ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ ម៉ែន សំអន អញ្ជើញ​អុជ​ធូប​បួងសួង​នៅ​ព្រះ​ចេ​តី​នាង​ក្រពុំ​ឈូក​ សុំ​សេចក្តីសុខ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស

ក្រចេះ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច រួមជាមួយ ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ខុទ្ទកាល័យ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ក្រុមគ្រួសារ បាន​អញ្ជើញ​អុជ​ធូប​បួងសួង​នៅ​ព្រះ​ចេ​តី​នាង​ក្រពុំ​ឈូក ស្ថិតនៅក្នុង​វត្ត​សិរី​សុ​ន្ធ​រ​វង្ស ហៅ (​វត្ត​ក្រចេះ​ក្រុង​) ខេត្តក្រចេះ ដើម្បី​សុំ​សេចក្តីសុខ​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​ដែលមាន​សម្ដេច​អគ្គមហាសេនា​បត​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ​និង​ក្រុមគ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នា​ព្រឹក​ថ្ងៃ​សៅរ៍ ០៩​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩។

ឆ្លៀត​ក្នុងឱកាស​នោះ​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំយក​នូវ​បច្ច័យ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​សម្រាប់​ចាត់ចែង​ក្នុង​វេន​កាន់បិណ្ឌ​ទី​៨ និង​មួយផ្នែក​ទៀត​សម្រាប់​បន្ត​ការកសាង​នូវ​ប្រាសាទ​នាង​ក្រពុំ​ឈូក ដែល​ដំណើរការ​សាងសង់​បាន​ប្រមាណ​ជា ៥០%​ហើយ។ ពិធី​ថ្ងៃនេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា​ក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កំពុង​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី ២៧-២៨-២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ នាពេល​ខាងមុខនេះ។ ចំណែកឯ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​នា​ថ្ងៃនេះ​បាន​កើតឡើង​ចេញពី​ការរួម​សាមគ្គី​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នា​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​ក្នុង​ការកសាង និង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បួងសួង បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្ស​ត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តី​ចម្រើន​គ្រប់ៗ​គ្នា។

បន្ទាប់ពី​បាន​បួងសួង​រួចមក លោកជំទាវ​ក៏បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ កុមារ​នៅ​មជ្ឈមណ្ឌល​កុមារកំព្រា SOS មណ្ឌល​ខេត្តក្រចេះ និង​ពិនិត្យមើល​ស្ថានភាព​ទឹកទន្លេ​ខេត្តក្រចេះ​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114