ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ៖ អ្នកចូលរួម​អនុវត្ត​នៅក្នុង​គោលនយោបាយ​ឈ្នះ​-​ឈ្នះ គឺ​យោធិន​ចូលនិវត្តន៍

កំពង់ចាម ​៖ ការ​លើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្ដិ ជូន​យោធិន​ត្រូវ​ចូលនិវត្តន៍ ឆ្នាំ​២០១៩ នៅ​យោធភូមិភាគ​ទី​២ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ការ​ជួបជុំ​នា​ថ្ងៃនេះ គឺជា​ការ​ជួបជុំ​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ និង​មនោសញ្ចេតនា​ស្និទ្ធស្នាល​ជ្រាលជ្រៅ​ជាទីបំផុត និង​មាន​មោទនភាព​ដោយ​បាន​បំពាក់​ឋានន្តរសក្ដិ​ថ្មី​ជូន​យោធិន​ចូលនិវត្តន៍​នៅ​យោធភូមិភាគ​ទី​២ ដែល​បាន​ចូលនិវត្តន៍​នៅក្នុង​ឆ្នាំ​២០១៩​នេះ ដែល​ស័ក្ដិសម​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការ​លះបង់ និង​ពលិកម្ម​គ្រប់បែបយ៉ាង ក្នុងការ​បំពេញភារកិច្ច​ជូន​ជាតិ​ទាំង​ក្នុងដំណាក់កាល​សង្គ្រាម និង​សន្តិភាព ជាពិសេស​នៅ​ទិស​យោធភូមិភាគ​ទី​២​នេះ​ផ្ទាល់​។

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត “​ប្រទេស​យើង​បាន​សុខសន្តិភាព​មកដល់​សព្វថ្ងៃ​បាន​ប៉ុណ្ណេះ ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​អ្នកចូលរួម​នៅក្នុង​នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ​រួមមាន អ៊ំ​ពូ​មីង​យោធិន​ចូលនិវត្តន៍ នាយទាហាន​ជំនាន់​១ តាំងពី​ការរំដោះ​ប្រទេសជាតិ និង​ការ​បញ្ចប់​សង្គ្រាម​។ ការបំពាក់​ឋានន្តរសក្ដិ​នេះ​មិនមែន​តែ​សម្រាប់​យោធិន​នៅក្នុង​សម័យ​រដ្ឋ​កម្ពុជា​នោះ​ទេ គឺ​នៅក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល​”​។

លោក​បន្ត​ថា ការ​បំពាក់​ឋានន្តរសក្ដិជូន​ដល់​យោធិន​ចូលនិវត្តន៍ គឺជា​ការ​លើកទឹកចិត្ត លើក​កិត្តិយស​នាយទាហាន​ជំនាន់​១ ដែលមាន​គុណបំណាច់ និង​ស្នាដៃ​ដ៏​ធំធេង​ជាច្រើន ដែល​ចូលរួមចំណែក​ក្នុង​ការកសាង​សន្តិភាព និង​ការអភិវឌ្ឍន៍​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។ យើង​មិនដែល​ធ្វើការ​បំពាក់​ឋានន្តរសក្ដិជូន​យោធិន​ចូល​និវត្ត​ន៍ ហើយក៏​មិន​ធ្វើ​រហូត​ទេ គឺ​បំពាក់​ជូន​តែ​នាយទាហាន​ជំនាន់​មួយ ដែល​នេះ​គឺជា​ករណី​ពិសេស​នៅក្នុង​ប្រវត្តិសាស្ត្រ​កងទ័ព​ខ្មែរ​មិនដែល​ធ្វើ​នៅក្នុង​ប្រវត្តិសាស្ត្រ​កងទ័ព​បរទេស​មិនដែល​ធ្វើ​នោះទេ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​មិន ដែល​ភ្លេច​គុណូបការៈ​ចំពោះ​យោធិន​ជំនាន់​មុន ដែល​ចូលរួម​សង្គ្រោះ​ជាតិ និង​ថែរក្សា​សុខសន្តិភាព​នោះទេ​។ មិនតែប៉ុណ្ណោះ​នៅក្នុង​ក្របខណ្ឌ​កងទ័ពជើងគោក បានផ្ដល់​ឱកាស​ឲ្យ​កូនចៅ​បង្កើត​របស់​អ៊ំ​ពូ​មីង ដែលជា​អតីតយុទ្ធជន និង​យោធិន​ចូលនិវត្តន៍​មានឱកាស​ចូល​បម្រើកងទ័ព ដែល​នេះ​គឺជា​ការ​តបស្នង​ចំពោះ​យោធិន​ជំនាន់​មុន​។

ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការលះបង់​ការខិតខំ​បំពេញភារកិច្ច​របស់​អ៊ំ​ពូ​មីង​យោធិន​ចូលនិវត្តន៍ នៅក្នុង​ភូមិភាគ​ទី​២ ដែល​បាន​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ និង​ចូលរួម​រក្សាសុខ​សន្តិភាព ស្ថិរភាព​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​រស់​សុខសាន្ត និង​ដើម្បី​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ នៅក្នុង​ការខិតខំ​ជួយ​យកចិត្តទុកដាក់​អតីតយុទ្ធជន គ្រួសារ​អតីតយុទ្ធជន​និង​កូនចៅ​អតីតយុទ្ធជន​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114