ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​បញ្ជូន​កងទ័ព​បន្ថែម​ទៀត​ទៅ​ឈូង​សមុទ្រ​ពែ​ក្ស​ ខណៈ​លោក Trump ប្រកាស​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់

សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​ត្រៀម​បញ្ជូន​កម្លាំង​ជំនួយ​យោធា​ទៅកាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​បន្ទាប់ពី​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ខ្លួន​ចាត់ទុកថា​ជា​ស្មា​ដៃ​របស់​អ៊ីរ៉ង់​។ ការប្រកាស​នេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជា​ឲ្យ​ដាក់ទណ្ឌកម្ម​ថ្មី​ទៅលើ​ទីក្រុង​តេ​អេ​រ៉ង់​។​

លោក Trump បាន​និយាយថា ទណ្ឌកម្ម​នេះ​គឺជា​ទណ្ឌកម្ម​តឹងតែង​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ប្រឆាំងនឹង​ប្រទេសមួយ​ផ្សេងទៀត​ប៉ុន្តែ​បាន​បង្ហាញថា លោក​មិនមាន​គម្រោង​ធ្វើការ​វាយប្រហារ​យោធា​ទេ​។​

ក្រសួង​ហិរញ្ញវត្ថុ​បាន​ចាត់វិធានការ​ជាថ្មី​ប្រឆាំងនឹង​ធនាគារកណ្តាល​អ៊ីរ៉ង់​បន្ទាប់ពី​ក្រុមមន្ត្រី​អាមេរិក​បាន​និយាយថា ទីក្រុង​តេ​អេ​រ៉ង់​បាន​អនុវត្ត​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Mark Esper បាន​និយាយថា ការវាយប្រហារ​ទាំងនោះ​បូករួម​ជាមួយ​ទាំង​ការវាយប្រហារ​របស់​អ៊ីរ៉ង់​ទៅលើ​ដ្រូ​ន​ស៊ើបការណ៍​អាមេរិក​មួយគ្រឿង​កាលពី​ខែមិថុនា​ផងដែរ​នោះ​គឺ​តំណាង​ឲ្យ​ការឈ្លានពាន​របស់​អ៊ីរ៉ង់​កាន់តែខ្លាំង​ឡើង​។​

ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ​បានប្រកាសថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​កម្លាំងយោធា​ទៅកាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​តាម​សំណើ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អារ៉ាប់​រួម​។​

លោក Esper បាន​និយាយថា ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​អារ៉ាប៊ីសាអ៊ូឌីត លោក​ប្រធានាធិបតី​បាន​យល់ព្រម​ចំពោះ​ការដាក់​ពង្រាយ​កងកម្លាំង​អាមេរិក​ដែល​នឹងត្រូវ​ការពារ​ធម្មជាតិ​ហើយ​ផ្តោត​ជា​ចម្បង​លើ​ការការពារ​អាកាស​និង​មី​ស៊ី​ល​។​

ស្របពេល​ជាមួយគ្នា​នោះ លោក Trump បាន​វាយប្រហារ​លើ​អ្នក​រិះគន់​ដែល​គិតថា លោក​ប្រធានាធិបតី​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ហើយ​ស្វែងរក​ការឆ្លើយតប​ផ្នែក​យោធា​។​

កាលពី​ខែមិថុនា លោក Trump បានអនុញ្ញាត​ឲ្យ​បើក​ការវាយប្រហារ​យោធា​មួយ​បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​ដ្រូ​ន​ស៊ើបការណ៍​របស់​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​បាន​លុបចោល​វិញ​នៅ​នាទីចុងក្រោយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114