ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ដល់​អំណោយ សប្បុរសធម៌​ដល់​បងប្អូន រងគ្រោះ​ដោយ​អគ្គីភ័យ​ទាំង​២៤​គ្រួសារ​នៅ​ច្រាំង​ចំរេះ

ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​គណៈ ប្រតិភូ បាន​អ​ញ្ជើ​ញ ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ​បរិភោគ ព្រមជាមួយ​ថវិកា មួយ​ចំនួន​៨០០០​ដុល្លារ ប្រគល់​ជូន​ប្រជាពលរដ្ឋ ២៤ គ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា កន្លងទៅនេះ ស្ថិតនៅ​ភូមិឃ សង្កាត់​ច្រាំង​ចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ពិធី​ផ្ដល់​អំណោយ​មនុស្ស​ធម៌​នេះ បាន​ប្រព្រឹត្ដ​ទៅ​កាលពី​រសៀល​ថ្ងៃ សុក្រ ៧​រោច​ខែ​ប​ទ្រ​បទ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣ ​ត្រូវ​នឹង​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ២០១៩។

អំណោយ​ដែល​ចែក​ជូន​ដល់​បងប្អូន​រងគ្រោះ​ក្នុង​ថ្ងៃ​នេះ ក្នុង​១ គ្រួសារ​ទទួល​បាន អង្ករ​១០ គីឡូ ក្រាម មី ១​កេស​, ទឹក​ស៊ី​អ៊ី​វ​៦​ដប​, ត្រីខ​៥​កំប៉ុង និង​ថវិកា​ចំនួន ៧៤០,០០០​រៀល ក្នុង​១​គ្រួសារ សម្រាប់ ១៦ គ្រួសារ ៤៣០,០០០​រៀល ក្នុង ១ គ្រួសារ សម្រាប់ ៨ គ្រួសារ​ចំណែក​ផ្ទះ​ដែល​ឆេះ​ទាំងស្រុង​ចំនួន ៦​ទទួល​បាន​៣០០ ដុល្លារ ក្នុង ១ ខ្នង និង​ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​ចំនួន ៨ ខ្នង​ទៀត ទទួល​បាន ១០០ ដុល្លារ ក្នុង​១ ខ្នង ព្រមទាំង​អ្នក​រងរបួស​ធ្ងន់​ដែល​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ទទួល​បាន ១,០០០,០០០ រៀល​។

ថវិកា​ទាំងនេះ​ទទួល​បាន​ការឧបត្ថម្ភ​ពី​លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចំនួន​២,៦០០ ដុល្លារ និង មិ​ត្ដ​សប្បុរស​ធម៌ YOUNES Tourism ម៉ាឡេស៊ី​ចំនួន​១,២០០ ដុល្លារ លោកស្រី ម៉ាណ ណាវី សមាជិក​រដ្ឋសភា ១,០០០ ដុល្លារ សប្បុរសជន​តាមរយៈ លោកស្រី ម៉ាណ ណាវី សរុប​ចំនួន ១,០០០ ដុល្លារ លោក​ឧកញ៉ា សៀក សោ​ភ័​ណ្ឌ និង​លោកជំទាវ ឡេង ខេ​មា ១,៨៤០,០០០ រៀល លោក អ៊ឹម នា​ញ (​ហៅ ម៉ាត់ ប៉ូល​យ៉ាន​) ១,០០០,០០០ រៀល ហ្សាំ ហ្សាំ គ្រុប ២០០ ដុល្លារ​។ ដោយឡែក លោក មាត់ សារី ឧបត្ថម្ភ​ជា​សម្ភារៈ​គិត​ជា​ទឹកប្រាក់​ចំនួន ៤៨០ ដុល្លារ និង​អំពូល​ភ្លើង​ចំនួន ១៤០ អំពូល សរុប​ទាំង​ថវិកា និង សម្ភារៈ មាន​ចំនួន ៦,៤៨០ ដុល្លារ និង ៤,៧៦០,០០០ រៀល​។

​នៅ​ក្នុង​មតិ​សំណេះសំណាល​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​សំដែង​នូវ​អារម្មណ៍​ក្តុកក្តួល និង អាណិតអាសូរ​ជា​ពន់ពេក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ២៤ គ្រួសារ ដែល​បាន​ជួប​នូវ ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ លោក​បន្ត​ថា ក្នុងនាម​ថ្នាក់​នាំ លោក​សូម​ចូលរួម​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។ ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ គឺជា​ទុក្ខ​លំបាក​របស់​ថ្នាក់ដឹកនាំ ជាពិសេស រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់ និង​ខ្វល់ខ្វាយ​ចំពោះ​សុខទុក្ខ​របស់​បងប្អូន ហើយក៏​បាន​ចាត់​អោយ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ចុះ​ជួប សាកសួរ​សុខទុក្ខ និង​រិះរក​មធ្យោបាយ​ដើម្បី​ជួយ​ដោះ​បន្ទុក​ជូន​បងប្អូន ជាមួយនឹង​ការ​អំពាវនាវ​ដល់​អង្គ​ការ សមាគម​នានា និង​សប្បុរសជន​ពី​ទី​ជិត​ទី​ឆ្ងាយ ដើម្បី​ចូលរួម​ចែករំលែក​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​ជួប​ការលំបាក​នេះ។

លោក ទេសរដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​បងប្អូន ត្រូវតែ​តាំងចិត្ត​ឲ្យ​រឹងមាំ​ដើម្បី​បន្ត​ក៏​សាង​ជីវិត​ទៅខាង​មុខ​ដ៏​វែងឆ្ងាយ​ទៀត ហើយ​សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដ៏​អ​កុសល​នេះ​។

តាម​សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​ខាង​លើបង្ក​ឲ្យ​ខូចខាត​អស់​ផ្ទះ​ចំនួន ១៤ ខ្នង ស្មើនឹង ២៤ គ្រួសារ ក្នុង​នោះ​ផ្ទះ​ដែល​ឆេះ​ទាំងស្រុង​មាន​ចំនួន ០៦ ខ្នង និង ០៨ ខ្នង​ទៀត​រង​ការខូចខាត​ធ្ងន់ធ្ងរ ខណៈ​ក្មេង​ប្រុស ​អាយុ១២​ឆ្នាំ​ម្នាក់ បាន​ស្លាប់ និង​បុរស​ជា​ឪពុក​រង​របួស​ធ្ងន់​ស្ថិតក្នុង​ដំណាក់កាល​សង្គ្រោះ​បន្ទាន់​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114