ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ដឹកនាំ​មន្ត្រី​ធ្វើ​ពលកម្ម​ដើម្បី​អបអរសាទរ​ទិវា​ពិភពលោក​ស្អាត​

ភ្នំពេញ ៖ លោក​ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​បាន​ដឹកនាំ​មន្ត្រីរាជការ​សាលា​ខណ្ឌ​ច្បារអំពៅ ​និង​សង្កាត់​ទាំង​៨​ចំណុះ​ សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិន ទ្រី ធ្វើ​អនាម័យ​បរិស្ថាន​នៅតាម​បណ្ដោយ​ផ្លូវ​១១០​ និង​ក្រោម​ស្ពាន​ព្រែក​សំរោង ​ដើម្បី​អបអរសាទរ​ទិវា​ពិភពលោក​ស្អាត។

យោងតាម​ប្រសាសន៍​ លោក​ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​២១​កញ្ញា​នេះ​ លោក​បាន​ដឹកនាំ​កម្លាំង​ ​រាជការ​ សាលា​ខណ្ឌ​ និង​សង្កាត់​ទាំង​៨​ចុះ​ធ្វើ​អនា​ម័យ​បរិស្ថាន​ និង​បាន​ផ្សព្វផ្សាយ​អំពី​ការ​វេច​ខ្ចប់​ទុកដាក់ ​ប្រជាពលរដ្ឋ​ឲ្យ​លោក​បាន​យល់ដឹង​ពី​ការ​វេច​ខ្ចប់​សំរាម​ជៀសវាង​បោះចោល​ពាសវាលពាសកាល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។​ អ្វីដែល​ត្រូវ​យល់​ដឹង​ទាំងអស់គ្នា​នោះ ​គឺ​ការ​វេច​ខ្ចប់​សំរាម​។ ហើយ​ជាក់ស្តែង ​គឺ​ដើម្បី​អបអរសាទរ​ទិវា​ពិភព​លោក​ស្អាត​ពុំ​មាន​សំរាម​។

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​បន្តថា ​សព្វថ្ងៃនេះ​ ប្រជាពលរដ្ឋ​យើង​ភាគច្រើន​លោក​បាន​យល់ដឹង​ពី​ការ​វេច​ខ្ចប់​សំរាម​បាន​ត្រឹមត្រូវ​ល្អ​ណាស់​ទៅហើយ ​ប៉ុន្តែ​នៅ​មួយចំនួន​តូច​លោក​ពុំ​ទាន់​យល់ដឹង​ និង​ចេះតែ​យក​សំរាម​បោះចោល​ដោយ​ពុំ​មានការ​វេច​ខ្ចប់​ លុះដល់​ពេល​មាន​ធ្លាក់ភ្លៀង​ និង​ខ្យល់​បោកបក់​បណ្តាល​ឲ្យ​សំរាម​ប៉ើង​ពេញ​លើផ្លូវ​ ដែល​ងាយ​នឹង​ប៉ះពាល់​ដល់​បរិស្ថាន​ ថែមទាំង​កើត​ទៅជា​ជំងឺឆ្លង​ដល់​សុខភាព​យើងទាំងអស់គ្នា។

គួរ​បញ្ជាក់ថា ​សំរាម​សព្វថ្ងៃនេះ ​បើសិនជា​មានការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​ គឺ​ច្បាស់​ជា​មូល​ដ្ឋាន​យើង​គ្មាន​សំរាម​នោះទេ​។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​ចចេស​រឹងរូស​មិន​ព្រម​ចូលរួម​សំអាត ​ហើយ​ថែមទាំង​បង្ក​ការ​បោះចោល​សំរាម​ពាសវាលពាសកាល​ ដែល​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​សំអាត​អនាម័យ​សឹង​គ្មាន​ពេល​សម្រាក​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114