ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ខ្មែរ​ចំនួន​៩៩ ដែល​មាន​ស្តង់​សរុប​ចំនួន ១៤៥​ស្តង់​បាន​កំពុង​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន

ក្វាង​ស៊ី​, ចិន​ ៖​ ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា​នៅ ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណាន នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​បាន​ដឹកនាំ​ក្រុមហ៊ុន​ខ្មែរ​ចំនួន​៩៩ ក្រុមហ៊ុន និង​មាន​ស្តង់​សរុប​ចំនួន ១៤៥​ស្តង់ ត្រូវបាន​បង្ហាញខ្លួន ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៦ នៅ​ប្រទេស​ចិន​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ​នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​មានការ​ចូលរួម​ពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​សមាជិក​គណៈប្រតិភូ​អន្តរក្រសួង បាន​អញ្ជើញ​ចូលរួម​កាត់​ខ្សែបូ​សម្ពោធ និង​ទស្សនា​ស្តង់​ផលិត ផល​ខ្មែរ និង​សេវាកម្ម ស្ថិតនៅក្នុង​ពន្លា​ជាតិ​កម្ពុជា ដើម្បី​ចូលរួម​អបអរសាទរ និង​សំណេះសំណាល​ជាមួយ​អាជីវករ ពាណិជ្ជករ និង​អ្នកវិនិយោគទុន ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។

ក្រសួង​បន្តថា​ ពិព័រណ៍​ចិន​-​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​របស់​រដ្ឋបាល​តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​រៀប​ចំ​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៤ តាម​គំនិត​ផ្តួចផ្តើម​របស់ លោក​វិ​ន ជា​បាវ អតីត​នាយករដ្ឋមន្ត្រី​ចិន នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​៧ ហើយ​ទទួលបាន​ការ​គាំទ្រ​ពី​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​។ ក្នុង​ឆ្នាំ​២០១៩ នេះ ប្រទេស​កម្ពុជា បាន​ដឹកនាំ​ពាណិជ្ជករ​មក​ចូល​រួមមាន​ចំនួន ៩៩ ក្រុមហ៊ុន និង​មាន​ស្តង់​សរុប​ចំនួន ១៤៥​ស្តង់ ក្នុងនោះ ស្តង់​ផលិតផល​កសិកម្ម​មាន​ចំនួន ៤១​ស្តង់ ស្មើ​២៨%, សេវាកម្ម និង​គម្រោង​វិនិយោគ ២៨​ស្តង់ ស្មើ​១៩%, ម្ហូបអាហារ និង​ភេសជ្ជ​: ២២​ស្តង់ ស្មើ​១៥%, សិប្បកម្ម ៣៥​ស្តង់ ស្មើ​២៤% និង​ផលិតផល​វត្ថុ​អនុស្សាវរីយ៍ ចំនួន ១៩​ស្តង់ ស្មើនឹង ១៣%​។

បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ង​រយៈពេល ១៦​ឆ្នាំ កន្លង​មក​នេះ ព្រឹត្តិការណ៍​ពិ​ព័រ​ចិន​-​អាស៊ាន បាន​ក្លាយជា​វេទិកា​សំខាន់​មួយ សម្រាប់​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​ការទូត ជាពិសេស​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ចិន និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​។

នា​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ជម្រាប​ជូន​បងប្អូន​អាជីវករ ពាណិជ្ជករ និង​អ្នក​ចូល រួមទាំង​អស់ អំពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព តាមរយៈ​ការ​ជំរុញ​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម ការបើក​ច្រក​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​ជូន​វិស័យ​ឯកជន ហើយ​ការចូលរួម​របស់​កម្ពុ​ជា នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ស្មើមុខ ស្មើ​មាត់ ស្មើ​សិទ្ធិ និង​ស្មើភាព​គ្នា​របស់​កម្ពុជា ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល​សក្តានុពលរ​បស់​កម្ពុជា សម្រាប់​ជំរុញ​ការនាំ ចេញ ផ្សព្វផ្សាយ​អំពី​ទេសចរណ៍ វប្បធម៌ ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​រឹត​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​អន្តរជាតិ ជាដើម​។​ល៕
​ឌួង​វិរះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114