ព័ត៍មានទាន់​ហេតុការណ៏
Search

ឡាន​ដឹក​ខ្សាច់​ជាប់​ផុង​ខូច​ផ្លូវ​កៅស៊ូ​ទើបនឹង​ធ្វើ​ថ្មី គឺជា​ប្រធានបទ​ក្តៅ​ថ្មី​សម្រាប់​ខេត្ត​សៀមរាប

សៀមរាប​ ៖​ អាជ្ញាធរ​ខេត្តសៀមរាប បាន​ហៅ​ម្ចាស់​ឡាន​ដឹក​ខ្សាច់​ស៊េរី​៥​តោន​ដែល​បាន​បើកបរ​លើផ្លូវ​៣០​ម៉ែត្រ ទើបនឹង​ធ្វើ​រួច​បណ្តាល​ឲ្យ​ផុង​ស្រុត​បែក​ថ្នល់​កៅស៊ូ​អស់នោះ​ទៅ​សួរនាំ​នៅ​សាលាខេត្ត​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឡាន​ខាងលើនេះ ធ្វើ​សង​វិញ។

ហេតុការណ៍​រថយន្ត​ដឹក​ខ្សាច់​កិន​ខូច​ផ្លូវ​នេះ​ដែរ​ កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា ​ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តាយ​ផ្លូវ​៣០​ម៉ែត្រ ក្នុង​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ករណី​ខូច​ផ្លូវ​នេះ​សមត្ថកិច្ច​ជំនាញ​ បាន​ទទួល​បទបញ្ជា​​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យ​អូស​ឡាន​ដឹក​ខ្សាច់​ខាងលើ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់។

មន្ត្រី​ដដែល​បន្តថា ផ្លូវ​ខូច​នោះ​មាន​ប្រវែង​៣៦,៥​ម៉ែត្រ​និង​ផុង​ខូច​កៅស៊ូ​មាន​ជម្រៅ​០,៥​ម៉ែត្រ ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​។​ មន្ត្រី​បន្តថា ចំពោះ​អ្នកបើកបរ​ ត្រូវបាន​នាំខ្លួន​យកទៅ​សួរ​នាំនៅ​សាលាខេត្ត​ដើម្បី​មាន​ចំណាត់​ការបន្ត។

មន្ត្រី​បន្ថែមថា ឈ្មោះ​អ្នកបើកបរ​និង​ក្រុមហ៊ុន​ដឹក​ខ្សាច់​នៅ​មិនទាន់​ដឹង​នៅឡើយ គ្រាន់តែ​ដឹងថា​អ្នកបើកបរ​នោះ​ជា​យោធា នៅ​កងពលធំ​អន្តរាគមន៍​លេខ​២ ហើយ រថយន្ត​នោះ​មាន​ស្លាក​លេខ បាត់ដំបង​3A.0648។

អភិបាលរង​ខេត្តសៀមរាប និង​ជា​អ្នកនាំពាក្យ​នៃ​ខេត្តសៀមរាប គឺ​លោក លី សំរិទ្ធ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​២០​​​ថា ពេលនេះ​អាជ្ញាធរ​ខេត្ត​បាន​ហៅ​អ្នកទទួលការ​ហ្នឹង​មក​ធ្វើ​ឡើងវិញ ព្រោះ​ផ្លូវ​នេះ​ធ្វើ​មិនទាន់​រួចរាល់​នៅឡើយ​ទេ​។​

លោក​បន្តថា ចំពោះ​អ្នកបើកបរ​នោះ​ ខាង​ខេត្ត​ក៏បាន​ហៅ​មកជួប​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ផងដែរ​។​ លោក​បន្ថែមថា រាល់​ឡានធំៗ​ចូលក្នុង​ក្រុង​សៀមរាប​បាន​រាល់ថ្ងៃនេះ អាជ្ញាធរ​ចម្រុះ​បានដាក់​ស្លាក​សញ្ញា​ហាមឃាត់​ដែរ​ តែ​ពួកគេ​ចេះតែ​បំពាន​។​

លោក​បន្ថែមថា ចឹ​ង​ទេ​អាជ្ញាធរ​ទាំងអស់​ត្រូវ​រួមគ្នា​ចាត់ការ​រឿងនេះ​ដោយ​ជួយ​មើលគ្នា​ផង ព្រោះ​ខេត្ត​និង​ជំនាញ​មិនអាច​មើល​គ្រប់កន្លែង​បានទេ​។​ លោក​ថា ចាប់ពី​ភូមិ ឃុំ​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ទើប​កិច្ចការ​នេះ​ទទួលបាន​ជោគជ័យ​។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើនេះ គឺជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន​អេង​សុ​ហ្គិ​ច ដែល​ជា​ស្ត្រី​ជើង​ខ្លាំង​អ្នកជំនួញ​បូម​ខ្សាច់ និង​កាយ​ថ្មភ្នំ លក់​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​ខេត្តសៀមរាប ដែល​គ្មាន​នរណាម្នាក់​ហ៊ាន​ប៉ះពាល់​នោះទេ ដោយ​គេ​ខ្លាច​អំណាច​របស់​ឪពុក អតីត​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​។​

ប្រភព​បន្តថា ផ្លូវ​នេះ​គឺ​អាជ្ញាធរខេត្ត​ជា​អ្នកទទួលខុសត្រូវ​ឲ្យ​ក្រុមហ៊ុន​មួយ ជា​អ្នក​ស្ថាបនា​ផ្លូវ​នេះ តែ​គេ​ឃើញ​ធ្វើ​បានតែ​ជិត​៣​ខែ​ក៏​ខូច​បណ្តើរៗ​ទៅហើយ​។​ ប្រភព​បន្តថា នៅក្នុង​ខេត្តសៀមរាបបច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ទទួល​ធ្វើ​ផ្លូវ​ជាច្រើន ឯ​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត មិនសូវ​បាន​ម៉ៅការ​ធ្វើ​ផ្លូវ​នោះទេ​។ ​ប្រភព​បន្តថា គេ​ធ្វើ​ផ្លូវ​ឥឡូវ​ចំណេញ​ច្រើនណាស់​។​

ជុំវិញ​ប្រភពព័ត៌មាន ខាងលើ​ដែល​បានលើកឡើង​បែបនេះ​ក្តី ក៏​គេ​ឃើញ​អាជ្ញាធរខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ នៃ​ខេត្តសៀមរាប បាន​ប្រឹងប្រែង​និង​កំពុង​ជួសជុល​និង​កែលម្អ​ ផ្លូវ​ឲ្យ​បានល្អ​ប្រសើរ​ដែរ បើទោះបីជា​មានការ​រិះគន់​ពី​សំណាក់​មហាជន​យ៉ាង​ចាស់ដៃ​យ៉ាងនេះ​ក្តី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114