ព័ត៍មានទាន់​ហេតុការណ៏
Search

ឃើញ​ម្ចាស់​ចេញទៅ​ធ្វើ​ការ​ ចូល​គាស់​បន្ទប់​ទីបំផុត​ជាប់​ខ្នោះ

ភ្នំ​ពេ​ញ ៖ មុខសញ្ញា​ចោរលួច​គាស់​ផ្ទះ​ម្នាក់​ត្រូវ​ នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ ចាប់​វ៉ៃ​ខ្នោះ​បន្ទាប់ពី​ធ្វើ​សកម្ម​រួចមក​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ នី រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៧ មានមុខ​របរ​និង​ទីកន្លែង​ស្លាក់​នៅ​មិន​ពិតប្រាកដ​។

លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាល​ស្ទឹងមានជ័យ​ទី​៣ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ មាន​ប្រជាពលរដ្ឋ​ម្នាក់​ទូរស័ព្ទ​ប្រាប់​ថា ​មាន​ជនសង្ស័យ​កំពុង​លួច​ឆ្កឹះ​សោ​បន្ទប់​ជួល​។ ភ្លាមៗ​នោះ​ លោក​ក៏​ដឹកនាំ​កម្លាំង​ចុះទៅ​កន្លែង​កើតហេតុ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។

បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់​ផ្ទះជួល​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ កម្មករ​កម្ម​ការ​នី​ដែល​ជួល​បន្ទប់​ស្នាក់នៅ​របស់​គាត់ ​គឺ​ចាក់​បន្ទប់​ហើយ​ទៅ​ធ្វើ​ការងារ​អស់​ជាធម្មតា ហើយ​គាត់​ក៏​អង្គុយ​ក្នុងផ្ទះ​មើល​កាមេរ៉ា​សុវត្ថិភាព​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​ដើរ​ឆ្កឹះ​សោ​បន្ទប់​ជួល​ស្ទើរតែ​គ្រប់​បន្ទប់​។ ពេលនោះ​គាត់​ក៏បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​និង​ចាប់បាន​ភ្លាមៗ​ផងដែរ។

ប្រភព​ពី​ម្ចាស់​ផ្ទះជួល​បាន​បន្តទៀតថា នៅ​ផ្ទះជួល​របស់​គាត់​មិនមែន​ទើប​មាន​លើកទីមួយ​នោះ​ទេ​ករណី​ឆ្កឹះ​សោ​បន្ទប់​នេះ​ គឺ​មាន​ជាច្រើនលើក​ច្រើនសារ​មក​ហើយ និង​ធ្លាប់​បាត់បង់​ទ្រព្យសម្បត្តិ​ជាច្រើន​ផង​ដែរ តែ​មិន​ដែរ​ចាប់​បាន​នោះ​ទេ ទើបតែ​លើក​នេះ​ចាប់​បាន​ជាក់ស្ដែង​តែម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114