ព័ត៍មានទាន់​ហេតុការណ៏
Search

ខេត្ត​ព្រះសីហនុ និង​ខេត្ត​ហៃ​ណាន​ប្រទេស​ចិន ចុះហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​ ស្ដីពី​ការ​បង្កើត​ចំណង់​ទំនាក់ទំនង​មិត្តភាព

ព្រះសីហនុ ​៖ ​នា​រសៀល ថ្ងៃទី​២០ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ថ្មីៗ​នេះ ខេត្ត​ព្រះសីហនុ និង ខេត្ត​ហៃ​ណាន នៃ​សាធារណ​រដ្ឋ ប្រជាមានិត​ចិន​បាន រៀបចំ​ពី​ធី​ ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​ការ​បង្កើត​ចំណង់​ទំនាក់ទំនង​មិត្តភាព​សម្ព័ន្ធ​មេត្រី​ភាពជា​ខេត្ត​បងប្អូន។

ក្នុង​ឧកាស​នោះ លោក ម៉ាង ស៊ី​ណេ​ត អភិបាល​ស្ដីទី​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​ស្វាគមន៍ ដំណើរ ទស្សនកិច្ច និង​ការ​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគយល់​សម្ព័ន្ធ​មេត្រីភាព​ខេត្ត​បងប្អូន ជា​វេទិកា​ការទូត រវាង​ខេត្ត ព្រះសីហនុ និង​ខេត្ត​ហៃ​ណាន (​ប្រទេស​ចិន​)​ លើ​វិស័យ​ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ និង​ការ​ផ្លាស់ប្តូរ រវាង​ប្រជាជន និង​ប្រជាជន។ និង​ជម្រាបជូន​ពី​សក្ដានុពល និង​ការអភិវឌ្ឍ​របស់​ខេត្ត មាន​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ជា​គោលដៅ​អភិវឌ្ឍន៍​ខឿន​សេដ្ឋ កិច្ច ធ្វើ​ឲ្យ​អត្រា​កំណើន​សេដ្ឋកិច្ច​មាន​១០.៣​ភាគ នៅ​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​ប្រាក់ចំណូល​ជា​មធ្យម​៣.៧២៦​ដុល្លារ។

រាជរដ្ឋាភិបាល​កម្ពុជា ចាត់ ទុក​ខេត្ត​ព្រះសីហនុ ជា​ “​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​”​ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥- ២០២៥ និង​ផែន ការ​មេ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​ក្របខណ្ឌ​ច្បាប់ និង​និយ័តកម្ម ព្រមទាំង យន្តការ​គ្រប់គ្រង​ចាំបាច់​នានា។ វិស័យ​គមនាគមន៍ ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​មាន​លក្ខណៈ​ជាតិ និង​អន្តរជាតិ ដែលមាន​ទំនិញ​ជា​កុងតឺន័រ​ចេញ​-​ចូល​ប្រមាណ​៧៣​ភាគរយ នៃ​បរិមាណ​នាំចេញ​-​ចូល​ទូទាំង​ប្រទេស។ ព្រលានយន្តហោះ​អន្តរ ជាតិ​ខេត្ត​ព្រះសីហនុ​កំពុង​ប្រតិបត្តិការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១៤​ក្រុមហ៊ុន មាន​ជើង​ហោះហើរ​ចំនួន​១៣៣​ជើង ក្នុង​មួយ​សប្ដាហ៍ ក្នុងនោះ​ជើងហោះហើរ​អន្តរជាតិ​មាន​៩១​ជើង ក្នុង​មួយ​សប្ដាហ៍ មានដូចជា ​ប្រទេស ថៃ ម៉ាឡេស៊ី វៀតណាម និង​ប្រទេស​ចិន​មាន​ចំនួន​២៥​ទីក្រុង។ ខេត្ត​មាន​តំបន់​សេដ្ឋ កិច្ច​ពិសេស​ចំនួន​៥ កំពុង​ដំណើរការ មាន​រោងចក្រ​តូច​-​ធំ សរុប​២១០​កន្លែង សិប្ប កម្ម អាជីវកម្ម​ខ្នាត​តូច​១.០៣៧​កន្លែង ស្រូបយក​កម្លាំង​ពលកម្ម​៨១.៤៧៥​នាក់ ស្រី ៣៨.៦៥២​នាក់ ទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​មាន​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក។ វិស័យ​ទេសចរណ៍​ឆ្នាំ​២០១៨ មាន​ភ្ញៀវ​ជាង​២​លាន​នាក់ កើន​២.៦៣​ភាគ រយ​ធៀប​ឆ្នាំ​២០១៧ ហើយ​ទេសចរ​ចិន​នាំមុខ​គេ ។
ជាមួយគ្នានេះ លោក​អភិបាល​ស្ដីទី​បាន​បញ្ជាក់​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​គាំទ្រ​គោលនយោបាយ យុទ្ធ​សាស្ត្រ “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” និង​ផ្លូវ​សូត្រ​សមុទ្រ​របស់​ប្រធានាធិបតី ស៊ី ជិន​ពីង។

