ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក្រើនរំលឹក​ដល់​មន្ទីរ​សុខាភិបាល​ទាំងអស់​ត្រូវ​រៀបចំ​ឯកសារ​ប្ដឹងទៅ​តុលាការ​ចំពោះ​អ្នកដើរ​ចាក់​ថ្នាំ​ខុសច្បាប់

ភ្នំពេញ ​៖​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​រៀបចំ​ឯកសារ​គតិយុត្តិ ប្តឹង​ទៅ​សាលាដំបូង​រាជធានី​-​ខេត្ត ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ​ដើម្បី​ឈានទៅដល់​ការលុបបំបាត់​ទាំងស្រុង នូវ​សេវា​សុខាភិបាល​ខុសច្បាប់ សូម​លោក​-​លោកស្រី​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ចាត់ចែង​រៀបចំ​ឯកសារ គតិយុត្តិ​ប្តឹងទៅ​សាលាដំបូង​រាជធានី​-​ខេត្ត ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​លោក លោកស្រី​ សំដៅ​ដើម្បី​ការពារ​សុខភាព​ដល់​ប្រជាពល​រដ្ឋ។

ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​តុមូល​ ស្តីពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​កាលពី​ថ្ងៃទី​២០ ​ខែកញ្ញា ​ឆ្នាំ​២០១៩​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង​ បាន​បន្តថា ​«​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​ឆ្លង​តាមរយៈ​ការចាក់​ថ្នាំ​ព្យាបាល​ជំងឺ​មិនមែន​ឆ្លង​ដោយ​ការ​ចាក់​វ៉ាក់សាំង​ទេ​។ដូច្នេះ​ក្រសួង​បានចេញ​លិខិត​រួចហើយ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ធ្វើយ៉ាងណា​លុបបំបាត់​អ្នកដើរ​ចាក់​ថ្នាំ​នៅតាម​ភូមិ​ឲ្យ​អស់​។ ​ក្នុងករណី​នៅតែមាន​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​បន្តទៀត​នោះ​ ស្នើ​ឲ្យ​ប្តឹង​ទៅ​តុលាការ​ដើម្បី​ឲ្យ​ច្បាប់​ដោះស្រាយ​»។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​គ្រូពេទ្យ​ដែល​មិនមាន​ជំនាញ​វិជ្ជាជីវៈ​ហើយ​ដើរ​ចាក់​ថ្នាំ​ថ្នាំ​តាម​ភូមិ​នេះ​មិន​ត្រឹមតែ​មិន​ធ្វើ​ឲ្យ​អ្នកជំងឺ​មិនជា​សះស្បើយ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​សេ ​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផងដែរ​។ ​ជាក់ស្តែង​ករណី​នៅ​ភូមិ​រកា​នៅ​ខេត្តបាត់ដំបង​ដែលមាន​ឆ្លង​ជំងឺ​អេដស៍​រាប់រយ​នាក់​ ក៏​បណ្តាល​មកពី​ការចាក់​ថ្នាំ​បង្ក​ដោយ​គ្រូពេទ្យ​ដែល​មិន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​នេះ​ដែរ​»​។

