ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស ក្នុងនាម​ជា​តំណាង​នាយករដ្ឋមន្ត្រី​កម្ពុជា នឹងចូលរួម​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​៧៤ នៅ​ទីក្រុង​ញូវ​យ៉ក​

ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ តំណាង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ ក្រោម​មូលបទ “​ជំរុញ​កិច្ចប្រឹងប្រែង​ពហុភាគី សម្រាប់​ការលុបបំបាត់​ភាពក្រីក្រ ការអប់រំ​ប្រកបដោយ​គុណភាព សកម្មភាព​អាកាសធាតុ និង​បរិ​យា​ប័ន្ន​” និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ នាទី​ក្រុង​ញូវយ៉ក​នោះ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី នឹងធ្វើ​សេចក្ដីថ្លែងការណ៍ ផ្ដោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម សមិទ្ធផល​សំខាន់ៗ​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​កិច្ចប្រឹងប្រែង​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា និង​សារៈសំខាន់​នៃ​កិច្ចប្រឹងប្រែង​រួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ភេរវកម្ម អំពើ​ជ្រុលនិយម និង​អ​ច​ន្តិ​និយម និង​ការគំរាមកំហែង​សន្តិសុខ​មិន​ប្រពៃណី​។

ឯកឧត្ដម ក៏​នឹង​រំលេច​បញ្ហា​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី ពហុភាគី​និយម តួនាទី​ច្បាប់​អន្តរជាតិ ផល​ប៉ះពាល់​ជា​អវិជ្ជមាន ​នៃ​ព័ត៌មាន​ក្លែងបន្លំ និង​បញ្ហា​តំបន់ ​និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​ និង​ការ​ព្រួយបារម្ភ​រួម នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ផងដែរ។

ក្រៅពី​អញ្ជើញ​ចូលរួម​មហាសន្និបាត​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក​ពីគ្នា​ជាមួយ​ឯកឧត្ដម ថូ​ម៉ាស ភេ​ទ្រី​សេក (Tomas Petricek) រដ្ឋមន្ត្រីការបរទេស ​នៃ​សាធារណរដ្ឋ​ឆែក និង ​ឯកឧត្ដម សឺរ​ហ្គេ​យ ឡាវ​រ៉ូ​វ (Sergey V. Lavrov) រដ្ឋមន្ត្រីការបរទេស ​នៃ​សហព័ន្ធ​រុស្ស៊ី​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ក៏​រំពឹងថា នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស នៃ​ប្រទេស​មួយចំនួន​ផ្សេងទៀត រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផងដែរ​។​

ស្របពេល​ជាមួយ​មហាសន្និបាត​នេះ គណៈប្រតិភូ​កម្ពុជា ក៏​នឹងចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រៅផ្លូវ​ការ​ នៃ​សន្និសីទ​ស្ដីពី​អន្តរ​កម្ម និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​តំបន់​អាស៊ី (CICA) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ (NAM) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍ​តិចតួច (LDCs) កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ដៃគូ​សហប្រតិបត្តិការ​អាស៊ី (ACD) កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្រៅផ្លូវការ (IAMM) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៤ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (IUMM) ព្រមទាំង​កិច្ចប្រជុំ​ជាច្រើន​ទៀត​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114