ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ដាក់​សម្ពាធ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើបអង្កេត​លោក Biden

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានដាក់​សម្ពាធ​ម្តង​ហើយ​ម្តងទៀត​ដល់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើបអង្កេត​លោក Joe Biden ដែលជា​គូប្រជែង​នយោបាយ​ម្នាក់​របស់លោក Trump ពាក់ព័ន្ធ​ការនិយាយ​ទូរស័ព្ទ​កាលពី​ខែកក្កដា​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ដោយ​កាសែត Wall Street Journal និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ផ្សេងទៀត​។​

ការនិយាយ​ទូរស័ព្ទ​នោះ​ត្រូវ​បានបង្ហាញ​នៅក្នុង​ពាក្យបណ្តឹង​របស់​អ្នក​ទម្លាយ​ការណ៍​សម្ងាត់​ម្នាក់​ដែល​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ព្រមាន​អំពី​ការគំរាមកំហែង​សន្តិសុខ​ជាតិ​និង​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ងាក​ទៅរក​ការវាយប្រហារ លើ​លោក Biden ដែលជា​បេក្ខជន​ឈានមុខ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​ព្យាយាម​ប្រកួតប្រជែង​ជាមួយ​លោក Trump នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។​

ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​និយាយថា វា​រួមមាន​សកម្មភាព​ជាច្រើន​ដោយ​លោក Trump មិនមែន​ត្រឹមតែ​ការនិយាយ​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​បរទេស​ប៉ុណ្ណោះ​ទេ​។ ប្រភព​នេះ​បានស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​ភាព​រសើប​នៃ​បញ្ហា​នេះ​។​

លោក Trump បាន​ច្រានចោល​ពាក្យបណ្តឹង​កាលពី​ថ្ងៃទី​១២​ខែកញ្ញា​ពី​អ្នក​ទម្លាយ​ការណ៍​សម្ងាត់​ម្នាក់​នៅក្នុង​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ថា​ជាការ​វាយប្រហារ​ទាំងពី​រ​គណបក្ស​ប្រឆាំងនឹង​គាត់​។​

លោក Trump បាន​និយាយ​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​អ៊ុយ​ក្រែ​ន​គឺ​លោក Volodymyr Zelenskiy ក្នុង​រយៈពេល​មិន​ដល់​បី​សប្តាហ៍​ផង​មុនពេល​ពាក្យបណ្តឹង​នេះ​ត្រូវ​បានដាក់​។ លោក Trump គ្រោង​នឹង​ជួប​លោក Zelenskiy អំឡុងពេល​នៃ​ការជួបជុំ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​។​

ការនិយាយ​ទូរស័ព្ទ​ថ្ងៃទី​២៥​ខែកក្កដា​រវាង​មេដឹកនាំ​ទាំងពីរ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ដោយ​គណៈកម្មាធិការ​សភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ចង់ដឹងថា​តើ​លោក Trump និង​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ឈ្មោះ Rudolph Giuliani បាន​ព្យាយាម​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ឲ្យ​ជួយ​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trump ដែរ​ឬក៏​អត់​។​

កាសែត Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា លោក Trump បាន​ជំរុញ​លោក Zelenskiy ប្រហែល​៨​ដង​ក្នុងអំឡុងពេល​នៃ​ការនិយាយ​ទូរស័ព្ទ​នោះ​ឲ្យ​ធ្វើការ​ជាមួយ​លោក Giuliani ដើម្បី​ស៊ើបអង្កេត​លោក Biden និង​កូនប្រុស​របស់លោក Biden​។ កាសែត Washington Post និង New York Times ក៏បាន​រាយការណ៍​អំពី​ព័ត៌មាន​លម្អិត​នៃ​ការនិយាយ​ទូរស័ព្ទ​នោះដែរ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114