លោក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា ​ជំងឺថ្លើម​ប្រភេទ​បេ​ឆ្លងតាម​ការទំនាក់ទំនង​ផ្លូវភេទ ជំងឺថ្លើម​ប្រភេទ អា​ឆ្លង​តាមរយៈ​ការហូបចុក​រួមគ្នា​ និង​ជំងឺថ្លើម​ប្រភេទ​សេ​ឆ្លងតាម​ការចាក់​ថ្នាំ ​ឬ​ព្យួរ​សេរ៉ូម។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​«​ចាប់ពី​ថ្ងៃនេះ​តទៅ ​សូម​កុំ​ឲ្យ​មាន​អ្នក​ចាក់​ថ្នាំ​មិន​មាន​វិជ្ជាជីវៈ​ជា​បន្ត​ទៀត​ ហើយក៏​មិនមាន​ការអប់រំ ​ឬ​មាន​កិច្ចសន្យា​ក​លើក​ទី​១ ​ទី​២​ និង​ទី​៣​ ជា​បន្តទៀត​ដែរ​។​ ត្រូវធ្វើ​ទាំងអស់គ្នា​ ទើបបាន​មាន​ប្រសិទ្ធភាព ​បើ​មិន​អីចឹង​ គាត់​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពេល​ខេត្តស្វាយរៀង​តឹង ​គាត់រ​ត់ទៅ​ព្រៃវែង​ ពេល​ព្រៃវែង​តឹង រ​ត់ទៅ​ត្បូងឃ្មុំ ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​ចាក់​ថ្នាំ​ឲ្យ​បាន​១០០​ភាគរយ​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​សេ​»​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ទៀតថា​ជាងនេះទៅទៀត​គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ផ្តល់​ ឬ​ចេញ​អាជ្ញាប័ណ្ណ​សម្រាប់​សេវា​ព្យាបាល​ឯកជន ​និង​សេវា​ឱសថ​ស្ថាន​ព្រោះ​ក្រសួង​បានផ្តល់​វិមជ្ឈការ​ទៅតាម​រាជធានី​ខេត្ត​អស់ហើយ​តែម​ន្ទីរ​នីមួយៗ ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​បើ​មិនមាន​សញ្ញាប័ត្រ​ត្រឹមត្រូវ​ និង​គ្រប់លក្ខណៈ​ទេ ​សូមកុំ​ចេញ​អាជ្ញាប័ណ្ណ​ដើម្បី​កុំ​ឲ្យ​មាន​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ព្រោះ​អ្នកដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ខ្លះ​មិនបាន​ឆ្លងកាត់​សាលា​ទេ ​គឺ​ចេះ​តាម​តៗ​គ្នា​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត អោ វ៉ាន់​ថេត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​ព្រឹក​ថ្ងៃទី​២១​ ខែកញ្ញា ​ឆ្នាំ​២០១៩​ឲ្យ​ដឹងថា ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ​បាន​លុបបំបាត់​អ្នកធ្វើអាជីវកម្ម​ព្យាបាល ​និង​អ្នកដើរ​ចាក់​ថ្នាំ​ខុសច្បាប់​ទាំងស្រុង​ហើយ ​បន្ទាប់ពី​យើង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែល​ដី​ក្នុង​ការចុះ​ហាមឃាត់​ និង​អប់រំ​ដល់​អ្នក​ទាំងនោះ​ ខណៈ​កាលពីមុន​មាន​អ្នកដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ជាង​៣០០​នាក់។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ អ្នកដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ជាង​៣០០​នាក់ ​បាន​ឈប់​ធ្វើ​អាជីវកម្ម​ដោយ​ដើរ​ចាក់​ថ្នាំ​នៅតាម​ភូមិ​បន្ត​ទៀតហើយៗ ​មន្ទីរ​បាន​ត្រួតពិនិត្យ​ច្បាស់លាស់​យ៉ាង​ម៉ត់ចត់​ជាទីបំផុត​មុននឹង​អនុញ្ញាត​ឲ្យ​បើក​សេវា​ព្យាបាល ​ឬ​លក់​ឱសថ​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​ត្រូវ​ធ្វើ​យ៉ាង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ចំនួន​៥ នៅត្រឹម​ឆ្នាំ​២០៣០ ដែល​កំណត់ដោយ​អង្គការ​សុខភាព​ពិភព​លោក​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ រលាក​ថ្លើម​ប្រភេទ​សេ​ក្នុងនោះ​រួមមាន ទី​១ ​ការផ្តល់​វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ ចំនួន​បី​លើក ដល់​កុមារ​ឲ្យ​បាន ៩០%។ ​ទី​២​ ការការពារ​ការចម្លង​ពី​ម្តាយ​ទៅ​កូន​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ ឲ្យ​បាន ៩០% ។​ ទី​៣​ សុវត្ថិភាព​ឈាម​ឲ្យ​បាន ១០០% និង​សុវត្ថិភាព​ នៃ​ការចាក់​ថ្នាំ​ឲ្យ​បាន​១០០%។​ ទី​៤​ ការផ្តល់ជូន​សឺរ៉ាំង និង​ម្ជុល​ដែលមាន​សុវត្ថិភាព​ជូន​ដល់​អ្នកប្រើប្រាស់​ថ្នាំញៀន​ដោយ​ចាក់ ឲ្យ​បាន ៣០០ ក្នុង​ម្នាក់ៗ ក្នុង​មួយឆ្នាំ ​និង​ទី​៥ ការធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ និង​សេ ឲ្យ​បាន ៩០% និង​ព្យាបាល​អ្នក​ដែល​ត្រូវការ​ការ​ព្យាបាល​ឲ្យ​បាន ៨០%។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​ប្រសិនបើ​គោលដៅ​ទាំង​៥​ខាងលើ ត្រូវបាន​សម្រេច​ដោយ​ជោគជ័យ ពិភព​លោក​យើង​នឹង​អាច​កាត់បន្ថយ​ករណី​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ថ្មី​បាន ៩០% និង​កាត់បន្ថយ​ការ​ស្លាប់​ដោយ ជំងឺ​រលាក​ថ្លើម​បាន ៦៥%៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114