ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចាប់ផ្ដើម​បំពេញការងារ​ដំបូង ដោយ​មាន​ការ​សែនព្រេន​ព្រះ​ភូមិ​នៅ​ក្នុង​ស្ថានទូត

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ថ្មី ​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក W. Patrick Murphy បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ហើយ​ភ្លាមៗ​ បន្ទាប់​ពី​បាន​ជាន់ដី​កម្ពុជា លោក Patrick Murphy បាន​សរសេរ​សារ​លើ​ទំព័រ Twitter របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​ឃ្លី​ប​វីដេអូ​ថា ក្នុង​ខ្លឹមសារ​ថា លោក​ទន្ទឹងរង់ចាំ​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា។

ទាក់ទង​ការមកដល់​របស់ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នេះ មុននឹង​ចាប់ផ្តើម​ការងារ​ដំបូង​របស់ខ្លួន​នៅលើ​ដែនដី​កម្ពុជា លោក W. Patrick Murphy បានរៀបចំ​សែនព្រេន ព្រះ​ភូមិ នៅក្នុង​ស្ថានទូត ដែលជា​ប្រពៃណី និង​ជា​វប្បធម៌​របស់​ខ្មែរ​តាំងពី​បូរាណ​កាល​មក ហើយ​ការរៀបចំ​សែនព្រេន ព្រះ​ភូមិ​នេះ អាច​បង្ហាញថា លោក W. Patrick Murphy គឺជា​មនុស្ស​ម្នាក់ ដែល​ដឹង​ពី​ប្រវត្តិសាស្ត្រ និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ខ្លះ​ដែរ។

ព្រឹទ្ធសភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩ បានអនុម័ត​ លោក W. Patrick Murphy ឲ្យ​ក្លាយជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់ខ្លួន​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ការអនុម័ត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សេត​វិមាន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១០​សីហា ថា រដ្ឋបាល ​លោក ដូ​ណា​ល់ ត្រាំ បានស្នើ​តែងតាំង​ឧបការី​រង​នៃ​ក្រសួងការបរទេស លោក Patrick Murphy ជា​ឯកអគ្គរដ្ឋ​ទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជំនួស​លោក William Heidt ដែល​ផុត​អាណត្តិ​។ លោក Murphy មុន​ការអនុម័ត​នោះ គឺជា​ឧបការី​រង​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ហើយក៏​ធ្លាប់​ធ្វើការ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក និង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។

លោក Murphy មាន​ដើមកំណើត​នៅ​រដ្ឋ Vermont សហរដ្ឋអាមេរិក។ លោក​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ការទូត​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​មកហើយ​។ ក្នុងអំឡុងពេល​បម្រើ​ការងារ លោក​មាន​តួនាទី​សំខាន់ៗ​មួយចំនួន​ដូចជា ធ្វើជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ជា​អនុប្រធាន​បេសកកម្ម និង​ភារធារី​នៅ​ស្ថានទូត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៦ និង​ធ្វើជា​អ្នកតំណាង​ស្ដីទី​ពិសេស និង​ជា​អ្នក​សម្របសម្រួល​ផ្នែក​គោលនយោបាយ​នៅ​ស្ថានទូត​នៅ​ប្រទេស​ភូមា ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ ជាដើម។
លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្មីៗ​នេះ​ថា កម្ពុជា​នៅតែ​ចាត់ទុក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាមេរិក​ជា​ចំណុច​អាទិភាព​។ កម្ពុជា​មិន​ប្រកាន់​នោះទេ ចំពោះ​សកម្មភាព​របស់​សមាជិក​សភា​អាមេរិក​មួយចំនួន​ក្នុងការ​គាំទ្រ​សកម្មភាព​ក្រុម​អតីត​បក្សប្រឆាំង ដែល​លោក​ចាត់ទុកថា ជា​ពួក​ភេ​វរ​ករ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់។

ចំណែក​អ្នកនាំពាក្យ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក លោកស្រី Zeeberg បាន​និយាយថា កិច្ចការ​អាទិភាព​រប​ស់​លោក Patrick Murphy ក្នុង​អណ​ត្តិ​របស់លោក​ក្នុងប្រទេស​កម្ពុជា​នេះ មាន​ទាំង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា និង​ការគាំទ្រ​ប្រជាជន​កម្ពុជា ហើយ​នៅពេល​ប្រកាស​ចូលកាន់​តំណែង​នាពេល​ដ៏​ខ្លី​ខាងមុខ លោក​នឹង​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114