ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្វីលីពីន​បញ្ឈប់​ការពិភាក្សា​ជំនួយ​ជាមួយ​ប្រទេស​ដែល​គាំទ្រ​ការស៊ើបអង្កេត​របស់ UN ចូលក្នុង​សង្គ្រាម​គ្រឿងញៀន

រដ្ឋបាល​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​បញ្ជា​ឲ្យ​ផ្អាក​រាល់​កិច្ចពិភាក្សា​ផ្តល់ប្រាក់​កម្ចី​និង​ជំនួយ​ជាមួយ​រដ្ឋាភិបាល​បរទេស​ណា​ដែល​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ត្រួតពិនិត្យ​នូវ​ការរំលោភ​សិទ្ធិមនុស្ស​អំ​ឡុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​។

សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​គាំទ្រ​ដោយ​ប្រទេស​អ៊ី​ស្លង់​ដែល​បានអនុម័ត​ដោយ​ការបោះឆ្នោត​សំឡេង​ភាគតិច​នៅក្នុង​ខែកក្កដា​គឺ​បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​លោក Duterte ដែល​ប្រឆាំងនឹង​ការ​ថ្កោលទោស​របស់​ប្រទេស​លោកខាងលិច​ចំពោះ​យុទ្ធនាការ​របស់លោក​ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​និង​បានទទួល​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ប៉ុន្តែ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន​។​

កាលពី​ខែ​មុន ប្រធាន​ផ្នែក​ជំនួយការ​របស់លោក Duterte បានចេញ​អនុស្សរណៈ​មួយ​ដែល​លោក​បាន​ចុះហត្ថលេខា​តាម​បញ្ជា​របស់​ប្រធានាធិបតី​ដើម្បី​កាត់ផ្តាច់​រាល់​កិច្ចពិភាក្សា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជាមួយ​បណ្តា​ប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នេះ។

អនុស្សារណៈ​នេះ​ត្រូវបាន​បញ្ចេញ​ទៅ​ឲ្យ​ប្រមុខ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ទាំងអស់​ដោយ​លេខាធិការ​ប្រតិបត្តិ​លោក Salvador Medialdea កាលពី​ថ្ងៃទី​២៧​ខែសីហា​ហើយ​ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ​ផ្លូវការ​របស់​ការិយាល័យ​គយ​ប៉ុន្តែ​ត្រូវបាន​ដកចេញ​វិញ​នៅ​ថ្ងៃ​សៅរ៍។

មន្ត្រី​ដដែល​បាន​និយាយថា “​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវបាន​បញ្ជា​ឲ្យ​ផ្អាក​ការចរចារ​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រាក់កម្ចី​និង​ហិរញ្ញប្បទាន​ឥត​សំណង​ទាំងអស់​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ណា​ដែលជា​សហ​ឧបត្ថម្ភ​ឬ​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នោះ​”​។​

សារាចរ​នេះ​បាន​និយាយថា អនុស្សរណៈ​ថ្ងៃទី​២៧​ខែសីហា​គឺ​ត្រូវ​បានចេញ​ដោយ​ផ្អែកលើ​ការបដិសេធ​យ៉ាងខ្លាំង​របស់​រដ្ឋបាល​ចំពោះ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN​។​

គួរ​បញ្ជាក់ថា សមាជិក​ទាំង​១៨​ដែល​គាំទ្រ​សេចក្តីសម្រេច​នោះ​មាន​ប្រទេស​អា​ហ្ស​ង់​ទីន អូស្ត្រាលី អូទ្រីស បា​ហា​ម៉ាស អង់គ្លេស ប៊ុលហ្គារី ក្រូ​អាត សាធារណរដ្ឋ​ឆែក ដា​ណឺ​ម៉ាក ហ្វី​ជី អ៊ី​ស្លង់ អ៊ីតាលី ម៉ិ​ក​ស៊ិ​ក ប៉េ​រូ ស្លូ​វ៉ា​គី អេ​ស្ប៉ា​ញ អ៊ុយ​ក្រែ​ន​និង​អ៊ុយ​រ៉ា​ហ្គា​យ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114