ព័ត៍មានទាន់​ហេតុការណ៏
Search

មក​ស្គាល់​កីឡាករ​ទាត់​ចូល​ទី អ្នកចាំទី​បិទ​មិន​ឲ្យ​គេ​ទាត់​ចូល និង​បញ្ជូន​បាល់​ច្រើនជាងគេ ត្រឹម​សប្ដាហ៍​ទី​២២ នៃ​លី​គ​កំពូល​កម្ពុជា

ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) រដូវ​កាល​២០១៩ ចុង​សប្ដាហ៍​នេះ​នឹង​ឈាន​ចូលដល់​សប្ដាហ៍​ទី​២៣ ខណៈ​ជាមួយគ្នា​ផងដែរ​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers) អ្នកចាំទី​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន​ច្រើនជាងគេ (Clean-Sheets) ក៏ដូចជា​កីឡាករ​បញ្ជូន​បាល​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ជ​ប់​ទី (assist) ក៏ត្រូវ​បានកត់សម្គាល់​ផងដែរ​។​

*​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers)
បញ្ជី​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​សប្ដាហ៍​នេះ បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ​កីឡាករ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង Mbarga Privat បាន​បន្តកាន់កាប់​តំណែង​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers) ជាមួយ​គ្រាប់​បាល់ ៣០​គ្រាប់ ហើយ​តាម​ពីក្រោយ​ដោយ​កីឡាករ Dzarma Bata របស់​ភ្នំពេញ​ក្រោ​ន ដែលមាន ២៥​គ្រាប់​។ បន្ទាប់មក​គឺ​កីឡាករ Da Cruz Guardiano (​វិសាខា​) បាន​ហក់​ឡើង​មក​លេខ​៣ សរុប ២៣​គ្រាប់ ស្រប​ពេលដែល​កីឡាករ Okereke Timothy (​អង្គ​រថា​យ​ហ្គឺ​រ​) បាន​នឹង​កំពុង​ដេញ​ពីក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​ដោយ​ឈរ​នៅ​លេខ​៤ មាន ២០​គ្រាប់ ស្មើគ្នា​ជាមួយ Ajayi Opeyemi Korede (​វិសាខា​) រកបាន ២០​គ្រាប់​។ បន្តបន្ទាប់​មកទៀត​មានដូចជា Athuheire Kipson (​ណាហ្គា​វើ​ល​) ១៩​គ្រាប់​។

*​អ្នកចាំទី​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន​ច្រើនជាងគេ (Clean-Sheets)
ងាក​មក​អ្នកចាំទី​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន​ច្រើនជាងគេ (Clean-Sheets) វិញ​សប្ដាហ៍ នេះ​មានការ​ប្រែប្រួល​បន្តិចបន្តួច​ដូចគ្នា ក្រោយ​មាន​អ្នកចាំទី ៣​រូប​បាន​បិទ​មិន​ឲ្យ​គូប្រកួត​រក​គ្រាប់​បាល់​បាន​នៅ​សប្ដាហ៍​នេះ​។

គិត​ត្រឹម​បច្ចុប្បន្ននេះ អ្នកចាំទី​របស់​ណាហ្គា​វើ​លដ៍ ស៊ូ យ៉ា​ទី នៅតែ​នាំមុខ​ដដែល ដោយ​អាច​ធ្វើ​បាន ១០​ដង​ក្រោយ​ខកខាន​នៅ​សប្ដាហ៍​នេះ​។ តាម​ពីក្រោយ ស៊ូ យ៉ា​ទី អ្នកចាំទី​របស់​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ អាំ សុវណ្ណារ៉ា​ត បាន​បង្កើន​មករ​ក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន ៩​ដង ខណៈ​ជា វណ្ណ​សាក់ (​វិសាខា​) បាន​ឡើងមក​រក្សាបាន ៥​ដង​ជាមួយ អឿន សំអាត (​គីរីវង់​សុខ​សែន​ជ័យ​) តាម​ពីក្រោយ​ដោយ សា​វែង សំណាង របស់​ភ្នំពេញ​ក្រោ​ន រក្សាបាន ៤​ដង​ដូចគ្នា ស្របពេល​អ្នកចាំទី​៥​នាក់ រួមមាន ហែម ស៊ី​ម៉ៃ (​អង្គ​រថា​យ​ហ្គឺ​រ​) អ៊ុំ វិចិត្រ (​ក្រសួងការពារជាតិ​) អា​ឡិច យូ (​បឹងកេត​) យុគ អៈ​អា​រី (​សូល​ទី​ឡូ​អង្គរ​) និង ហ៊ុល គឹម​ហ៊ុយ (​បឹងកេត​) ធ្វើបាន ៣​ដង។

*​កីឡាករ​បញ្ជូន​បាល​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ជ​ប់​ទី (Assist)
ដោយឡែក​ចំពោះ​កីឡាករ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន​ច្រើនជាងគេ បច្ចុប្បន្ន​នាំមុខ​ដោយ Sugiyama Joichiro របស់​អង្គ​រថា​យ​ហ្គឺ​រ ធ្វើបាន ១៤​ដង បន្ទាប់មក ប្រាក់ មុន្នី​ឧ​ត្ត​ម ជាមួយ Booysen Shane និង Park Song Chol ធ្វើបាន ១១​ដង​ដូចគ្នា នៅ​លេខ​រៀង​ទី​៥ គឺ​កីឡាករ ឃឺ​ម បុរី ធ្វើបាន ៨​ដង ផងដែរ​។

សូមបញ្ជាក់ថា សមិទ្ធផល​ពីរ កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ជាមួយ​អ្នកចាំទី​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន​ច្រើនជាងគេ គឺ​នឹងត្រូវ​បាន​កត់​ជា​កំណត់ត្រា​សម្រាប់​ជា​ពាន​លក្ខណៈ​បុគ្គល​ផងដែរ​នៅ​ចុងរដូវ​កាល​នៃ​លី​គ ដោយ​ក្នុងនោះ កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ នឹង​ទទួលបាន​ស្បែកជើង​មាស អម​ជាមួយ​ប្រាក់​លើកទឹកចិត្ត និង​អ្នកចាំទី​ការពារ​គ្រាប់​បាល់​បាន​ច្រើនជាងគេ ទទួលបាន​ស្រោមដៃ​មាស អម​ជាមួយ​ប្រាក់​លើកទឹកចិត្ត​ដូចគ្នា​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114