ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា​៖ ឈ្នះ​សប្តាហ៍​ទី​២៣​នេះ ព្រះខ័ន​រាជ​ស្វាយរៀង នឹង​គ្រង​ជើងឯក​លី​គ​រដូវ​កាល​នេះ

ការប្រកួត​ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ សប្តាហ៍​ទី ២៣ ថ្ងៃអាទិត្យ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មាន ៤​គូ​នឹង​ធ្វើ​ការប្រកួត​តទល់​គ្នា ហើយ​ក្នុងនោះ ប្រសិនបើ​ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ លើ​វិសាខា នោះ​ពួកគេ​នឹង​គ្រង​ជើងឯក​លី​គ​ដោយ​ស្វ័យប្រវត្តិ ដោយសារ​ស្ថានភាព​ពិន្ទុ​។

យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ប៉ះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត
ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ម៉ោង ៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​ជូន​ទស្សនា​លើ​គេហទំព័រ Youtube របស់ CNCC ។ សម្រាប់ យុវជន​សាលា​បាល់ទាត់​ជាតិ នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​មួយចំនួន ដូចជា អ្នកចាំទី ថា ចាន់​រិទ្ធី ខ្សែប្រយុទ្ធ អ៊ា​ន ពិសី និង សៀង ច​ន្ធា ដែល​ទៅ​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍ នៅ​ក្លឹប Vegalta Sendai ដែលជា​ក្លឹប​ក្របខណ្ឌ​លី​គ​កំពូល​ជប៉ុន ចាប់ពី​ថ្ងៃទី​០៩ រហូតដល់​ថ្ងៃទី​២៩ ខែកញ្ញា​ខាងមុខ​។ យុវជន​សាលា​បាល់ទាត់​ជាតិ គិត​ត្រឹម​បច្ចុប្បន្ន ស្ថិតនៅ​បាត​តារាង មាន ៣ ពិន្ទុ ប្រកួត​ឈ្នះ ១​លើក និង​ចាញ់ ២១​លើក ។ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បច្ចុប្បន្ន​ស្ថិតនៅ​លេខ​រៀង​ទី ៩ ក្នុង​តារាង​ពិន្ទុ ប្រកួត ២២​លើក ឈ្នះ ៨ ស្មើ ៤ និង​ចាញ់ ១០ លើក មាន ២៨​ពិន្ទុ ប្រកួត​ចុងក្រោយ​របស់ខ្លួន គឺ​ស្មើ​ជាមួយ​បឹងកេត ២-២ ។ ជួបគ្នា​កាលពី​ជើង​ទី​១ អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​យុវជន​សាលា​បាល់ទាត់​ជាតិ ៦ ទល់នឹង ១ ។

​បឹងកេត ប៉ះ ណាហ្គា​វើ​ល
ក្រុម​ទាំងពីរ​នឹងត្រូវ​តទល់​គ្នា​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ វេលា​ម៉ោង ៣:៣០​នាទី​រសៀល ដោយមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV ។ គិត​ត្រឹម​បច្ចុប្បន្ននេះ លទ្ធភាព​នៃ​ការ​ប្រជែង​ពានរ​បស់​ក្រុម​ទាំងពីរ គឺ​អស់​ទៅហើយ ដោយ​ក្នុងនោះ បឹងកេត ស្ថិតនៅ​លេខ​រៀង​ទី ៥ មាន ៤២​ពិន្ទុ រីឯ ណាហ្គា​វើល ស្ថិតនៅ​លេខ ៣ មាន ៤៧​ពិន្ទុ។
ជួបគ្នា​កាលពី​ជើង​ទី​១ បឹងកេត បាន​យកឈ្នះ​ណាហ្គា​វើ​ល ២ ទល់នឹង ០ ។

ក្រសួងការពារជាតិ ប៉ះ ភ្នំពេញ​ក្រោ​ន
ក្រុម​ទាំងពីរ​នឹងត្រូវ​តទល់​គ្នា​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ វេលា​ម៉ោង ៦:០០​នាទី​ល្ងាច ដោយមាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី ។ គិត​ត្រឹម​បច្ចុប្បន្ននេះ ក្រសួងការពារជាតិ មាន ៣៥​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី ៧ នៅ​ពីក្រោម​ភ្នំពេញ​ក្រោ​ន ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៦ មាន ៣៨​ពិន្ទុ។ ជួបគ្នា​កាលពី​ជើង​ទី​១ ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ ក្រសួងការពារជាតិ ៣ ទល់នឹង ១។

​វិសាខា ប៉ះ ព្រះខ័ន​រាជ​ស្វាយរៀង
ក្រុម​ទាំងពីរ​នឹងត្រូវ​តទល់​គ្នា​នៅ​កីឡដ្ឋាន​វិសាខា វេលា​ម៉ោង ៦:០០​នាទី​ល្ងាច ដោយមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV ។ វិសាខា បច្ចុប្បន្ន​ស្ថិតនៅ​លេខ​រៀង​ទី ២ កំពុង​ជា​បេក្ខភាព​ប្រជែង​ពានរង្វាន់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ចុងក្រោយ​គេ ដែលមាន​គម្លាត ៨​ពិន្ទុ​។ ប្រសិនបើ​ពួកគេ​បរាជ័យ នោះ​ព្រះខ័ន​រាជ នឹង​ឈ្នះ​ជើងឯក​ត្រឹម​សប្តាហ៍​នេះ បើទោះបីជា​រដូវ​កាល ២០១៩ នឹង​បញ្ចប់​ក្នុង​សប្តាហ៍​ទី​២៦​ក៏ដោយ​។

​ជួបគ្នា​កាលពី​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​វិសាខា ដោយ​លទ្ធផល ៥ ទល់នឹង ៣៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114