ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ខៀវ សា​ម៉េ​ត អញ្ជើញ​ជួប​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្តាល ពិភាក្សា​លើ​ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំងពីរ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ខៀវ សា​ម៉េ​ត ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​បានធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​រដ្ឋធានី Dushanbe ប្រទេស​តាជី​គី​ស្ថាន និង​អញ្ជើញ​ជួប​លោក Rustam Emomali ប្រធាន​សមាគម​បាល់ទាត់​អាស៊ី​កណ្តាល​។

​លោក Emomali ដែល​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​កណ្តាល ហៅ​កាត់ ( CAFA ) កាលពី​ខែឧសភា​កន្លងមក បាន​សម្តែង​នូវ​សេចក្តី​រីករាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន AFF ។ កិច្ចពិភាក្សា​នេះ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​លទ្ធភាព​របស់ AFF និង CAFA ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នៅពេល​ក្រោយ​។

“ ការពិភាក្សា​របស់​យើង​បាន​ផ្តោតលើ​ប្រធានបទ​ផ្សេងៗ​គ្នា​ក្នុងចំនោម​ប្រធានបទ​ទាំងនេះ ដែល​ជំរុញអោយមាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទិ និង​ការអភិវឌ្ឍន៍​ការលេង​នៅក្នុង​តំបន់​របស់​យើង​។ យើង​បាន​ឯកភាព​ថា ការធ្វើការ​ជាមួយគ្នា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សមាគម​របស់​យើង​ទាំងពីរ​” ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ខៀវ សា​ម៉េ​ត ដែល​បាន​កាន់​តួនាទី​ជា​ប្រធាន​សហព័ន្ធ AFF កាលពី​ខែមីនា ឆ្នាំ​២០១៩​នេះ​។

​កិច្ចប្រជុំ​ចុងក្រោយ​នេះ​ជាមួយ CAFA ដែល​ធ្វើឡើង​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជា​យុទ្ធសាស្ត្រ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់ កាតា កាលពី​ខែសីហា​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ខៀវ សា​ម៉េ​ត ចំពោះ​សមាគម​សមាជិក AFF ក្នុងការ​អភិវឌ្ឍ​និង​លើកកម្ពស់​វិស័យ​បាល់ទាត់​អាស៊ាន​។

អំឡុងពេល​នៅក្នុង​រដ្ឋធានី ឌូ​សាន​បេ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សា​ម៉េ​ត ក៏បាន​ជួប​ជាមួយ​ប្រធាន AFC គឺ​លោក Shaikh Salman bin Ebrahim Al Khalifa ដោយ​ឯកឧត្តម បាន​គាំទ្រ​ចំពោះ​ចលនា​មួយ​នេះ ដែលជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​ក្នុង​តំបន់ ។

គួរ​រំលឹក​ផងដែរ​ថា កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ លោក​ខៀវ សា​ម៉េ​ត ក៏បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​អគ្គលេខាធិការ​អាស៊ាន​លោក H.E. Dato Lim Jock Hoi នៅ​លេខាធិការដ្ឋាន​អង្គការ​ប្រចាំ​តំបន់ ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114