ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ចំនួន​៣១០​គ្រួសារ​ ស្រក់​ទឹកភ្នែក​ដង្ហោយ​ហៅ​ សម្ដេច​តេ​ជោ ជួយ​អន្តរាគមន៍​ បន្ទាប់ពី​ឧកញ៉ា​សំ ផាន់​ណា​រឹទ្ធ ​និង​បក្ខពួក​ រំលោភ​យក​ដីធ្លី

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​៣១០​គ្រួសារ​ រស់នៅ​ក្នុងភូមិ​ថ្នល់​បត់​ និង​ភូមិ​មួយចំនួនទៀត ​ក្នុង​ឃុំ​អូរ​បី​ជាន់​ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយមានជ័យ ​បាន​ស្រក់​ទឹកភ្នែក​ស្រែក​រក​ជំនួយ​អន្តរាគមន៍ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បន្ទាប់ពី​បន្ទាប់ពី​ឧកញ៉ា​សំ ផាន់​ណា​រឹទ្ធ​ និង​បក្ខពួក ​រំលោភ​យក​ដីធ្លី​លក់​ទៅ​ឲ្យ​ចិន ហើយ​បាននាំគ្នា​ផ្តិតមេដៃ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ទៅ​ សម្ដេច​តេ​ជោ ​និង​ដាក់​ចូលទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​ជួយ​ពួកគាត់។

យោងតាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ លោក​សែម សុភាព អតីត​ស្មៀន​នា​សម័យ​សមាហរណកម្ម បាន​ឲ្យ​ដឹងថា ដី​កំពុងមាន​ទំនាស់​មាន​ទំហំ ២០៧៦​ហិកតា គ្រប់​ដណ្ដប់​លើ​ភូមិ​ចំនួន​៤​ក្នុងនោះ​មាន​ភូមិ​ថ្នល់​បត់ ភូមិ​យៀង ភូមិ បន្ទាយ​ថ្មី​និង​ភូមិ​អូ​បី​ជាន់ ស្ថិត​ក្នុង​ឃុំ​អូ​បី​ជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ។

ប្រជាពលរដ្ឋ​ចំនួន​៣១០​គ្រួសារ​នេះ​ ជា​អ្នករស់នៅ​ក្នុងភូមិ​ទាំង​៤​ខាងលើនេះ ហើយ​ពួកគាត់​បាន​កាន់​កាប់​ដីធ្លី​ប្រកប​អាជីវកម្ម​ធ្វើស្រែ​ចម្ការ​លើ​ដី​នេះ ​តាំងពី​អំឡុង​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ខណៈ​ពេល​រាជរដ្ឋាភិបាល​សម្រេច​ប​ង្កើ​ត​ឃុំ​អូ​បី​ជាន់​ថ្មី​តាម​ផ្លូវ​ច្បាប់។ រហូតមកដល់​ឆ្នាំ​២០០០ ខាង​រដ្ឋបាល​លា​សា​ឃុំ​អូ​បី​ជាន់​បានចាប់ផ្ដើម​ប្រថាប់ត្រា​លើ​ឯកសារ​ប្លង់ដី​មុនពេល​ប្រគល់​ជូនទៅ​ឲ្យ​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់ ហើយ​រាល់​ឯកសារ​ពាក់ព័ន្ធ​នានា ក៏​ត្រូវបាន​ប្រថាប់ត្រា​ចាប់ពីពេលនោះ​មកដល់​បច្ចុប្បន្ន​នេះដែរ។

ប្រភព​បន្ដថា ដី​របស់​ពួកគាត់​ចាប់ផ្ដើម​មាន​បញ្ហា​ទំនាស់​បន្ដិច​ម្ដងៗ​ជាមួយ​បុគ្គល ​ឈ្មោះ​ឃួន វណ្ណា នៅក្នុង​ឆ្នាំ​២០០៤ ដោយបាន​ប្រើល្បិច​ខ្ចី​ដី​ថា​យកទៅ​ធ្វើការ​អភិវឌ្ឍន៍ ​និង​បែងចែក​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មកពី​តំបន់​ផ្សេងៗ លុះ​រហូតដល់​ឆ្នាំ​២០១៣ លោក​ឃួន វណ្ណា បាន​ស្លាប់ ស្រាប់តែ​លេច​មុខ​លោក ឧកញ៉ា សំ​ផាន់​ណា​រិ​ទ្ធ​ ដែល​ជា​បក្ខពួក​របស់ លោក​ឃួន វណ្ណា នាពេល​កន្លងមក បាន​បន្ដ​នាំ​ពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​មក​វាស់​រំលោភ​យក​ដី​របស់​ពួកគាត់ ជា​បន្ដបន្ទាប់។

