ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​ក្រុម​កំពូល​តារាង​លី​គ ព្រះខ័ន​រាជ​ស្វាយរៀង ទុក​ការប្រកួត​ជាមួយ វិសាខា ចុង​សប្ដាហ៍​នេះ​ជាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន អំពី​ការប្រកួត​ក្នុង​សប្តាហ៍​ទី​២៣ ទល់នឹង​ក្រុមបាល់ទាត់​វិសាខា នៅ​ថ្ងៃអាទិត្យ ទី​២២ ខែកញ្ញា ឆ្នាំ ២០១៩ ថា​ជាការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។

ការប្រកួត​រវាង ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ ក្រុមបាល់ទាត់​វិសាខា គឺ​ត្រូវបាន​ចាត់ទុកថា​ ជា​ការ​ប្រកួត​មួយ​ដែល​នឹង​ជក់ចិត្ត​ជាងគេ​បង្អស់​ត្បិត​ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខា គឺជា​ក្រុម​ពីរ​ដែល​នៅសល់​ឱកាស​ប្រជែង​គ្នា​ក្នុង​ការដណ្ដើម​ជើងឯក​លី​ក​កំពូល​កម្ពុជា រដូវ​កាល ២០១៩ នេះ​។​

នៅមុន​ការប្រកួត​មកដល់ លោក Conor Nestor បាន​លើកឡើង​ថា «​យើង​កំពុង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​មួយទៀត​គឺ​ដូចគ្នា គឺ​ប្រៀប​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ជាមួយ​វិសាខា ចុង​សប្ដាហ៍​នេះ បើសិនជា​យើង​ឈ្នះ​ពាន​អាច​នឹង​ជា​របស់​យើង ពីព្រោះ​កីឡាករ​របស់​យើង​កំពុងធ្វើការ​យ៉ាង​ធ្ងន់ ជាមួយនឹង​កីឡាករ​ល្អៗ​របស់​យើង ប៉ុន្តែ​បើ​យើង​ចាញ់​ការប្រកួត​នេះ យើង​នៅមាន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដទៃទៀត ហើយ​ក្នុង​ភាពជា​អាជីព នៅក្នុង​បាល់ទាត់ យើង​មិន​ខ្វល់​ថា​ចាញ់​យ៉ាងណា​នោះទេ យើង​ត្រូវតែ​រៀបចំ​ឲ្យ​បានល្អ​ដើម្បី​ជ័យជម្នះ នេះ​គឺជា​អ្វីដែល​យើង​គិត​នៅ​ចុង​សប្ដាហ៍​នេះ​។​»

សូម​បញ្ជាក់​ថា ព្រះខ័ន​រាជ​ស្វាយរៀង ទើបតែ​ឈ្នះ ភ្នំពេញ​ក្រោ​ន ដោយ​បាល់​កាត់សេចក្ដី ១១​ម៉ែត្រ នៃ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​អាច​មានឱកាស​ឈ្នះ​ពានរង្វាន់ ២​ក្នុង​រដូវ​កាល ២០១៩ នេះ​។

ងាក​មក​តារាង​ចំណាត់ថ្នាក់​វិញ​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង មាន​៥៨​ពិន្ទុ ខណៈ​វិសាខា វិញ​ឈរ​នៅ​លេខ​២ ដោយ​មានតែ ៥០​ពិន្ទុ ពោល​គឺមាន​គម្លាត​ពីគ្នា ៨​ពិន្ទុ​ដែល​ត្រូវ​ប្រជែង ខណៈ​ប្រកួត​នេះ​បើ ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​យកឈ្នះ នោះ​នឹង​បន្ថែម​គម្លាត​ដល់ ១១​ពិន្ទុ ដែល​នាំ​ឲ្យ​ឱកាស​លើក​ពាន​កាន់តែ​កៀក​ត្បិត​ការប្រកួត​នៅសល់តែ ៣​ប្រកួត និង​ត្រូវការ​តែ​ស្មើ ១​ប្រកួត​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​បើ ព្រះខ័ន​រាជ​ស្វាយរៀង ក៏​អាច​នៅមាន​ឱកាស​អ៊ុត​នៅ​ប្រកួត​បន្ទាប់​ផងដែរ​។​

សូម​រំលឹកថា ជំនួប​រវាង​ព្រះខ័ន​រាជ​ស្វាយរៀង ទល់នឹង វិសាខា កាលពី​ជើង​ទី​១ គឺ​បញ្ចប់​ទៅដោយ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ ៥​ទល់​៣ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង។

ដោយឡែក​ការប្រកួត​ថ្ងៃ​ជើង​ទី​២ រវាង​ក្រុម​ទាំងពីរ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ វិញ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៦​និង​០០ នាទី​ល្ងាច នា​កីឡដ្ឋាន​វិសាខា​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114