ព័ត៍មានទាន់​ហេតុការណ៏
Search

បច្ចុប្បន្ននេះ អគ្គិសនី​កម្ពុជា​បាន​ពង្រាយ​ទៅដល់​តាម​ភូមិឋាន​ប្រជាពលរដ្ឋ​បាន​ជាង​៩០​ភាគរយ​ហើយ​នៅ​ទូទាំងប្រទេស

ភ្នំពេញ ៖ នាបច្ចុប្បន្ន​នេះ អគ្គិសនី​កម្ពុជា​បាន​ពង្រាយ​ទៅដល់​តាម​ភូមិឋាន​ប្រជាពលរដ្ឋ​បាន​ជាង​៩០​ភាគរយ​ហើយ នៅ​ទូទាំង​ប្រទេស ។​ ដូច្នេះ​ទេ បើ​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន​តម្លៃ​ភ្លើង​ថេរ និង​ថោក​សមរម្យ ត្រូវ​រួមគ្នា​ថែរក្សា​ការអភិវឌ្ឍ​និង​សន្តិភាព​អោយបាន​គង់វង្ស។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កែវ រតនៈ ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អតីតមន្ត្រី​អគ្គិសនី ចូលនិវត្តន៍​ជាង ៦០០​នាក់ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​អគ្គនាយកដ្ឋាន​អគ្គិសនី​កម្ពុជា។

លោក កែវ រតនៈ​បាន​លើក​ឡើង​ថា អគ្គិសនី​កម្ពុជា​នឹង​មិនមាន​បញ្ហា​បន្ត​ទៀត​នោះ​ឡើយ​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​ដោយ​កម្ពុជា​បាន​ទិញ​ពី​ប្រទេសជិតខាង​សម្រាប់​ផ្គត់​ផ្គង​និង​បន្ត​ពង្រាយ​បណ្តាញ​ខ្សែភ្លើង​ជាតិ​នៅ​គ្រប់​ភូមិ​ទាំងអស់​នាពេលខាងមុខ​នេះ​ផងដែរ​។

ក្នុង​ឱកាស​នោះ​ដែរ លោក កែវ រតនៈ ក៏បាន​លើកឡើង​អំពី​គុណ​បំណាច​របស់​អតីតមន្ត្រី ចូលនិវត្តន៍​ផង​ដែរ​ដោយ លោក​អះអាងថា ប្រសិនបើ​គ្មាន​ពួកគាត់​ក៏​វិស័យ​អគ្គិសនី​គ្មាន​ការ​អភិវឌ្ឍ​រហូតដល់​សព្វថ្ងៃ​នេះដែរ​។ យ៉ាងណាក៏ដោយ លោក​អគ្គនាយក​ក៏បាន​អំពាវនាវ​ដល់ មន្ត្រី​ចូលនិវត្តន៍​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​នៅ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​នេះ​បន្តទៀត។

លោក កែវ រតនៈ បាន​លើក​ឡើង​ទៀត​ថា និវត្តជន​អគ្គីសនី ដែល​បាន​ចូលរួម​ក្នុង​ឱកាស​នេះ គឺជា​វីរជន​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​បំផុត​ក្នុង​វិស័យ​ថាមពល និង​វិស័យ​អគ្គីសនី​កម្ពុជា​ជាច្រើន​ឆ្នាំ ដែល​បាន​ធ្វើ​អោយ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ វិស័យ​អគ្គីសនី​កម្ពុជា​បាន​ចាប់​ផ្តើម​ពី​ចំណុចសូន្យ រហូតមកដល់​បច្ចុប្បន្ន វិស័យ​អគ្គីសនី អាច​ចាប់​ទុក​បាន​ថា មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គឺ​កើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​អគ្គីសនី​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។

