ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃ​២៣​កញ្ញា កាត់ទោស​មេ​ភេរវក​សោម ឯក មួយ​ករណី​ទៀត

ភ្នំពេញ ៖ ទណ្ឌិត​ជន សោម ឯក មេ​ភេរវក​មួយរូប​ ដែល​កំពុង​អនុវត្ត​ទណ្ឌកម្ម​ទោស​ក្នុង​ពន្ធនាគារ​៤៦​ឆ្នាំ តាម​សេចក្ដីសម្រេច​របស់​តុលាការ​ជាច្រើន​សំណុំរឿង​បទឧក្រិដ្ឋ នឹងត្រូវ​តុលា​ការលើក​យក​មក​កាត់ទោស​សំណុំរឿង​ឧក្រិដ្ឋ​មួយ​ករណី​ទៀត​ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បានឲ្យ​ដឹងថា លោក​ចៅក្រម យិន សារឿន ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ នឹង​ដឹកនាំ​ការកាត់ទោស​ទណ្ឌិត សោម ឯក នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​២៣​ ខែ​កញ្ញា​នេះ។ ចំពោះ​សំណុំរឿង​ដែល​តុលាការ​លើក​យក​មក​កាត់ទោស​សោម ឯក គឺ​បទល្មើស​ប្លន់​ដោយ​ប្រើ​ដាវ​ ដើម្បី​ពិឃាដ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ស្លាប់។ ប្រសិនបើ​តុលាការ​រកឃើញ​កំហុស​ថា ​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ប្លន់​នោះ​មែន នោះ​តុលាការ​នឹង​ផ្ដន្ទាទោស​បន្ថែម​ទៀត។

បច្ចុប្បន្ន​នេះ ទណ្ឌិត​សោម ឯក ត្រូវ​បាន​អនុវត្ត​ទណ្ឌកម្ម​ទោស​រយៈពេល​៤៦​ឆ្នាំ ដោយ​ការប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ​ជាច្រើន​ដូចជា ចូលរួម​ក្នុង​ចលនា​តស៊ូ​ក្បាល​ខ្លា បទល្មើស​ភេរវកម្ម ដាក់​គ្រាប់បែក​បំផ្ទុះ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម។ ករណី​ដាក់​គ្រាប់បែក​នៅមុខ​ក្រសួង​ការពារ​ជាតិ និង​អំពើ​ល្មើស​ហែក​គុក​រត់​ជាដើម។

គួរ​រំលឹក​ថា​ ទណ្ឌិត​សោម ឯក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មកវិញ ​កាលពី​ថ្ងៃទី​២៦​ ខែ​តុលា ឆ្នាំ​២០១៧​ នៅ​ខេត្ត​សៀមរាប ក្រោយពេល​លួច​រត់​បានសម្រេច​ចេញពី​ពន្ធនាគារ។

លោក​សោម ឯក​ បាន​លួច​រត់​ពី​ការ​ជាប់​ពន្ធនាគារ​កាល​ពី​យប់ ថ្ងៃទី​០៨​តុលា ខណៈ​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​-​សូ​វៀត​ ឬ​ហៅថា​មន្ទីរពេទ្យ​រុស្ស៊ី ប៉ុន្តែ​ត្រូវ​ចាប់ខ្លួន​វិញ​នៅ ថ្ងៃ​ទី​២៦​តុលា នៅ​ខេត្ត​សៀមរាប៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114