ការ​ចុះ​ហត្ថលេខា សម្ព័ន្ធ​មេត្រី ភាព​រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ហៃ​ណាន ​គឺជា​ការ ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ថែមទៀត។

លោក​បាន​សំណូមពរ​ឲ្យ​គណៈប្រតិភូ ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ ដល់​ប្រជាជន​ចិន និង​អ្នក​វិនិយោគ​ចិន មក​វិនិយោគ និង​កម្សាន្ត​ខេត្ត​ព្រះសីហនុឲ្យ​កាន់តែច្រើន។

លោក លីវ ភីង​ជី LIU PINGZHI អភិ បាល​រង​ខេត្ត​ហៃ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង អំណរគុណ​រដ្ឋ បាល​ខេត្ត ក្នុង​ឱកាស​ដែល​គណៈប្រតិភូ​របស់​លោក​មក​ធ្វើ​ទស្សនកិច្ច​ខេត្ត​ព្រះ សីហនុ ឃើញ​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ប្រជាពលរដ្ឋ​មាន​ភាព​រាក់ទាក់។ ខេត្ត​មាន​ឧស្សាហកម្ម ទេសចរណ៍ ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​មានការ​កើន​ឡើង​ខ្ពស់។

ការ​ចុះ​ហត្ថលេខា​ជា​ខេត្ត​បងប្អូន​នាពេលនេះ និង​មាន​ទំនាក់ទំនង​ល្អ លើ​វិស័យ​ផ្សេងៗ​មួយចំនួន​ទៀត។ ខេត្ត​ហៃ ណាន ខេត្ត​ក្មេង នៃ​ប្រទេស​ចិន ដែល​មាន ទេសភាព បរិស្ថាន​ស្អាត ជា​តំបន់​សេដ្ឋ កិច្ច ប្រពន្ធ​គមនាគមន៍​ចម្រុះ​ធំជាងគេ។

លោក​បាន​បន្តថា ពិធី​ចុះហត្ថលេខា​ពេលនេះ ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​ល្អ នៃ​កិច្ចសហ​ប្រតិ​បត្តិការ ល្អ , កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម សេដ្ឋ កិច្ច ដោយ​ជ្រើស​រើស​យក​ប្រធានបទ ទេសចរណ៍ កសិកម្ម អប់រំ និង​សុខាភិបាល​, ពង្រីក​កិច្ច​សហប្រតិបត្តិការ ការពារ​គ្រោះធម្មជាតិ ទឹកជំនន់ និង​ចែក​រំ លែ​ក បទពិសោធន៍ រួមគ្នា​កាត់បន្ថយ​គ្រោះទឹកជំនន់ , និង​អញ្ជើញ​គណៈ​ប្រតិភូ​ខេត្ត​ព្រះសីហនុ ទៅ​ធ្វើ​ទស្សនកិច្ច ពិពណ៌​ពាណិជ្ជកម្ម​នៅ​ខេត្ត​ហៃ​ណាន នាពេល​ខាងមុខ៕​


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114