ព័ត៍មានទាន់​ហេតុការណ៏
Search

វិទ្យាល័យ ឥន្ទ្រ​ទេវី បំបាក់​សាលារៀន វេ​ស្ទ​ឡា​ញន៍ ១៣-២ បន្ត​ប្រជែង​វិទ្យាល័យឫស្សី​កែវ​

ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ប្រចាំឆ្នាំ ២០១៩ សប្តាហ៍​ទី ១៣ បាន​បញ្ចប់ទៅ​កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែកញ្ញា កន្លងទៅ ដោយ​វិទ្យាល័យ ឬ​ស្សី​កែវ បាន​វាយបក​យកឈ្នះ​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ៦-១ និង វិទ្យាល័យ ឥន្ទ្រ​ទេវី បំបាក់​សាលារៀន វេ​ស្ទ​ឡា​ញន៍ ១៣-២ ។

ក្នុង​នោះ​ផង​ដែរ ក៏មាន​ការប្រកួត​ដទៃ​ទៀត​ផងដែរ រួមមាន វិទ្យាល័យ ជា ស៊ីម សាមគ្គី យកឈ្នះ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ វិទ្យាល័យ ច្បារអំពៅ ចាញ់ វិទ្យាល័យឫស្សី​កែវ ២ ទល់នឹង ៥ ដោយ​ការប្រកួត​ទាំងនោះ​ធ្វើឡើង​នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ច្បារអំពៅ និង វិទ្យាល័យ បឹងត្របែក​។

គិត​ត្រឹម​បច្ចុប្បន្ននេះ វិទ្យាល័យ ឬ​ស្សី​កែវ នៅតែ​ឈរ​កំពូល​តារាង ដោយមាន ៣៣​ពិន្ទុ ប្រដេញ​ពីក្រោយ​ដោយ​វិទ្យាល័យ ឥន្ទ្រ​ទេវី មាន ៣១​ពិន្ទុ ប៉ុន្តែ​ឥន្ទ្រ​ទេវី នៅសល់ ១​ប្រកួត​ក្នុង​ដៃ ។ ក្រុម​ទាំងពីរ​ជា​គូប្រជែង​ដណ្តើម​ជើងឯក ប្រចាំ​ឆ្នាំ​ទី​១​នៃ​ពានរង្វាន់​វិទ្យាល័យ ខណៈដែល វិទ្យាល័យ ជាស៊ីម សាមគ្គី ស្ថិតនៅ​លេខ​រៀង​ទី​៣ មាន​ត្រឹម ១៩​ពិន្ទុ ដែលមាន​គម្លាត ១៤​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង។

វិទ្យាល័យ ព្រះស៊ីសុវត្ថិ សាលារៀន វេ​ស្ទ​ឡា​ញន៍ មាន ១៨​ពិន្ទុ​ស្មើគ្នា នៅ​លេខ​រៀង​ទី ៤ និង​ទី ៥ វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី មាន ១៣​ពិន្ទុ នៅ​លេខ​រៀង​ទី ៦ វិទ្យាល័យ ច្បារអំពៅ មាន ១២​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី ៧ វិទ្យាល័យ បឹងត្របែក ស្ថិតនៅ​លេខ​រៀង​ទី ៨ មាន ១០​ពិន្ទុ និង​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ស្ថិតនៅ​បាត​តារាង មិនដែល​ស្គាល់​ជ័យជម្នះ ឬ​ស្មើ​ឡើយ ដោយ​ស្ថិតិ​ជំពាក់​គ្រាប់​បាល់​រហូតដល់ ៧២​គ្រាប់។

ការប្រកួត​នឹង​បន្ត​រហូតដល់​បញ្ចប់​ស​ប្តា​ហ៍​ទី ១៨ ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ វិទ្យាល័យ​ណា នឹង​កាន់កាប់​តំបន់​កំពូល​តារាង ដើម្បី​គ្រង​ជើងឯក រួម​ជាមួយនឹង​ប្រាក់រង្វាន់ ៦០​លាន​រៀល ខណៈដែល​ក្រុម​ចំណាត់ថ្នាក់​លេខ ២ ទទួលបាន ៤០​លាន​រៀល និង លេខ ៣ ទទួលបាន ២០​លាន​រៀល។

គួរ​រំលឹកថា ពានរង្វាន់​ជើងឯក​វិទ្យាល័យ​នេះ គឺជា​ការបង្កើត​ឡើងលើ​ក​ដំបូង ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេត និង​បានចាប់ផ្តើម​ប្រកួត​តាំងពីដើម​ខែមិថុនា កន្លងមក៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114