គម និង​ពលរដ្ឋ តាមរយៈ ការគ្រប់គ្រង​លើ​ការងារ ក្នុង​វិស័យ​សំណង់​ឲ្យ​បាន​ល្អ ដើម្បី​ធានា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ សុខុមាលភាព​របស់​ព​ល​រដ្ឋ​។ ធានាបាន​នូវ​គុណភាព សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ល្អ រក្សា​និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ និង​បង្កើន​ទំនុក​ចិត្ត​របស់​វិនិយោគិន ក្នុង​វិស័យ​សំណង់​ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យឲ្យ​កាន់តែ​រីកចម្រើន​។ សេចក្ដីព្រាងច្បាប់​នេះ បាន​ឆ្លើយតប​នឹង​គោលនយោបាយ​ជាតិ ​ស្តីពី​ការរៀបចំ​ទឹកដី ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៨ ខែ​មេសា ​ឆ្នាំ​២០១១ ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៩-២០២៣ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន ចក្ខុវិស័យ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក ឡើង​ថា សេចក្ដីព្រាងច្បាប់​សំណង់ ត្រូវបាន​តាក់តែងឡើង​តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ ដោយ​មាន​ការចូលរួម​ផ្តល់យោបល់​ពី​អ្នកជំនាញ​ នៃ​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសច​រណ៍ ​នៃ​ប្រទេស​ជប៉ុន​។ សេចក្ដីព្រាង​ច្បាប់​នេះ មាន​២២​ជំពូក និង ១១១ មាត្រា មាន​គោលបំណង ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ភាគី​ពាក់ព័ន្ធ​និង​ការប្រតិបត្តិ​ការងារ​ទាំ​ង​ឡាយ ក្នុង​វិស័យ​សំណង់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់ និង​សាធារណជន​។ ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម ដោយ​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​មាន​សោ ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព សំដៅ​លើកកម្ពស់​សុខុ​មាល​ភាព សាធារណៈ ជាដើម។

លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ជំនាញ​ នៃ​រដ្ឋសភា បាន​មានប្រសាសន៍​បញ្ជាក់ថា ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទុនវិនិយោគ វិស័យ​សំណង់​មាន​កំណើនទៀងទាត់ និង​នៅ​បន្ត​រីកចម្រើន​ជា​លំដាប់ ជាពិសេស​ការសាង់សង់​សំណង់​ធំៗ​ខ្ពស់ ដូចជា​អគារ​ស្នាក់នៅ​រួម អគារ​លក់​ទំនិញ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ សណ្ឋាគារ អគារ​ពហុ​មុខងារ សំណង់​ទីក្រុង​រណប បុរី លំនៅ ឋាន ។​ល​។ លោកជំទាវ និ​ន សា​ផុន សង្កត់ធ្ងន់ថា សំណង់​កាន់តែ​ធំ កាន់តែ​ខ្ពស់ និង​កាន់តែ​ស្មុគស្មាញ កាន់តែ ទាមទារ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ត្រឹម ត្រូវ តាម​បទដ្ឋាន​គតិយុត្តិ បច្ចេកវិទ្យា ស្តង់ដារ និង​បទប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​ភាព​រឹងមាំ គុណភាព សោ​ភណ្ឌ​ភាព និង​ចីរភាព​សំណង់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114