ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងយុត្តិធម៌ ហៅ​ផែន​ការវិល​ត្រឡប់មក​កម្ពុជា​របស់​ទណ្ឌិត សម រង្សី គឺជា​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​អះអាងថា ក្រោយពី​ពិនិត្យ​តាមដាន និង​សិក្សា​ដោយ​យកចិត្តទុកដាក់​ទៅលើ​ករណី​មនុស្ស​មួយក្រុម នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អង្គការ​ខុសច្បាប់ បាន​មើលឃើញថា ផែន​ការដែល​ពួកគេ​រៀបចំឡើង ដើម្បី​វិល​ត្រឡប់មក​កម្ពុជា​រប​ស់​ទណ្ឌិត សម រង្សី នោះ គឺ​ពុំមែន​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះទេ ប៉ុន្តែ​គឺជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​កើតឡើង​ដោយ​ការបោះឆ្នោត​ស្របច្បាប់​។

សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ចុះ​ថ្ងៃទី​២០ ខែកញ្ញា បាន​លើក​ឡើង​ថា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ មាន​មនុស្ស​មួយក្រុម ក្នុងនាម​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អង្គការ​ខុសច្បាប់ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ទាក់ទង​ទៅនឹង​អ្វី ដែល​គេ​ហៅថា ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​របស់​ទណ្ឌិត សម រង្ស៊ី​។ អ្នកនាំពាក្យ​បញ្ជាក់ថា “​ក្រសួងយុត្តិធម៌​បាន​ពិនិត្យ​តាមដាន និង​សិក្សា ដោយ​យកចិត្តទុកដាក់​ចំពោះ​ករណី​ខាងលើនេះ និង​បាន​ពិនិត្យឃើញថា ផែនការ​ទាំង​មូលនៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្សី ខាងលើ​ពុំមែន​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះទេ ប៉ុន្តែ​គឺជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តាមរយៈ​ការប្រើប្រាស់​វិធី​ញុះញង់​អុជអាល​បំផុសបំផុល និង​ការប្រើ​ឧបាយកល​បោក​បញ្ឆោត ដើម្បី​អូសទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ និង​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ ឲ្យ​បះបោរ​តាម​រូប​ភាពជា​បដិវត្ត ដោយ​ហិង្សា ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។

បើតាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សកម្មភាព​ជុំវិញ​ផែនការ​ខាងលើនេះ គឺជា​អំពើ​វិទ្ធង្សនា ដែលជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។ យោងតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងយុត្តិធម៌​ពិនិត្យឃើញថា ទី​១- ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​បទឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្តន្ទាទោស​ក្រោម “​បទល្មើស​ឧបឃាត​” តាម​បញ្ញត្តិ​មាត្រា​៤៥១ និង​មាត្រា​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់ពន្ធនាគារ​ពី​១៥ ឆ្នាំទៅ​៣០ ឆ្នាំ ហើយ​ប្រសិនបើ​ជនល្មើស ជា​អ្នករាជការ​សាធារណៈ ទោស​សម្រាប់ “​បទល្មើស​ឧបឃាត​” នេះ ត្រូវដាក់​ពន្ធនាគារ​អស់​មួយជីវិត​។

ទី​២- ចំពោះ​រាល់​បុគ្គល​ទាំងឡាយ ដែល​ចូលរួម​នៅក្នុង​គម្រោងការ​នេះ​ត្រូវ​ជាប់ទោស​ពី​
“​បទល្មើស​រួមគំនិត​ក្បត់​” ដែលជា​បទឧក្រិដ្ឋ​មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់ពន្ធនាគារ​ពី​៥ ឆ្នាំទៅ​១០ ឆ្នាំ ហើយ​ទោស​នេះ ត្រូវ​បន្ថែម​ទម្ងន់​ដាក់ពន្ធនាគារ​ពី​១០​ទៅ​២០​ឆ្នាំ ប្រសិនបើ​ជនល្មើស គឺជា​អ្នករាជការ​សាធារណៈ​។ ដោយឡែក ចំពោះ​បុគ្គល​ណា​ដែល​បាន​ចូលរួម​ក្នុង​អំពើ​រួមគំនិត​ក្បត់​ខាងលើ ហើយ​បុគ្គល​នោះ បាន​សារភាព​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​សហការ​បង្ក្រាប​បទល្មើស​នេះ នឹងត្រូវ​ទទួល​បានកា​រ​លើកលែង​ឲ្យ​រួច​ផុតពី​ការទទួល​ទោស​ដោយ​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី​៣-​ការប្រើ​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់លំដាប់​ថ្នាក់ ដែល​គណបក្ស​
​នេះ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​ដោយ​សាលដីកា​ស្ថាពរ​លេខ ៣៤០ (​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​ខាងលើ គឺជា​ទង្វើ​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល​ផង ខុស​ទៅនឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផង និង​ខុស​ទៅនឹង​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​។​
​ទី​៤-​ផែនការ​នៃ​ការប្រឆាំង​នឹង​សន្តិសុខ​របស់​ប្រទេសជាតិ​ខាងលើ មិន​ត្រឹមតែ​ខុស​ទៅនឹង​​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​អាច​ខុស​ផងដែរ ទៅនឹង​ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ភេរវកម្ម អាស្រ័យ​ទៅតាម​ករ​ណ៍​ប្រព្រឹត្ត​ជាក់ស្តែង នីមួយៗ​។ ផ្អែកលើ​មូលដ្ឋាន​ផ្លូវច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាងលើ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ស្នើសុំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សូម​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត និង​តឹងរឹង​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​សន្តិសុខ​នៃ​រដ្ឋ​ខាងលើ ដើម្បី​ធានា​ការពារ និង​ថែរក្សា​សន្តិភាព ស្ថិរភាព​សង្គម និង​វិបុលភាព​របស់​ប្រទេសជាតិ ព្រមទាំង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។

ជាមួយគ្នា​នោះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អំពាវនាវ​ឲ្យ​មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ចាញ់​ឧបាយកល​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន ដែល​អាច​នាំ​ឲ្យ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់ ដែល​ត្រូវ​មានទោស​ធ្ងន់ធ្ងរ​តាមច្បាប់ និង​សូម​ចូលរួម​ប្រឆាំង​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ជាតិ​ខាងលើនេះ ដោយ​សហការ​រាយការណ៍​អំពី​ផែនការ​ក្បត់​ខាងលើ និង​មុខសញ្ញា​ពាក់ព័ន្ធ ជូនទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ឈានទៅ​ចាត់វិធានការ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។​
​គួររំលឹកថា ថ្មីៗ​នេះ មនុស្ស​មួយក្រុម​ដែល​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ខាងលើនេះ បានប្រកាស​អំពី​ផែន​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​ផែនការ​ទាំងនោះ មាន​ទាំង​ការ​កែន​មហាជន​ឲ្យ​ងើបឡើង​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់​, ការប្រមូល​កម្លាំង​កង​ទ័ព​, ប្រមូល​លុយ​ចិញ្ចឹម​ទ័ព និង​ផែនការ​មួយចំនួនទៀត ដែលជា​អាច​សន្និដ្ឋានបានថា ជា​ផែនការ​មួយ ធ្វើឡើង​ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​កើតឡើង​ពី​ការបោះឆ្នោត ដោយ​ស្របច្បាប់៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114