ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ខណ្ឌ​សែន​សុខ​ រ៉ៃ​លុយ​គ្នា​ទិញ​ម៉ូតូ​ឲ្យ​សិស្ស​ពូកែ​ជាប់​ចំណាត់ថ្នាក់​A៨​នាក់​ក្នុង​ម្នាក់ៗ​បាន​១​គ្រឿង

ភ្នំពេញ​ ៖ មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​សាលាខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​រ៉ៃអង្គាស​លុយ​គ្នា​ដើម្បី​ទិញ​ម៉ូតូ​ចែក​អោយ​សិស្សសាលា​ដែល​ទើប​ប្រឡង​ជាប់​ថ្នាក់​ទុតិយភូមិ (​ឬ​ហៅថា ជាប់​បាក់​ឌុប​) ក្នុង​ឆ្នាំ​២០១៩​នេះ​ចំនួន​៨​នាក់​ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ម៉ូតូ​១​គ្រឿង កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩។

ពិធី​ប្រគល់​ម៉ូតូ​នេះ​ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ម៉ូ​វ ម៉ានិត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ និង​លោក ស្រី សាខុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ជាច្រើន​នាក់​ មាន​គ្រូបង្រៀន​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​។

លោក អភិបាលខណ្ឌ បាន​មានប្រសាសន៍ថា ការ​ផ្តល់​រង្វាន់​ជូន​សិស្ស​ពូកែ​នេះ​គឺជា​ការ​លើកទឹកចិត្ត​ដល់​ក្មេង​សិស្សសាលា​ដទៃ​ទៀត​ឲ្យ​ខិត​ខំប្រឹងប្រែង​រៀន​សូត្រ ដើម្បី​អនាគត​ខ្លួនឯង​ល្អ​ក៏ដូចជា​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ និង​ក៏​ដើម្បី​ជួយ​ឲ្យ​សង្គម​យើង​មាន​ធនធានមនុស្ស​ល្អ​ដើម្បី​អភិវឌ្ឍន៍​ជាតិ​ផងដែរ​។

លោក អភិបាល​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លុយ​ឬ​ថវិកា​ដែល​បាន​ចំណាយ​ក្នុង​ការទិញ​ម៉ូតូ​ជូន​ជា​រង្វាន់​ដល់​សិស្ស​ពូកែ​ទាំង​៨​នាក់​ប្រចាំ​ខណ្ឌ​សែន​សុខ​នេះ គឺ​បាន​មក​ការ​សហការ​គ្នា រៃអង្គាស​លុយ​គ្នា​ទិញ គឺ​ទី​១. បាន​មក​ពី​លោក ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រធាន​ក្រុមការងារ​បក្ស​ចុះជួយ​ខណ្ឌ​សែន​សុខ​។ ទី​២. បាន​មក​ពី​លោក កើត ឆែ អភិបាល​រាជធានី​ភ្នំពេញ​។ និង​ទី​៣​បាន​មក ពី​ថវិកា​របស់​សាលា​ខណ្ឌ​សែន​សុខ ដែល​សរុប​ជាង​១​ម៉ឺន​ដុល្លារ។

ចំពោះ​ម៉ូតូ​ដែល​ត្រូវ​ចែក​ជូន​សិស្ស​ពូកែ​ទាំង​៨​នាក់​នោះ ជា​ម៉ូតូ​ម៉ាក ហុងដា វ៉េវ​អាល់​ហ្វា ដែល​ក្នុង​១​គ្រឿងៗ​តម្លៃ ១៣៥០​ដុល្លារ ជា​ម៉ូតូ​ថ្មី​១០០% ដែល​សរុប​ជា​ទឹកប្រាក់​សរុប​អស់​ចំនួន ១០ ៨០០​ដុល្លារ​អាមេរិក​។

កាលពី​សប្តាហ៍​មុន លោក​អភិបាលខណ្ឌ​និង​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ មិន​យក​លុយ​សេវា​លើ​តម្លៃ​ការ​មក​ធ្វើ​ការ​បញ្ជាក់​វិញ្ញាបនបត្រ​ផ្សេងៗ​គ្រប់​ប្រភេទ​សម្រាប់​សិស្ស​ក្នុង​ឆ្នាំ​២០១៩ នេះ​។

ការលើកលែង​ឬ​មិន​យក​លុយ​លើ​តម្លៃ​សេវា​សម្រាប់​ការ​បញ្ជាក់​វិញ្ញាបនបត្រ​ផ្សេង​ៗ​ដល់​សិស្សសាលា​និង​ការផ្តល់​រង្វាន់​ដល់​សិស្ស​ពូកែ​បែបនេះ​ជា​ការ​ងារ​គំរូ​មួយ​ដល់​ថ្នាក់ដឹកនាំ​តាម​ខណ្ឌ​ផ្សេងៗ​ទៀត​ ឬ​ តាម​ខេត្ត​ក្រុង​នានា​ដើម្បី​លើកស្ទួយ​ដល់​កូន​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​ខិតខំ​រៀន​សូត្រ​ដើម្បី​បង្កើន​ធនធានមនុស្ស​ល្អ​ច្រើន​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114