ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ភ្នំពេញ ផ្តល់​អំណោយ​ជូន​បងប្អូន​កម្មករ​ស៊ី​កូ​ជាង​៣០០​នាក់ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ផ្តល់​អំណោយ​ជូន​បងប្អូន​កម្មករ​ស៊ី​កូ​ជាង​៣០០​នាក់ ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​វត្ត​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​ជាតិ​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

ពិធី​នេះ​ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​សុក្រ ៧​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅក្នុង​សាលា​រាជធានី ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង និង​មានការ​ចូលរួម​ពី មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត​។

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ថា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង។ ដោយឡែក​សម្រាប់​បងប្អូន​កម្មករ​ស៊ី​កូ សម្តេច​តេ​ជោ ក៏បាន​សម្រេច​បង្កើត​ឲ្យ​មាន​ជា​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម និង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ក្នុងចំណោម​អ្នក​ប្រកបរបរ​ធាក់​ស៊ីក្លូ​ចំនួន​ជាង​៣០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​។

ជាក់ស្តែង​សម្រាប់​នៅ​រសៀល​នេះ បងប្អូន​ស៊ីក្លូ​ចំនួន​៣១៦​នាក់ បាន​ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយ​ក្នុង​ម្នាក់ៗ ទទួល​បាន​អាវយឺត ៥​អាវ មី​៥​កញ្ចប់ តែ​៥​កញ្ចប់ ទឹកដោះគោ ២​កំប៉ុង ស្ករស ១​គីឡូ ត្រីខ ២​កំប៉ុង ទឹកក្រូច​៤ កំប៉ុង​ស្រាក់​បាយ ១​ស្រាក់ សាប៊ូ​កន្លះ​គីឡូ ១​កញ្ចប់ នំ​ប៉ុង​១​ដើម ទឹក​សុទ្ធ​បរិភោគ ១​ដប និង​ថវិកា​ចំនួន​១១​ម៉ឺន​រៀល ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​វត្ត​ធ្វើ​បុណ្យទាន​តាម​ប្រពៃណីជាតិ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114