ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍ ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍

បន្ទាយមានជ័យ ៖ ក្រោយពី​បាន​សិក្សា​ផ្នែក​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​សហគមន៍​លើក​ទី​២ សម្រាប់​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ រយៈពេល​៥​ថ្ងៃ​រួចមក សិក្ខាកាម​ចំនួន​៥២​នាក់ ត្រូវ​បាន​បិទ​វគ្គ ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួម​នឹង​ប្រតិភូ​អម​ដំណើរ លោកជំទាវ រស់ សុ​ផានី អភិបាលរង ​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ តំណាង ​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​ នៃ​គណៈ​អភិបាលខេត្ត ដែល​មាន​ការ​ចូល​រួម​ពី ​លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍ លោក លោកស្រី អ្នក​ពាក់ព័ន្ធ សិក្ខាកាម​ទាំង​៥២​នាក់​បាន​ចូលរួម ដែល​ធ្វើ​ឡើង​នូវ​បរិវេណ​ប្រាសាទ​បន្ទាយឆ្មារ ស្រុក​ថ្មពួក នា​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩។

លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍ លើក​ឡើង​ថា ៖ គោលបំណង​វគ្គ​បណ្ដុះបណ្ដាល​នេះ គី​មាន​គោលបំណង ដើម្បី​ពង្រឹង​ការគ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ធានា​ឲ្យ​មានការ​គោរព តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ចូលរួម​ទប់ស្កាត់​ផលប៉ះពាល់​វិជ្ជមាន ក្នុង​វិស័យ​ទេសចរណ៍ ព្រមទាំង​ធានា​ដល់​ការថែរក្សា ធនធានធម្មជាតិ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ វប្បធម៌ ប្រពៃណី សិល្បៈ និង​ទំនៀប​ទម្លាប់​ល្អ របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង។

មានមតិ​ចូលរួម​លោកជំទាវ រស់ សុ​ផានី អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​មានប្រសាសន៍ថា ៖ យើង​ពិត​ជាមាន​មោទនភាព​ណាស់ ដែល​វិស័យ​ទេសចរណ៍​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​និង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ឆាប់រហ័ស រឹងមាំ សក្ដិសម​ជា “​មាស​បៃតង​” នៃ​ខឿន​សេដ្ឋកិច្ចជាតិ ធ្វើ​ឲ្យ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​យ៉ាងខ្ពស់​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ជាពិសេស​ចំណូល​ទេសចរណ៍​បាន​ចាក់​បញ្ចូល​ភ្លាមៗ​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ចសង្គម ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​បាន​កើនឡើង និង​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ។ នេះ​គឺជា​លទ្ធផល​ដែល​ចេញ​មកពី​ការខិតខំ​របស់​យើងទាំងអស់គ្នា ជាពិសេស​ដោយសារ​កម្ពុ​ជា​បច្ចុប្បន្ន ជា​ប្រទេស​ដែលមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​ល្អ ហេដ្ឋា​រចនា​សម្ព័ន្ធ​មានការ​រីកចម្រើន គ្រប់ផ្នែក និង​គ្រប់​វិស័យ។
មានប្រសាសន៍​បិទ​វគ្គ​បណ្ដុះបណ្ដាល ​ឯកឧត្ដម តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា ៖ អ្នក​មគ្គទេសក៍​ទេសចរណ៍ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្របខណ្ឌ​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេចក្ដីថ្លៃថ្នូរ និង​ការជឿទុកចិត្ត​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ការពារ​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ទេសចរណ៍ ចូលរួមចំណែក​ក្នុងការ​ថែរក្សា​និង​គ្រប់គ្រង​ធនធានធម្មជាតិ ការពារ​សម្បត្តិ​វប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​រាល់​សកម្មភាព​ទេសចរណ៍​របស់ខ្លួន ផ្តល់នូវ​ព័ត៌មាន​ពិតប្រាកដ ច្បាស់លាស់ មាន​ភាពទៀងទាត់ អាច​ជឿ​ទុកចិត្តបាន ស្មោះ​ត្រង់​យកចិត្តទុកដាក់​ចំពោះ​ការងារ និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់​សេវាកម្ម មាន​វិធានការ​សមស្រប​ដើម្បី​ថែទាំ​ទ្រព្យសម្បត្តិ ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​ទេសចរណ៍​ក្នុងពេលដែល​ទេសចរណ៍​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន។

ឯកឧត្តម បន្តថា ៖ មគ្គុទ្ទេសក៍​ទេសចរណ៍ ត្រូវ​រៀបចំ​ដំណើរ​ទស្សនា​កម្សាន្ត​ដល់​ភ្ញៀវ​ទៅកាន់​ទីតាំង​ទាំងឡាយណា​ដែល​ទទួលបាន​ការសហកា​រ ទទួលស្គាល់ និង​គាំទ្រ​ពី​ក្រសួងទេសចរណ៍ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ដែលមាន​ការអនុញ្ញាត​ដោយ​ក្រសួងទេសចរណ៍ មិនត្រូវ​នាំ​ភ្ញៀវ​ទៅ​ទីតាំង​អាជីវកម្ម​ណា​មួយ​ដែល​ផ្តល់នូវ​សេវាកម្ម ឬ​ធ្វើ​អាជីវកម្ម​បោកប្រាស់ ឬ​ក្លែងបន្លំ ឬ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ដល់​ភ្ញៀវ ឬ​ធ្វើការ​ឃុបឃិត​ជាមួយ​ឈ្មួញ ឬ​ទីតាំង​អាជីវកម្ម​ណាមួយ​ដោយ​ជូន​ភ្ញៀវ​ទៅ​ទិញ​ទំនិញ ឬ​វត្ថុ​អនុស្សាវរីយ៍​ដោយ​តម្លៃ​មិន​សមរម្យ ដែល​អាច​បង្ក​ជា​រូបភាព​អវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។ មគ្គុទ្ទេសក៍​ទេសចរណ៍ ពេល​បំពេញការងារ​នាំ​ទេសចរណ៍ គ្រប់​ពេល​វេលា​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន និង​ស្លាក​សញ្ញា​សម្គាល់​ដែល​បាន​កំណត់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114