ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុងប៉ារីស​ដាក់ពង្រាយ​ប៉ូលិស​រាប់ពាន់នាក់​ដោយ​សារ​ភ័យខ្លាច​នៃ​ការប៉ះទង្គិច​របស់ “​ចលនា​អាវកាក់​ពណ៌​លឿង​”

មន្ត្រីប៉ូលិស​ជាង​៧,០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​សៅរ៍​ដោយសារតែ​ការភ័យខ្លាច​ថា ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​និង​ពួក​រ៉ាឌីកាល់​អាច​ព្យាយាម​ជ្រៀតចូល​ក្នុង​ការដើរ​ក្បួន​មួយ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​រដ្ឋធានី​បារាំង។​

ចលនា​អាវកាក់​ពណ៌​លឿង​បាន​ផ្ទុះឡើង​កាលពី​១០​ខែ​មុន​ហើយ​បាន​ចោទ​ជា​បញ្ហា​ប្រឈម​ដល់​លោក​ប្រធានាធិបតី Emmanuel Macron ដែល​ក្រុម​អ្នក​បាតុករ​បាន​ចោទប្រកាន់ថា មិន​អើពើ​ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​បារាំង​សាមញ្ញ​។​

ការធ្វើ​បាតុកម្ម​ប្រចាំ​សប្តាហ៍​របស់​ពួកគេ​បាន​ជំរុញ​ឲ្យ​លោក Macron បញ្ចេញ​ថវិការដ្ឋ​ជិត​១៧​ពាន់​លាន​អឺរ៉ូ (១៨.៨​ពាន់​លាន​ដុល្លារ​) ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​និង​កាត់​ពន្ធ​សម្រាប់​អ្នក​រកចំណូលបាន​ទាប​។​

ការប្រមូលផ្តុំ​អាវកាក់​ពណ៌​លឿង​ថ្មី​ត្រូវបាន​គេ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ​ប៉ុន្តែ​គេ​នៅតែ​កំពុង​រង់ចាំ​មើលថា​តើ​ចលនា​នេះ​នឹង​ទទួលបាន​សន្ទុះ​ឡើងវិញ​ដូច​កាលពី​រដូវរងា​និង​ដើម​និ​ទាឃ​រដូវ​ដែរ​ឬ​អត់​នៅពេលដែល​ការតវ៉ា​ជារឿយៗ​បាន​ឈានដល់​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​កងកម្លាំង​សន្តិសុខ​ជាពិសេស​ក្នុង​ទីក្រុង​ប៉ារីស​។​

កាលពី​ថ្ងៃ​សុក្រ លោក Macron បាន​អំពាវនាវ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​ដោយ​និយាយថា ខណៈពេលដែល​ប្រជាជន​ចង់​បញ្ចេញមតិ​នោះ ពួកគេ​មិនគួរ​រំខាន​ដល់​ការតវ៉ា​អាកាសធាតុ​និង​ព្រឹត្តិការណ៍​វប្បធម៌​ដែល​ក៏ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​ផងដែរ​នោះទេ​។​

ស្នងការ​ប៉ូលិស​ក្រុងប៉ារីស​លោក Didier Lallement បាន​និយាយថា ប៉ូលិស​ចំនួន​៧,៥០០​នាក់​នឹងត្រូវ​ដាក់ពង្រាយ​សម្រាប់​ការប្រមូលផ្តុំ​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​ប៉ារីស​ដែល​ចំនួន​នេះ​គឺ​ស្មើនឹង​ចំនួន​នៃ​ការតវ៉ា​អាវកាក់​ពណ៌​លឿង​កាលពី​ខែធ្នូ​និង​ខែមីនា​។​

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ថ្ងៃ​សៅរ៍​គឺ​ស្របគ្នា​នឹង​ទិវា​បេតិកភណ្ឌ​អ៊ឺរ៉ុប​ប្រចាំឆ្នាំ​នៅពេលដែល​អគារ​សាធារណៈ​និង​ឯកជន​ជាធម្មតា​មិន​អនុញ្ញាត​ឲ្យ​សាធារណជន​ចូល​ទស្សនា​នោះទេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114