ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ា​ទឹកកក​ប្រមាណ​ជិត ៥០០ គីឡូក្រាម បាន​ធ្លាក់​ចេញពី​រថយន្ត ពេល​ជួប​គ្រោះថ្នាក់​នៅ​ខេត្ត ភិត​បុរី

ប្រទេស​ថៃ ៖ ការភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ព្រមទាំង​បានធ្វើអោយ​ក្រុម​តម្រួត​ថៃ ឡោមព័ទ្ធ​ជុំជិត​ត្រង់​កន្លែងកើតហេតុ បន្ទាប់ពី​មាន​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង​បាន​ជួបនឹង​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បាន​ធ្លាក់​នូវ​ការុង​ដែល​ខាងក្នុង​សុទ្ធសឹង​ជា​ប្រភេទ​គ្រឿងញៀន​ទាំងអស់។

យោង​តាម​ប្រភព​សារព័ត៌មាន​ថៃ ដែល​បាន​រាយ​ការណ៍​បឋម​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង​៤២ នាទី យប់​ថ្ងៃទី​២០​ ខែ កញ្ញា ឆ្នាំ ២០១៩ លើ​កំណាត់​ផ្លូវ​ក្រោម​ស្ពាន ត្រង់ចំណុច​ផ្លូវ​ចូលទៅ​ស្រុក​ភិត​បុរី។

ព័ត៌មាន​បាន​បន្តថា ក្រោយពី​មានការ​ចុះ​ត្រួតពិនិត្យ ពី​សំណាក់​ក្រុម​តម្រួត​ថៃ​គេ​​សង្កេត​ឃើញថា មាន​រថយន្ត​ប្រភេទ​កង់ ១០ មួយគ្រឿង ពាក់​ស្លាក​លេខ​ណា​ខន​ប៉ា​ធុម ៧២-៣១៨៦ ដែល​គេ​សន្និដ្ឋានថា អាចមាន​ការ​បើកបរ​ក្នុង​ល្បឿន​លឿន ម្យ៉ាង​ទើបនឹង​មាន​ភ្លៀង​ធ្លាក់​រួច​ថ្មីៗ បាន​ធ្វើអោយ​ផ្លូវ​មាន​សភាព​រអិល​ និង​ធ្វើអោយ​រថយន្ត​រេ​ចង្កូត​ចេញពី​ផ្លូវ ទៅ​បុក​នឹង​បង្គោល​ភ្លើង​ដែល​នៅ​កណ្តាល​ទ្រូងផ្លូវ បង្ក​អោយ​អ្នកបើកបរ និង​អ្នក​រួមដំណើរ​រងរបួស​ធ្ងន់​ទាំង ២ នាក់។

នៅក្នុង​ករណីនេះ​ដែរ ទំនិញ​ដែល​គេ​ផ្ទុក​នៅក្នុង​ទ្រុង​រថយន្ត ដែល​ក្នុងនោះ​គេ​សង្កេត​ឃើញ​ជា​ប្រភេទ​ការុង​ជី បាន​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ ព្រមទាំង​មាន​ការុង​ខ្លះ បែកធ្លាយ​ចេញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ​ផងដែរ ទើប​ធ្វើអោយ​មានការ​ភ្ញាក់ផ្អើល។

ក្រោយពេល​ត្រួតពិនិត្យ​គឺ ការុង​ថ្នាំញៀន ​ដែល​ដាក់​បន្លំ​ជាមួយ​ការុង​ជី មាន​ចំនួន ១៦ ការុង ក្នុង​មួយ​ការុង​មាន​ទម្ងន់ ៣០ គីឡូក្រាម ដោយសារ​មានការ​បែកធ្លាយ​អស់​ខ្លះ ទើប​ថ្នាំញៀន​ទាំង​នៅសល់ ជាង ៤៧០ គីឡូក្រាម ហើយ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នាំយក​ទៅកាន់​អង្គភាព​ដើម្បី​សាកសួរ​ព័ត៌មាន ក្រោយពី​ជនសង្ស័យ​ទាំង ២ នាក់ ព្យាបាល​របួស​រួច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114