ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​ជំងឺ​សរសៃ​ប្រសាទ ​ដើរ​ចុះ​ទឹកទន្លេ ​លង់​ស្លាប់

កំពង់ចាម​ ៖ ​សព​បុរស​ចំណាស់​ម្នាក់ ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​មាត់ច្រាំង​ទន្លេ ដោយ​មិន​ដឹង​មូល​ហេតុ​។

ប៉ូលិស​បានឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២១ ​ខែកញ្ញា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​និង៣០​នាទី​នាទី​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល រកាអារ​ទទួល​ព័ត៌មាន​ផ្ទាល់មាត់​ពី​ ឈ្មោះ ស៊ុយ តាំង​អ៊ា​វ ភេទ​ប្រុស ជា​សមាជិក​ភូមិ ថា​មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​នៅ​ចំណុច​មាត់ទន្លេ ស្ថិត​ក្នុង​ភូមិ​ព្រែក​លីវ​ទី​៤ ឃុំ​រកាអារ ស្រុក​កង​
មាស ខេត្ត​កំពង់ចាម។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​ភ្លាម កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ឃើញថា​ពិតជា​មាន​ករណី​លង់ទឹក​ស្លាប់​ប្រាកដ​មែន។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​ឈ្មោះ ណៃ សៅ ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ មាន​ទី​លំ​ភូមិ​/ឃុំ​ខាងលើ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​សព​ឃើញថា ​ផ្នែក​ក្បាល ក ដង​ខ្លួន អវយវៈ​គ្មាន​ស្លាកស្នាម អ្វី​ឡើយ។

ប៉ូលិស​បាន​បន្តថា ​ឆ្លងតាម​ការស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ​និង​ជុំវិញ​កន្លែងកើតហេតុ​ជំនាញ​ និង​គ្រូពេទ្យ​សន្និដ្ឋាន​បាន​ថា ៖ សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ​និង​ពុំ​មាន​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ​ឡើយ​។

តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​បញ្ជាក់​ថា ឈ្មោះ ណៃ សៅ គាត់​មាន​ជំងឺ​សរសៃ​ប្រសាទ។ ក្រោយពី​គណៈកម្មការ​ពិនិត្យ​សព​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114