ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ទីតាំង​លក់​កាំជ្រួច ក្នុង​ខេត្ត​ណា​ខន​រ៉ា​ត​ស៊ីមា ដូច​យន្តហោះ​ទម្លាក់​គ្រាប់បែក​

ប្រទេស​ថៃ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​ដែលមាន​សំឡេង​ផ្ទុះ រួម​ជាមួយ​នឹង​អណ្តាតភ្លើង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​ផ្សារ ស៊ឺង​សាង ដោយ​អណ្តាតភ្លើង បាន​លាតសន្ធឹង​គ្របដណ្តប់​ទៅលើ​ទីតាំង​ដទៃ ហាក់បីដូចជា មានការ​ទម្លាក់​គ្រាប់បែក ពីលើ​យន្តហោះ​យ៉ាង​ដូច្នោះ​ដែរ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩វេលា​ម៉ោង ១១​និង​៤០ នាទី ថ្ងៃត្រង់​នៅ​ចំណុច​ក្បែរ​ស្តុបស៊ឺ​សាង ស្ថិតក្នុង​ឃុំ​ស៊ឺ​​ង​សាង ស្រុកស៊ឺ​​ង​សាង ខេត្ត​ណា​ខន​រ៉ា​ត​ស៊ីមា ប្រទេស​ថៃ។

តាម​របាយការណ៍ ​ដែល​កម្ពុ​ជាថ្មី ទទួលបាន​គឺ ការឆាបឆេះ​នេះ ​បាន​ផ្តើមចេញ​ពី​ហាង​លក់​គ្រឿងផ្ទុះ​ដូចជា ផាវ និង កាំជ្រួច​ជាដើម ដែលមាន​យីហោ «​ផន​ទេព​»ស្ថិតក្នុង​ផ្សារ​ស៊ឺ​ង​សាង ដោយ​ទីតាំង​នេះ​មាន ៣ ល្វែង សាងសង់​លក្ខណៈ ថ្ម​ក្រោម ឈើ​លើ។

យោងតាម​ការពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិភាព​បានអោយដឹង​ថា ការផ្ទុះ​និង​បាន​បង្ក​អោយ​ក្លាយជា​អណ្តាតភ្លើង​នេះ បាន​លាតសន្ធឹង​ទៅលើ​ទីតាំង​នានា ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​នេះ។ ប៉ុន្តែ​តាម​ការចុះ​សង្កេត​​ពី​ក្រុម​អន្តរាគមន៍ គេ​នