ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ឡើង​បាន ១​លេខ ក្នុង​បច្ចុប្បន្នភាព FIFA Wolrd Ranking គិត​ត្រឹម​ខែកញ្ញា​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ហៅ​កាត់ ( FIFA ) បានបង្ហាញ​នូវ​បច្ចុប្បន្នភាព​ប្រចាំខែ នៃ​តារាង​ចំណាត់ថ្នាក់​សមាជិក​ជម្រើស​ជាតិ​បាល់ទាត់​ទូទាំង​ពិភពលោក ( FIFA World Ranking ) ដែល​ក្នុងនោះ​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា បាន​ឡើង ១​លេខ ពោលគឺ​ពី​លេខ ១៧០ មក​លេខ ១៦៩ ។

​សម្រាប់​បម្រែបម្រួល​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​មាន ១១​ប្រទេស រួមមាន វៀតណាម លេខ ១ ថៃ លេខ ២ ហ្វីលីពីន លេខ ៣ មី​យ៉ាន់​ម៉ា លេខ ៤ សិង្ហ​បុរី លេខ ៥ ម៉ាឡេស៊ី លេខ ៦ ឥណ្ឌូនេស៊ី លេខ ៧ កម្ពុជា លេខ ៨ ឡាវ លេខ ៩ ព្រុយ​ណេ លេខ ១០ និង​ទី​ម័​រ​ខាងកើត លេខ ១១។

គិត​ចាប់​តាំង​ពី​បច្ចុប្បន្នភាព ( Update ) លើកចុងក្រោយ ចាប់តាំងពី​ខែកក្កដា​មក កម្ពុជា បាន​ប្រកួត​ចំនួន ២​ប្រកួត​ប៉ុណ្ណោះ ពោល​គឺ​ក្នុង​យុទ្ធនាការ FIFA World Cup 2022 វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ តំបន់​អាស៊ី ដោយ​ប្រកួត​ស្មើ​ហុងកុង ១-១ និង ចាញ់ បា​រ៉ែ​ន ០-១ កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ​។

​គួរ​រំលឹក​ថា ចំណាត់ថ្នាក់​ក្នុង FIFA World Ranking នេះ គឺ​ដើម្បី​គណនា​លើ​ការចាប់​ពូ​ល​របស់​ក្រុម​ជម្រើស​ជាតិ​ទាំងអស់​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ក្នុងដំណាក់កាល​និ​មួយៗ​នៃ​ការប្រកួត FIFA World Cup។

សម្រាប់​កម្ពុជា​ក្នុង​ស្ថិតិ​របស់ FIFA គឺ​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​បំផុត​ត្រឹម​លេខ ១៦២ កាលពី​ឆ្នាំ ១៩៩៨ ក្នុងការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ Joachim Fickert។

រំលឹក​ថា ​ក្នុង​យុទ្ធនាការ ជម្រុះ World Cup 2022 កម្ពុជា នឹង​ត្រូវ​បន្ត​ជួប​អ៊ីរ៉ង់ ដែល​ជា​ក្រុម​មាន​ចំណាត់ថ្នាក់​លេខ ១​ក្នុង​តំបន់​អាស៊ី នៅ FIFA World Ranking ដោយ​ប្រកួត​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ខាងមុខនេះ មុន​ត្រឡប់​មក​ធ្វើ​ម្ចាស់ផ្ទះ​ទទួល អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១៥ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114