ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ខេត្ត​កែប​ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​

កែប ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៨​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​សហការី បាន​អញ្ជើញ​ចូល​រួម​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។

ក្នុង​កម្មវិធី​កាន់បិណ្ឌ​នេះដែរ​ មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត កង​កម្លាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ នាយក នាយករង​ទីចាត់ការ ប្រធាន​អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ។

ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​ក៏បាន លើកឡើងថា បច្ចុប្បន្ន​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ទើប​ស្រុកទេស​មានការ​រីក​ចម្រើន​ឥត​ឈប់ឈរ​។ ជាក់ស្តែង​វិស័យ​សាសនា​បាននិងកំពុង​រីកដុះដាល​ពេញ​ផ្ទៃ​ប្រទេស ពិសេស​ខេត្ត​កែប​របស់​យើង​តែម្តង គឺ​ត្រូវបាន​កសាង​វត្ត​អារាម​យ៉ាងច្រើន​សម្រាប់​ប​ម្រើ​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា​ នៃ​យើង។

ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​ប្រគេន​ទេយ្យវត្ថុ និង​ប្រគេន​យេ​គូ​ដល់​ព្រះសង្ឃ និង​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ចំពោះ​បុព្វការី​ជន អ្នកស្នេហាជាតិ មាតា​បិតា ញាតិកា​ទាំង៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ជា​កិច្ច​ឆ្លងបុណ្យ។

សូម​បញ្ជាក់​ថា ៖ ក្នុងឱកាស​វេន​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​កំពង់ត្រឡាច​នា​ព្រឹក​នេះ បច្ច័យ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ខេត្ត រួមជាមួយ​មន្ត្រីរាជកា​រ សរុប​ចំនួន​៣.៧៧០.០០០​រៀល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114