ប្រភព​បន្ដថា​ ក្រោយមកទៀត​ឧកញ៉ា សំ ផាន់​ណា​រិ​ទ្ធ បាន​ឲ្យ​បក្ខ​ពួកខ្លួន​មានឈ្មោះ សួង ដា​រ៉ា​,​យី ភារ​ម្យ​,​ប៊ុត ម៉ៃ​,(​ហៅ​ទិ​ត្យ​), វាល់ សុខុន​,​ជា​ចំរើន​,​ព្រំ សុធា​រ៉ា​,​មាស សុខា​,​និង​ពិន ហួត បាននាំគ្នា​មក​ឈូស​ឆាយដី​ប្រជាពលរដ្ឋ​ជាច្រើនលើក​ច្រើនសា រហូតមកដល់​ឆ្នាំ​២០១៩​នេះ ​ក៏​នៅតែ​កំពុង​នាំគ្នា​រំលោភ​លើដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់​បត់​ដដែល ដោយ​បង្កើត​រូបភាព​តាមរយៈ​ការ​ជួល​ប្រជាពលរដ្ឋ​ពី​តំបន់​ផ្កាយ​៥​សង់ផ្ទះ​ចល័ត ដោយ​គ្មាន​កោតខ្លាច​អាជ្ញាធរ​ឡើយ។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ជម្លោះ​ដី​របស់​ពួកគាត់​ជាមួយនិង​ឧកញ៉ា​សំ ផាន់​រិ​ទ្ធ​ និង​បក្ខ​ពួកនេះ​បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​សមត្ថកិច្ច​អាជ្ញាធរ​ណា​ដោះស្រាយ​ចេញ​នោះទេ បើ​និយាយ​ពី​អភិបាលខេត្ត​បន្ទាយមានជ័យ​វិញ​មាន​៥​ជំនាន់​មកហើយ ​គ្មាន​សមត្ថភាព​ដោះស្រាយ​វិវាទ​នេះ​ចេញ​ទេ ក្នុងនោះ​មាន​តាំង​ជំនាន់​លោក​អ៊ុង​ប​អឿន លោក​ទ្រី ​ណារិន លោក​គោ ស៊ុំ ​សារឿ​ត លោក​សួន បវរ និង​បច្ចុប្បន្ន​មកដល់​លោក អ៊ុំ រាត្រី ទៀត។ គេ​ចាំ​មើលថា ​តើ​ លោក​អ៊ុំ រាត្រី ​មាន​ចំណាត់​ការ​បែបណា​ចំពោះ​ទំនាស់​អូសបន្លាយ​ច្រើន​ឆ្នាំ​មកនេះ។

