ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម​តាម​ផ្លូវ​សាធារណៈ គ្រាន់តែ​ក្រឡេកឃើញ​ប៉ូលិស ជិះ​រត់​យក​ម៉ូតូ​ទៅ​ទុកចោល​ក្នុង​មន្ទីរពេទ្យ​ផ្លោះ​របង​រត់​គេចខ្លួនបាត់

ភ្នំពេញ ៖ មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម រហូត​សមត្ថកិច្ច​កំណត់​ភិនភាគ​បាន​បាន​ទៅដោយ​ស្គាល់​ស្លាក​លេខ​ម៉ូតូ​ច្បាស់ក្រឡែត ចៃដន្យ​ ខណៈ​សមត្ថកិច្ច​ជិះ​ល្បាត​តាម​ដង​ផ្លូវ​ប្រទះឃើញ​ភិនភាគ​ម៉ូតូ​ជនសង្ស័យ​ជាពិសេស​ស្លាក​លេខ​ម៉ូតូ​របស់​គេ​ហើយ​នោះ ប៉ុន្ដែ​គ្រាន់តែ​ជនសង្ស័យ​ក្រឡេក​ឃើញ​ប៉ូលិស​មុន ពួកគេ​បាន​បើក​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន គេច​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង រួច​ផ្លោះ​របង​រត់ចេញ​ក្រៅ​គេចខ្លួនបាត់​បន្សល់ទុក​ម៉ូតូ​១​គ្រឿង ។

សមត្ថកិច្ច​បាន​ប្រទះឃើញ ជនសង្ស័យ​មាន​គ្នា ២​នាក់​នេះ កាលពី​ព្រលប់ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខណៈដែល​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ល្បាត​ក្នុង​មូលដ្ឋាន ប្រទះឃើញ​ជនសង្ស័យ​២​នាក់ ជា​មុខសញ្ញា​តែងតែ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សាធារណៈ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៩ ពណ៌ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HL-2014 ជា​ស្លាក​លេខ ដែល​សមត្ថកិច្ច​កំពុង​តាម​ឃ្លាំមើល​ស្រាប់​ផង​នោះ គ្រាន់តែ​ក្រឡេក​ឃើញ​ប៉ូលិស​ភ្លាម ជនសង្ស័យ​ព្យាយាម​បន្ថែម​ល្បឿន​បើក​ម៉ូតូ​រត់គេច​ភ្លាមៗ​តែម្ដង។

ប្រភព​បន្ដ​ថា ពេលនោះ កម្លាំង​ប៉ូលិស​បានប្រកាស​តាម​វិទ្យុទាក់ទង ឲ្យ​ដេញ​តាម​និង​ពួនស្ទាក់ ជនសង្ស័យ បត់​ត្រឡប់​រត់​ចូលក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង​រួច​ទុក​ម៉ូតូ​ចោល ផ្លោះ​របង រត់គេច​ទៅ​បាត់ស្រមោល។ សមត្ថកិច្ច​បាន​ត្រឹមតែ​យក​ម៉ូតូ​របស់​ជនសង្ស័យ​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ និង​បន្ត​ការស្រាវជ្រាវ រក​ចាប់ខ្លួន​ជនសង្ស័យ ក្រែង​អាច​តាមរក​ឃើញ តែ​ប្រហែលជា​មិន​នៅ​ណា​ឆ្ងាយ​ទេ ព្រោះ​ពាក្យចាស់​តែ​ពោល​ថា ក្ដាមស្រែ​ណា​តែង​កាត់​សន្ទូង​ក្នុង​ស្រែ​នោះឯង៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114