ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​គាំទ្រ​ក្រុង​ប៉េកាំង​កម្ទេច​ជញ្ជាំង​បាតុកម្ម​របស់​ហុងកុង ជាហេតុ​បង្កើន​ហានិភ័យ​នៃ​ការប៉ះទង្គិច​គ្នា

ក្រុម​អ្នកគាំទ្រ​ចិន​បាន​បកសារ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ឬ​គេ​ស្គាល់​ថា “Lennon Walls” នៅ​ទូទាំង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​សៅរ៍​ដែល​ទង្វើ​នេះ​បាន​បង្កើន​ឲ្យ​មានលទ្ធភាព​នៃ​ការប៉ះទង្គិច​ជាមួយ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​និង​បញ្ហា​ចុង​សប្តាហ៍​មួយទៀត​។​

នៅពេល​ព្រឹក អ្នកគាំទ្រ​ទីក្រុង​ប៉េកាំង​រាប់សិប​នាក់​បានចាប់ផ្តើម​បក​ក្រដាស​ដែលមាន​ពណ៌​ចម្រុះ​ជាច្រើន​ដែល​អំពាវនាវ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​និង​បរិហារ​ពី​ការជ្រៀតជ្រែក​របស់​ចិន​នៅក្នុង​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​។​

ការបិទ​សារ​លើ​ជញ្ជាំង​បែបនេះ​បាន​រីកដុះដាល​ពាសពេញ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ​ដូចជា​នៅ​ចំណត​ឡានក្រុង ផ្សារ​ទំនើប ក្រោម​ស្ពាន​អាកាស​និង​តាម​បណ្តោយ​ផ្លូវ​ជាដើម​។​
​ម្តងម្កាល ទីតាំង​ទាំងនេះ​ក៏បាន​ក្លាយជា​ចំណុចក្តៅ​នៃ​អំពើហិង្សា​ក្នុង​ភាពចលាចល​រយៈពេល​៣​ខែ​របស់​ទីក្រុង​នេះ​ផងដែរ​។​

ការតវ៉ា​របស់​ហុងកុង​បានកើត​ឡើង​ក្នុង​ខែមិថុនា​ជុំវិញ​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ត្រូវបាន​បញ្ជូនទៅ​ចិនដីគោក​ដើម្បី​ធ្វើការ​ជំនុំជម្រះ​។ ចាប់តាំងពី​ពេលនោះ​មក តម្រូវការ​បាន​រីក​រាលដាល​ទៅជា​ការអំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ជាស​កល​។​

សមាជិកសភា​ហុងកុង​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង​លោក Junius Ho ដែល​ធ្លាប់ជា​អ្នក​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការតវ៉ា​នេះ​បាន​ជំរុញ​ឲ្យ​អ្នកគាំទ្រ​របស់លោក​បោសសម្អាត​ជញ្ជាំង Lennon Walls ប្រមាណ​១០០​កន្លែង​នៅ​ជុំវិញ​ទីក្រុង​នេះ​នៅ​ថ្ងៃ​សៅរ៍​។​

គួរ​បញ្ជាក់ថា ជញ្ជាំង​ទាំងនេះ​ត្រូវបាន​ដាក់ឈ្មោះ​តាម​ជញ្ជាំង John Lennon នៅ​ទីក្រុង Prague ដែល​គ្រប់គ្រង​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០​ដែល​ត្រូវបាន​គ្របដណ្តប់​ទៅដោយ​អត្ថបទ​ចម្រៀង Beatles និង​សារ​នៃ​ការ​ត្អូញត្អែរ​នយោបាយ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114