ទោះជា​យ៉ាងណា ​គេ​សង្កេតឃើញថា នៅពេល ​លោក​អ៊ុំ រាត្រី ​ឡើងមក​កាន់​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​នេះ​ភ្លាម កាលពី​ថ្ងៃទី​១៩​សីហា​កន្លងទៅ​ថ្មីៗ​នេះ លោក​បាន​សេចក្ដីជូនដំណឹង​មួយ​ទៅ​គ្រប់​បណ្ដា​ភាគី​ពាក់ព័ន្ធ​ហាម ធ្វើការ​ឈូសឆាយ សាងសង់ លើដី​កំពុងមាន​ទំនាស់​របស់​ប្រជា​ពលរដ្ឋ​ចំនួន​៣១០​គ្រួសារ​នេះ ព្រោះ​រឿងនេះ​កំពុង​ស្ថិត​នៅក្នុង​ដំណើរការ​ក្ដីក្ដាំ​នៅឡើយ។ ប៉ុន្តែ​ទោះជា​លោក​អភិបាលខេត្ត​បានចេញ​សេចក្ដីជូនដំណឹង​ឲ្យ​ផ្អាក​សកម្មភាព​បែបនេះ​ក៏ដោយ​ ក៏​គេ​សង្កេតឃើញថា ភាគី​ម្ខាង​ទៀត​មាន​ឧកញ៉ា​សំ ផាន់​រិ​ទ្ធ​ ជា​បង្អែ​ក​បាន​និង​កំពុង​បន្ត​ឈូស​ឆាយ​យ៉ាង​ងងើល នេះ​បើតាម លោក​សែម សុភាព​បាន​រាយការណ៍​ឲ្យ​ដឹង។

ដូចគ្នានេះដែរ​ កាលពី​ជំនាន់​លោក គោ ស៊ុំ​សារឿ​ត​ នៅ​ជា​អភិបាលខេត្ត​នៅឡើយ កាលពី​ឆ្នាំ​២០១៤ លោក​ក៏បាន​ចេញ​សេចក្ដីជូនដំណឹង ជម្រាប​ដល់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្ត ឲ្យ​ផ្អាក​ការចេញ​ប័ណ្ណ​ប្លង់រឹង​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​រឿង​ទំនាស់​ដីធ្លី​នេះដែរ មានដូចជា​ឧកញ៉ា សំ​ផាន់​ណា​រិ​ទ្ធ យី ភា​ម្យ និង​អូន ទិ​ត្យ​ជាដើម ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​រូបនោះ​មិន​ស្ដាប់​ និង​មិន​អនុវត្ត​តាម​ឡើយ។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ករណី​ទំនាស់​នេះ​ភាគី​ខាង​ឧកញ៉ា សំ​ផាន់​ណា​រិ​ទ្ធ បាន​ឃុបឃិត​គ្នា​ជា​ប្រពន្ធ សូម្បី​ថ្នាក់​អភិបាលខេត្ត​ប៉ុន្មាន​ជំនាន់​មកហើយ​ក៏​មិនអាច​ធ្វើ​អី​លោក​ឧកញ៉ា​រូបនេះ​បានដែរ ពោល​រហូតមក​ដល់ពេលនេះ​ទៅហើយ ​ខណៈ​អភិបាលខេត្ត​លោក​អ៊ុំ រាត្រី​ ចេញ​លិខិត​ផ្អាក​សកម្មភាព​ឈូសឆាយ​ និង​សាងសង់​សំណង់​ផ្សេង​ក៏​លោក​ឧកញ៉ា​មិន​ស្ដាប់​ដែរ គេ​រង់ចាំ​មើលថា មក​ដ​ល់​ពេលនេះ​ ខណៈ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្ដឹង​ចូលដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ​នឹង ដាក់​ចូល​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ផង​នោះ ​តើ​អាច​ផ្អាក​សកម្មភាព ​ឧកញ៉ា​ សំ ផាន់​ណា​រិ​ទ្ធ​ បានដែរ​ឬទេ បើសិន​នាយករដ្ឋមន្ត្រី​ និង រដ្ឋមន្ត្រី​ក្រសួង​ជំនាញ​ធ្វើ​អី ​លោក​ឧកញ៉ា សំ​ផាន់​ណា​រិ​ទ្ធ​ រូបនេះ​មិន​បានទេ​ មានតែ​ឲ្យ​លោក​ធ្វើជា​ស្ដេចត្រាញ់​នៅ​តំបន់​ពាយ័ព្យ​នោះ​តែម្ដង​ទៅ​ប្រសើរ​ជាង។

ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​សំ ផាន់​ណា​រិ​ទ្ធ​ នេះ​ ភ្នាក់​ងារ​កម្ពុជា​ថ្មី​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ឧកញ៉ា​រូបនេះ​បានឡើយ ហើយ​អង្គភាព​យើង​រង់ចាំ​ទទួល​បកស្រាយ​ជានិច្ច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114