ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trudeau សុំទោស​ម្តងទៀត​ចំពោះ​ការតុបតែង​មុខ​ពណ៌​ខ្មៅ​នៅពេល​រូបភាព​ថ្មី​លេច​ចេញមក

លោក Justin Trudeau បានធ្វើការ​សុំទោស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំពោះ​អាកប្បកិរិយា​ដែល​មិនអាច​ទទួលយកបាន​ទាំងស្រុង​របស់គាត់​នៅពេល​រូបភាព​ចាស់ៗ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដែល​បង្ហាញ​នាយករដ្ឋមន្ត្រី​កាណាដា​រូបនេះ​មាន​តុបតែង​មុខ​ពណ៌​ខ្មៅ​បាន​អង្រួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់។

លោក Trudeau អាយុ​៤៧​ឆ្នាំ​បាន​រង​សម្ពាធ​រួចទៅហើយ​ដោយសារ​បញ្ហា​ក្រមសីលធម៌​និង​ភាពចម្រូងចម្រាស​ផ្សេងៗ​ទៀត​ដូច្នេះហើយ​ការលេចឡើង​នូវ​រូបថត​និង​វីដេអូ​របស់គាត់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ដែល​គាត់​ខ្លួនឯង​ហៅថា​ជាការ​ប្រកាន់​ជាតិ​សាសន៍​នោះ​គឺ​បាន​ចោទ​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ចំពោះ​ឱកាស​របស់គាត់។

លោក Trudeau ដែលជា​ប្រធាន​គណបក្ស​សេរីនិយម​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​អំឡុង​យុទ្ធនា​ការឃោសនា​នៅ​ទីក្រុង Winnipeg ថា “​ខ្ញុំ​ទទួលស្គាល់ថា វា​ជា​អ្វីដែល​មិនអាច​ទទួលយកបាន​ទាំងស្រុង​”​។​

លោក​បាន​និយាយថា “​ការ​លាបមុខ​របស់​អ្នក​ឲ្យ​ខ្មៅ​ដោយ​មិន​គិតពី​បរិបទ​ឬ​កាលៈទេសៈ​ណាមួយ​នោះ​គឺ​មិនអាច​ទទួលយក​បានទេ​ដោយសារតែ​ប្រវត្តិសាស្ត្រ​នៃ​ការរើសអើង​ជាតិ​សាសន៍​។ ខ្ញុំ​គួរតែ​យល់​នៅពេលនោះ​ហើយ​ខ្ញុំ​មិនគួរ​ធ្វើ​វា​ទេ​”​។​

លោក​បន្តថា “​ការពិត​គឺថា ខ្ញុំ​មិន​យល់ថា​រឿងនេះ​បានធ្វើ​ឲ្យ​ឈឺចាប់​ដល់​ប្រជាជន​ដែល​រស់នៅ​ជាមួយ​ការរើសអើង​ជា​រៀងរាល់ថ្ងៃ​ខ្លាំង​ប៉ុនណា​នោះទេ​។ ខ្ញុំ​តែងតែ​ទទួលស្គាល់ថា ខ្ញុំ​មកពី​កន្លែង​ដែលមាន​បុព្វសិទ្ធិ​ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ចាំបាច់​ត្រូវតែ​ទទួលស្គាល់ថា​មាន​បញ្ហា​យ៉ាងខ្លាំង​។ ហើយ​ចំពោះ​រឿង​នោះ​ខ្ញុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ហើយ​ខ្ញុំ​សូម​អភ័យទោស​”​។​

បណ្តាញ​ផ្សព្វផ្សាយ Global News បានចេញ​ផ្សាយ​រូបភាព​របស់លោក Trudeau ដោយ​ស្លៀកខោ​ខូវប៊យ​និង​អាវយឺត​ដោយ​ដៃ​របស់គាត់​លើកឡើង​លើ​និង​មាន​តុបតែង​មុខ​ពណ៌​ខ្មៅ​ដែល​យុទ្ធនាការ​របស់គាត់​បា​ន​បញ្ជាក់ប្រាប់ AFP ថា​ត្រូវបាន​ថត​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​។​

រឿងនេះ​បានកើត​ឡើង​បន្ទាប់ពី​ការបោះ​ពុ​ម្ភ​ផ្សាយ​របស់​ទស្សនា​វ​ដ្តី Time កាលពី​ថ្ងៃ​ពុធ​អំពី​រូបថត​របស់គាត់​នៅក្នុង​ការតុបតែង​មុខ​ពណ៌​ខ្មៅ​នៅឯ​ពិធីជប់លៀង “Arabian Nights” ដែល​រៀបចំឡើង​កាលពី​១៨​ឆ្នាំមុន​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114