ព័ត៍មានទាន់​ហេតុការណ៏
Search

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បើក​វេទិកា​តុមូល​ស្តី​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ

ភ្នំពេញ ​៖​ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (​ស​.​វ​.​ស​)​ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​បាន​បើក​វេទិកា​តុមូល​ស្តី​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មានប្រសាសន៍ថា​វេទិកា​តុមូល​ស្តីពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​នេះ​ ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្លាស់ប្តូរ​យោបល់​ចែករំលែក​បទពិសោធន៍​រវាង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ក្នុង​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ដែល​កំពុង​ធ្វើ​ការ​ងារ​បង្ការ​ទប់​ស្កាត់​ថែទាំ​ និង ​ព្យាបាល​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​និង​អន្តរាគមន៍​សំដៅ​ឈានទៅរក​ការ​លុប​បំបាត់​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស​ពិសេស​កុំ​ឲ្យ​ជំងឺ​នេះ​បន្ត​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​បន្តទៀត​។

លោក​សាស្ត្រាចារ្យ​បាន​បន្តថា​ វេទិកា​តុមូល​នេះ​ នឹង​មាន​បទ​បង្ហាញ​ចំនួន​៦​នឹង​មាន​កិច្ចពិភាក្សា​លើ​ប្រធានបទ​ចំនួន​៣​គឺ​ទី​១​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​តាមរយៈ​ការផ្សារ​ភ្ជាប់​យុទ្ធសាស្ត្រ​បង្ការ​ជាមួយ​យុទ្ធសាស្ត្រ​ថែទាំ​ និង ​ព្យាបាល​ទី​២ ​តើ​យើង​ត្រូវការ ការ​សិក្សា​ស្រាវជ្រាវ​អ្វីខ្លះ ​ដើម្បី​ផ្តល់​ភស្តុតាង​សម្រាប់​វិទ្យាសាស្ត្រ​សម្រាប់​ជួយ​រៀបចំ​និង​អនុវត្ត​យុទ្ធសាស្ត្រ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​និង​ទី​៣​ តើ​យើង​មាន​យុទ្ធសាស្ត្រ​យ៉ាងណា​ដើម្បី​កៀរគរ​ធនធាន​សម្រាប់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​នៅ​កម្ពុជា​ឲ្យ​បាន​ជោគជ័យ​។

លោក​សកលវិទ្យាធិការ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដែល​តែងតែ​បាន​ជួយ​ណែនាំ​លើកទឹកចិត្ត​និង​គាំទ្រ​ដល់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ក្នុង​ការ​រៀបចំ​នូវ​ការងារ​ស្រាវជ្រាវ​ក៏ដូចជា​វេទិកា​វិទ្យាសាស្ត្រ​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​សកលវិទ្យាល័យ​ក្លាយ​ជា​សេនាធិការ​យ៉ាង​ពិត​ប្រាកដ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​ប្រមូល​ផ្តុំ​នូវ​ភស្តុតាង​វិទ្យាសាស្ត្រ​ផ្សេងៗ​សម្រាប់​ធ្វើ​នូវ​ធាតុ​ចូល​នៃ​ការសម្រេចចិត្ត​ក្នុង​ការ​ធ្វើ​យុទ្ធសាស្ត្រ​និង​គោល​នយោបាយ​សុខាភិបាល​ផង​ និង ​ជា​កន្លែង​បណ្តុះបណ្តាល​ដល់​ពលករ​សុខាភិបាល​នា​ពេល​អនាគត​ផង​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ស្នើ​ឲ្យ​វេទិកា​តុមូល​ពិភាក្សា​គ្នា​ថា តើ​កម្ពុជា​យើង​កំពុង​ស្ថិតនៅ​ស្ថានភាព​ណា​? តើ​យើង​មានលទ្ធភាព​អនុវត្ត​នូវ​យុទ្ធសាស្ត្រ និង​គោលដៅ​ខាងលើ បាន​កម្រិត​ណា​ក្នុង​បរិបទ​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដោយ​ពិភាក្សា​ជាពិសេស​លើ​យុទ្ធសាស្ត្រ​ក្នុង​ការ​លុបបំបាត់​ជំងឺ​រលាក​ថ្លើម ប្រភេទ សេ​។ តើ​យើង​ត្រូវការ​កែសម្រួល​អ្វីខ្លះ​? តើ​យើង​ត្រូវការ​ធនធាន​អ្វីខ្លះ​?​ហើយ​តើ​យើង​នឹង​អាចជួយ​សង្គ្រោះ​ជីវិត​និង​សន្សំ​ធនធាន​បាន​កម្រិត​ណា​?​ព្រោះថា ​លទ្ធផល​ដែល​បានមកពី​កិច្ចពិភាក្សា​វេទិកា​តុមូល​ពេលនេះ​នឹង​ក្លាយជា​ធាតុ​ចូល​យ៉ាងសំខាន់​សម្រាប់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស​។

ជាមួយគ្នានេះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​ត្រូវ​ធ្វើ​យ៉ាង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ចំនួន​៥ នៅ​ត្រឹម​ឆ្នាំ​២០៣០ ដែល​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ក្នុងនោះ​រួមមាន ទី​១​ការ​ផ្តល់​វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ ចំនួន​បី​លើក ដល់​កុមារ​ឲ្យ​បាន ៩០% ។ ​ទី​២​ការ​ការពារ​ការ​ចម្លង​ពី​ម្តាយ​ទៅ​កូន​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ ឲ្យ​បាន ៩០%។

ទី​៣​សុវត្ថិភាព​ឈាម​ឲ្យ​បាន ១០០% និង​សុវត្ថិភាព​នៃ​ការ​ចាក់​ថ្នាំ​ឲ្យ​បាន​១០០% ។​ ទី​៤​ការផ្តល់ជូន​សេ​រ៉ាំ​ង និង​ម្ជុល​ដែល​មាន​សុវត្ថិភាព​ជូន​ដល់​អ្នកប្រើប្រាស់​ថ្នាំញៀន​ដោយ​ចាក់ ឲ្យ​បាន ៣០០ ក្នុង​ម្នាក់ៗ ក្នុង​មួយឆ្នាំ​និង​ទី​៥ ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ និង​សេ ឲ្យ​បាន ៩០% និង​ព្យាបាល​អ្នក​ដែល​ត្រូវការ​ការព្យាបាល​ឲ្យ​បាន ៨០%។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ប្រសិនបើ​គោលដៅ​ទាំង​៥​ខាងលើ ត្រូវ​បាន​សម្រេច​ដោយ​ជោគជ័យ ពិភពលោក​យើង​នឹង​អាច​កាត់បន្ថយ​ករណី​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ថ្មី​បាន ៩០% និង​កាត់បន្ថយ​ការស្លាប់​ដោយ ជំងឺ​រលាក​ថ្លើម​បាន ៦៥%​។

លោក​រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​លទ្ធផល​ដែល​ទទួល​បាន​ពី​វេទិកា​នេះ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រសួងសុខាភិបាល និង​ដៃគូ​អភិវឌ្ឍ​នានា យក​មក​ធ្វើជា​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ​និង​អន្តរាគមន៍​ដើម្បី​ឈាន​ទៅ​រក​ការ​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ជំងឺ​នេះ​បន្ត​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​បន្តទៀត​។

គួរ​បញ្ជាក់​ថា ​វេទិកា​តុ​មូល​ស្តី​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​នេះ​ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​សហការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បារាំង​ដែល​បាន​ផ្តល់​ថវិកា​សម្រាប់​ការរៀបចំ​វេទិកា​នេះ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114