ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​សឹងតែ​ផ្លូវការ​ បានបញ្ជាក់​ពី​ភាពជាប់គាំង​ក្នុងការ​បោះឆ្នោត​អ៊ីស្រាអែល

លទ្ធផល​សឹងតែ​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​បានបញ្ជាក់​ពី​ភាពជាប់គាំង​នៅក្នុង​ការបោះឆ្នោត​សកល​របស់​ប្រទេស​អ៊ីស្រាអែល​ក្នុង​សប្តាហ៍​នេះ​ដោយ​លទ្ធផល​បាន​បង្ហាញថា គណបក្ស​របស់លោក Benny Gantz ទទួល​សំឡេង​ច្រើន​បំផុត​ប៉ុន្តែ​គ្មាន​ផ្លូវ​ច្បាស់លាស់​ដើម្បី​ឆ្ពោះទៅរក​ការបង្កើត​រដ្ឋាភិបាលចម្រុះ​សំឡេង​ភាគច្រើន​នោះទេ​។​

លទ្ធផល​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​អ៊ីស្រាអែល​បាន​បង្ហាញថា គណបក្ស Blue and White និយម​កណ្តាល​របស់លោក Gantz ទទួលបាន​៣៣​អាសនៈ​ក្នុងចំណោម​អាសនៈ​ទាំង​១២០​ខណៈ​គណបក្ស Likud ស្តាំនិយម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Benjamin Netanyahu ទទួលបាន​៣១​អាសនៈ​។​

គណៈកម្មាធិការ​នេះ​បាន​និយាយថា លទ្ធផល​ចុងក្រោយ​នឹងត្រូវ​បញ្ចេញ​នៅ​ថ្ងៃ​ពុធ​ហើយ​អាច​នឹងមាន​ការផ្លាស់ប្តូ​រ​មុនពេល​នោះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ គណៈកម្មាធិការ​និយាយ​ថា លទ្ធផល​នេះ​មិន​រាប់បញ្ចូល​ការិយាល័យ​បោះឆ្នោត​ចំនួន​១៤​កន្លែង​ដែល​ការផ្ទៀងផ្ទាត់​នៅតែ​កំពុងដំណើរការ​នៅឡើយ​នោះទេ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​រាយការណ៍​ថា នេះ​មានន័យថា ៩៩,៨​ភាគរយ​នៃ​សន្លឹកឆ្នោត​គឺ​ត្រូវបាន​រាប់​ហើយ​។​

គណបក្ស​ស្ថិតនៅ​លំដាប់​ទី​បី​គឺ​គណបក្ស Joint List ដែល​ទទួលបាន​១៣​អាសនៈ​បន្ទាប់មក​គឺ​គណបក្ស​ជ្វី​ហ្វ Shas ដែល​ទទួលបាន​៩​អាសនៈ​។ គណបក្ស​ជ្វី​ហ្វ​មួយទៀត​គឺ​គណបក្ស United Torah Judaism បានឈ្នះ​៨​អាសនៈ​ដូចជា​គណបក្ស​ជាតិនិយម Yisrael Beitenu របស់​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Avigdor Lieberman ដែរ​។​

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ការ​កាន់តំណែង​ដ៏​យូរអង្វែង​របស់លោក Netanyahu ស្ថិតក្នុង​ហានិភ័យ។ ប្រធានាធិបតី​អ៊ីស្រាអែល​លោក Reuven Rivlin គ្រោង​នឹង​ចាប់ផ្តើម​ការពិគ្រោះ​យោបល់​ជាមួយ​គណបក្ស​ទាំងអស់​ដែល​បាន​បោះឆ្នោត​ក្នុង​សភា​នៅ​ថ្ងៃអាទិត្យ​ដើម្បី​សម្រេច​ថា​តើ​អ្នកណា​ដែល​នឹងត្រូវ​ជ្រើសរើស​ដើម្បី​ព្យាយាម​បង្កើត​រដ្ឋាភិបាល​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114