ព័ត៍មានទាន់​ហេតុការណ៏
Search

មេធាវី​លោក កឹម សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គាត់​មិនមែនជា​នំ​បញ្ចុក​ទេ កុំ​ថែម​ល្បោយ​អី

ភ្នំពេញ ​៖ មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប គឺ​លោកស្រី ម៉េង សុភា​រី បាន​ប្រតិកម្ម​ចំពោះ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​មួលបង្កាច់​សំដី​របស់ខ្លួន បន្ទាប់ពី​វិទ្យុ​នេះ​បានធ្វើ​បទ​សម្ភាសន៍ ទាក់ទង​ទៅនឹង​ស្ថានភាព​របស់លោក កឹម សុខា នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

ប្រតិកម្ម​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ធ្វើឡើង​ក្រោយពី​អ្នក​អត្ថាធិប្បាយ​ដ៏​មាន​ថ្វីមាត់​មួយរូប​របស់​វិទ្យុ​អាស៊ីសេរី គឺ​លោក មួង ណា​រ៉េត បានធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោកស្រី ម៉េង សុភា​រី ប៉ុន្តែ​នៅពេល​អត្ថាធិប្បាយ បែរជា​បកស្រាយ​ខុស​ទៅ​នឹង​អ្វី​ដែល​គាត់​បាន​និយាយ​។

លោកស្រី ម៉េង សុភា​រី បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​យ៉ាងនេះ​ថា “​អាស៊ីសេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការ​សម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សម្លេង​) តែ​គាត់​ថែម​ល្បោយ​លើ​បទសម្ភាសន៍​ទាំង​មុន និង​ក្រោយ​ទៀត​។ ខ្ញុំ​មិនមែន​នំ​បញ្ចុក​ទេ មិនបាច់​ថែម​ល្បោយ​ឡើយ​”​។

សូម​បញ្ជាក់​ថា នៅក្នុង​បទ​សម្ភាសន៍​នោះ លោកស្រី ម៉េង សុភា​រី បាន​និយាយ​ថា “​ខ្ញុំ​អត់​បាន​ទៅសួរ​សុខទុក្ខ​គាត់ (​កឹម សុខា​) ផង ដូច្នេះ​អត់​ទទួល​បាន​ព័ត៌មាន​អី​ពី​គាត់​ទេ តែ​តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ គិត​ថា ធម្មតា​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​កាលណា​មាន​ពិធីបុណ្យ​សាសនា ពិធីបុណ្យ​ជាតិ​ចឹ​ង គឺ​តែងតែ​ចង់ទៅ​ចូលរួម​កម្មវិធី​ហ្នឹងហើយ ជាពិសេស​បុណ្យ​ភ្ជុំបិណ្ឌ​ទៀត​ផង ជា​បុណ្យ​ដែល​យើង​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ ដែល​បាន​ចែក​ឋាន​ទៅ ហើយ​សាច់ញាតិ​ដែល​នៅ​រស់​ហ្នឹង​តែងតែ​ចង់ទៅ​វត្ត​ទៅ​វ៉ា ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​សន្តាន​របស់​គាត់​ហើយ មិន​ថា​តែ​រូប​គាត់ អ្នកណាៗ​ទេ ឲ្យ​តែ​កាន់​ព្រះពុទ្ធសាសនា​។ ពួក​ខ្ញុំ​មិនទាន់​បាន​ជជែក​គ្នា​ថា ត្រូវសុំ​ឬ​អត់​ផង ចាំមើល​ខ្ញុំ​ជជែក​គ្នា​សិន​ណា​”​។

ក្រោយពី​ដាក់​សម្តី​លោកស្រី ម៉េង សុភា​រី ហើយ លោក មួង ណា​រ៉េត ដែល​ស្គាល់​ថា ជា​អ្នក​អត្ថាធិប្បាយ​ដ៏​មាន​ថ្វីមាត់​មួយ​រូប​របស់​វិទ្យុ​អាស៊ីសេរី ហើយ​ដែល​មហាជន​តែងតែ​និយាយ​ថា ជា​អ្នក​អត្ថាធិប្បាយ​ចូលចិត្ត​មួល​សភាព​ការបន្ថែម​នោះ បាន​និយាយថា “​លោកស្រី ម៉េង សុភា​រី ប្រាប់​ថា កូនក្តី​របស់​ខ្លួន​គ្មាន​ក្តី​សុខ​ស្រួល​ឡើយ ព្រោះ​ចៅក្រម​បាន​ដកហូត​សិទ្ធិ​សេរីភាព​នៅ​ក្នុងនាម​ជា​មនុស្សជាតិ​ស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ សូម្បីតែ​ទៅ​វត្ត​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ក៏​គ្មាន​ដែរ​ចំពោះ​លោក កឹម សុខា នោះ​”​។

ចំណែក​លោក មុត ចន្ថា អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​ប្រឆាំង​បាន​អះអាងថា អាស៊ីសេរី​គួរតែ​ធ្វើជា​គំរូ​គេ ទើប​អាច​រិះគន់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​បំភ្លៃ​ការពិត​បាន​។​

​គួរ​រំលឹកថា វិទ្យុ​អាស៊ីសេរី ដែល​ត្រូវបាន​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក ហើយ​មាន​អត្ថាធិប្បាយ​ពីរ​រូប ដែល​ពូកែ​មូល​សភាព​ការពិត​ពី​កម្ពុជា​នោះ ត្រូវ​បាន​ចាត់ទុកថា ជា​វិទ្យុ​បម្រើ​ឲ្យ​នយោបាយ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក បើ​ទោះបី​ជា​ដឹងថា ពួក​ទាំងនោះ ក្លាយជា​ភេរវជន ដែល​បាននឹងកំពុង​ប៉ុនប៉ង​បំផ្លាញ​កម្ពុជា​ក៏ដោយ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114