ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ បញ្ជា​ឲ្យ​ម្ចាស់​បក​ស្គុត​ខ្មៅ​រថយន្ត​៣​គ្រឿង ​និង​ដកហូត​ភ្លើង​សារ៉ែន​ម៉ូតូ​កង់​បី​ឥណ្ឌា​២​គ្រឿង

ភ្នំពេញ ៖ រថយន្ត​បិទ​ស្គុត​ខ្មៅ ​ត្រូវ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​បញ្ជា​ឲ្យ​ម្ចាស់​បក​ចេញ​ដោយ​ខ្លួនឯង​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ ដែល​បំពាក់​ភ្លើង​សារ៉ែន ​ត្រូវបាន​ដកហូត​ ក្នុងខណៈដែល​ដាក់​កម្លាំង​ពង្រាយ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ។

ប្រតិបត្តិការ​នោះ ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ដល់​ម៉ោង​២២​និង​០០​នាទី ថ្ងៃទី​២០​ខែ​កញ្ញា ​ឆ្នាំ​២០១៩​ ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ​ដូនពេញ ដឹកនាំ​ដោយ ​លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដាក់​កម្លាំង​សរុប ចំនួន​៣២​នាក់ ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ជាតិ​ស្រវឹង និង ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ( ត្រង់​ចំណុច​រូបសំណាក​លោកតា​ក្រម​ង៉ុ​យ ) សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

លោក​អភិបាលរង​រូបនោះ​បាន​ឲ្យ​ដឹងថា​ ប្រតិបត្តិការ​នា​យប់​នោះដែរ​ មាន​មធ្យោបាយ​ឆ្លងកាត់​សរុប​ចំនួន​៤៤០​គ្រឿង​( រថយន្ត​១៦៥​គ្រឿង និង ម៉ូតូ​២៧៥​គ្រឿង )​។​ ជាមួយគ្នា​នោះដែរ​ បាន​អប់រំ​ណែនាំ​ដល់ អ្នកបើកបរ​ម៉ូតូ គ្មាន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​អត់​កញ្ចក់​ចំនួន​៩០​គ្រឿង។​ ចំណែក​រថយន្ត​ដែល​បិទ​ស្គុត​ខ្មៅ ​បាន​ឲ្យ​ម្ចាស់​បក​ចេញ​មាន​ចំនួន​០៣​គ្រឿង និង​ដកហូត​ភ្លើង​សារ៉ែន​ពី​ម៉ូតូ​កង់​បី​ឥណ្ឌា ចំនួន​០២​គ្រឿង​ និង​អាវុធ​ឆ្លងកាត់​គ្មាន។

លោក​អភិបាលរង​ខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​ទៀត​ថា​ ការ​ចុះ​អនុវត្ត​បែបនេះ​ គឺ​ដើម្បី​កាត់បន្ថយ​នូវ​បទល្មើស​នានា ក៏ដូចជា​ការកាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114