ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្វេសប្រហែស​នឹង​ការងារ ពេល​សែង​រំកិល​រន្ទា​ដែក សង្កត់​ចំ​ខ្សែភ្លើង ​ឆ្លង​ចរន្ត​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់

ភ្នំពេញ ៖ យុវជន​ម្នា​ក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​កំពុងធ្វើការ​ងារ​ផ្នែក​សាងសង់ ហើយ​លើក​រំកិល​រន្ទា​ដែក​ទៅ​កន្លែង​ផ្សេង ​តែ​មិនបាន​មើល​គ្រប់​ជ្រុងជ្រោយ ​បែរជា​ជើង​រន្ទា​សង្កត់​ប៉ះចំ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​តែម្ដង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ការដ្ឋាន សំណង់ផ្ទះ​ល្វែង​កំពុង​សាងសង់​មួយកន្លែង​ តាម​ផ្លូវលំ​ក្នុង​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​នៅ​កន្លែង មានឈ្មោះ ម៉ៃ ស៊ី​ម៉ា​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​កម្មករ​ម្នាក់ទៀត រង​របួស​ធ្ងន់ មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់តែ​ដឹង​ថា ជា​អ្នក​រួម​ការងារ ក្រោយ​កើតហេតុ​ភ្លាមៗ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ប្រភព​បន្ត​ទៀត​ថា មុន​កើតហេតុ មាន​កម្មករ​៣​នាក់ នាំគ្នា​លាយ​បេតុង ដើម្បី​បៀក បិទ ជញ្ជាំង ប្លង់​សេ ក្រោយពី​លាយ​ច្របល់​បេតុង​រួច នាំគ្នា​សែង​រន្ទា ដែក​បង្ខិត បម្លាស់ទី ជា​ចៃដន្យ ជើង​រន្ទា​សង្កត់​លើ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត ឆក់​ជនរងគ្រោះ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​តែម្ដង បង្ក​ឲ្យ​ឆោឡោ​ឡើង។

ក្រោយ​កើតហេតុ​ភ្លាមៗ​ ជនរងគ្រោះ​ម្នាក់ ​ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​សព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​មូលដ្ឋាន ចុះទៅពិនិត្យ សាកសួរ​ជាក់ស្តែង រួច​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ធ្វើ​កោសល្យ​វិច័យ ឃើញ​ថា​ពិតជា​ស្លាប់​ដោយ​ឆក់​ចរន្ត​ភ្លើង​ប្រាកដ​មែន ហើយ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅផ្ទះ​ក្នុង​ភូមិ ក្បែរ​កន្លែង​កើតហេតុ​នោះ ដោយ​មិន​មានការ​ប្ដឹងផ្ដល់​អ្វី​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114