ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​អ៊ីរ៉ាក់​២៥​នាក់ ​បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​ពី​កម្ពុជា​ដោយ​ជោគជ័យ

ភ្នំពេញ​ ៖ មន្ត្រី​អ៊ីរ៉ាក់​២៥​នាក់​ បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​ពី​ប្រទេស​កម្ពុជា​ដោយ​ជោគ​ជ័យ​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​អស់ រយៈពេល​៤០​ថ្ងៃ​រួចមក។

ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្មវិធី​ហ្វឹកហ្វឺន​អ៊ីរ៉ាក់ លើ​វគ្គ​ជំនាញ​កំទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុំ (EOD) កម្រិត​៣ គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ។

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​បិទ​វគ្គ​នាឱកាស​នោះ​ថា នេះ​ជា​លើក​ទី​៦​ហើយ​ដែល​សិក្ខាកាម​អ៊ីរ៉ាក់ បានមក​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន នៅ​កម្ពុជា​ជាមួយ​អង្គភាព​ស៊ីម៉ាក់​។

លោក​បន្តទៀតថា វគ្គ​ហ្វឹកហ្វឺន​លើក​ទី​៦​នេះ មាន​សិក្ខាកាម​ចំនួន​២៥​នាក់ ដែល​មកពី​ស្ថាប័ន​ផ្សេងគ្នា​រួមមាន​ក្រសួងមហាផ្ទៃ អង្គភាព​កំចាត់មីន​ឃើ​ត និង​ក្រសួងបរិស្ថាន ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​សកម្មភាព​មីន​ស៊ីម៉ាក់ សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​មីន នៅ​ខេត្តសៀមរាប កងឯកភាព​កំចាត់មីន​ទី​២ និង​កងឯកភាព​កំចាត់មីន​៥ ដែលមាន​រយៈពេល​៤០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ខែសីហា ដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​។

​កាលពី​ខែ​ចុងខែ​សីហា​ឆ្នាំ​២០១៩​កន្លងទៅនេះ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា (​ស៊ីម៉ាក់​)​បានធ្វើ​ការបិទ​ទាហាន​កូ​ឡុំ​ប៊ី​ចំនួន​៨​នាក់ ដែល​បានមក​ហ្វឹកហ្វឺន ជាមួយ​មន្ត្រី​ជំនាញ​អង្គភាព​ស៊ីម៉ាក់​ចំនួន​២​ខែ លើ​ជំនាញ​គ្រឿងចក្រ​កំទេច​មីន​ផងដែរ​ដែល​វគ្គ​ហ្វឹកហ្វឺន​នេះ គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICS ផ្តល់​ជូនទៅ​រដ្ឋាភិបាល​ប្រទេស​កូ​ឡុំ​ប៊ី ហើយ​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី បានជ្រើសរើស​កម្ពុជា និង​អង្គភាព​ស៊ីម៉ាក់ ជា​អ្នកផ្តល់​ការហ្វឹកហ្វឺន​ព្រោះថា​ប្រទេស កូ​ឡុំ​ប៊ី​មាន​សង្គ្រាមស៊ីវិល​ជិត​កន្លះ​សតវត្ស​ដូច​ប្រទេស​កម្ពុជា​ដែរ​។

គួរ​បញ្ជាក់​ថា ​អង្គភាព​ស៊ីម៉ាក់​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា​ជា​អង្គភាព​មួយ​មាន​ជំនាញ​និង​បទពិសោធន៍​ខ្ពស់​ទាក់ទិន​និង​វិស័យ​មីន​និង​អាវុធ​យុទ្ធ​ភ័​ណ្ធ​មិនទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សង្គ្រាម​ហើយ​មាន​ប្រទេសមួយ​ចំនួន​បា​នប​ញ្ជួ​ន​មន្ត្រី​របស់ខ្លួន​មក​សិក្សា​រៀនសូត្រ​ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍​ល្អៗ​យកទៅអនុវត្ត​នៅ​ប្រទេស​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​ពិសេស​ប្រទេស​កូ​ឡុំ​ប៊ី​និង​អ៊ី​រ៉ាក់ ​ដែ​លជា​ប្រទេស​មាន​បញ្ហា​សង្គ្រាម​ព្រមទាំង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​មួយចំនួន​ផងដែរ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114