លោក​បានលើកឡើង​ទៀត​ថា សម្រាប់​មន្ត្រីរាជការ​រ​បស់​អគ្គីសនី​កម្ពុជា ដែល​បាន​ចូលខ្លួន​មក​បម្រើការ​លើ​វិស័យនេះ ចាប់ផ្តើម​ពីមួយថ្ងៃ គឺជា​គ្រួសារ​របស់​អគ្គីសនី​កម្ពុជា​មួយជីវិត ទោះបីថា​ជា​បាន​ចូលនិវត្តន៍​ក៏ដោយ គឺ​មានការ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​ជា​រៀង​រហូត គ្មាន​ថ្ងៃ​បំភ្លេច។ ជាមួយគ្នា​នោះដែរ លោក កែវ រតនៈ ក៏បាន​ធ្វើការ​លើកឡើង​ចំពោះ​ការវិវត្តន៍​របស់​អគ្គីសនី​កម្ពុជា​សព្វថ្ងៃ​ថា កន្លងមក​អគ្គីសនី​កម្ពុជា បានរៀបចំ​ឲ្យ​មាន​ក្រុម​អគ្គីសនី​រូបនីយកម្ម​ជនបទ ដែលជា​ក្រុម​បម្រើការ​ក្នុងការ​ឧបត្ថម្ភ​ធុន ដែល​បាន​ទំលាក់​កញ្ចប់​ថវិការ​ជិត​១០០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​មួយឆ្នាំ សម្រាប់ធ្វើ​ការសម្រួល​តម្លៃ​អគ្គីសនី សំរាប់​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​មាន​តម្លៃ​សមរម្យ​នៅ​ទូទាំងប្រទេស ដែល​បានធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា មានការ​បន្ត​កើនឡើង​ក្នុង​កំរិត ៧​ភាគរយ​នៅក្នុង​មួយឆ្នាំ។ ជាង​នេះ​ទៅ​ទៀត កាលពីពេល​ថ្មីៗ អគ្គីសនី​កម្ពុជា បានធ្វើការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន លើ​វិស័យ​អគ្គីសនី ជាមួយ​ប្រទេស​ឡាវ ដោយនៅ​ចុងខែ​៩ ឆ្នាំ​២០១៩​នេះ អគ្គីសនី​កម្ពុជា និង​ធ្វើ​ការរៀបចំ​ឲ្យ​មាន​ការ​តភ្ជាប់​នៅ កំរិត​តុង​ស្យុ​ង​ខ្ពស់​ពី​ឡាវ​មកដល់​ភ្នំពេញ ដែលមាន​កម្លាំង​៥០០​មេ​ហ្គា​វ៉ា​ត់ ពី​បណ្តាញ​វា​រី​អគ្គីសនី​ខេត្ត​អាន់​តា​ពើ ប្រទេស​ឡាវ សម្រាប់​ផ្គត់ផ្គង់​ថាមពល​បន្ថែមទៀត ក្នុងការ​បំពេញ​តម្រូវការ​នៃ​ការប្រើប្រាស់​ថាមពលអគ្គីសនី​របស់​កម្ពុជា ដែល​កំពុង​អភិវឌ្ឍន៍​រីក​ចំ​យ៉ាងខ្លាំង​នេះ ។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ នៅ​ចុងឆ្នាំ​២០២៤ អំឡុង​ខែតុលា អគ្គីសនី​កម្ពុជា​និង​គ្រោង​យក​អគ្គីសនី​ដើរ​ដោយ​កម្លាំង​ថាមពល​ធ្យូងថ្ម ចំនួន​២ ពី​ប្រទេស​ឡាវ ដោយ​ទី​១ មាន​ចំនួន​៦០០​មេ​ហ្គា​វ៉ា​ត់ និង​ទី​២ ចំនួន​១២០០​មេ​ហ្គា​វ៉ា​ត់​ផងដែរ។

ជាមួយគ្នា​នោះដែរ លោក កែវ រតនៈ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ផង​ដែរ ដើម្បី​ឲ្យ​តម្លៃ​ភ្លើងអគ្គិសនី​កាន់តែ​ថោក​និង​ថេរ រួមទាំង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដោយ​គ្មាន​បញ្ហា​អ្វី​បន្តទៀត​នោះ​ឡើយ​។

លោកស្រី ដួង វ​ណ្ណី តំណាង​និវត្តជន​អគ្គីសនី បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា ដែល​តែងតែ​ផ្តល់​ឱកាស​ឲ្យ​និវត្តជន​ទាំងអស់ បាន​ជួបជុំគ្នា ដើម្បី​អាច​សាកសួរ​សុខទុក្ខ​គ្នា ទៅវិញទៅមក រៀងរាល់​១​ឆ្នាំ​ម្តង​។ និវត្តជន​ទាំងអស់ បានធ្វើការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ដែល​ជា​អគ្គីសនី​កម្ពុជា​ជំនាន់​ក្រោយ​ទាំងអស់ ដែល​បាន​ធ្វើ​អគ្គិសនី​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍន៍​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ទាំង​ផ្នែក​សេវា​អតិថិជន ធ្វើ​ប្រជាជន​ស្ទើរ​ទូទាំង​ប្រទេស​មាន​ភ្លើង​ប្រើ​គ្រប់គ្រាន់​មានគុណ​ភាព​ល្អ និង​ថ្លៃ​សមរម្យ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ជួបជុំ​និវត្តជន​អគ្គិសនី​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ លោក កែវ រតនៈ បាន​បំពាក់​មេដាយ​ការងារ និង​ប័ណ្ណ​សរសើរ ជាមួយនឹង​ការឧបត្ថម្ភ​ថវិកា ជូន​ដល់​និវត្តជន​របស់​អគ្គីសនី​កម្ពុជា ចំនួន​៦២៥នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៩០​ម៉ឺន​រៀល៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114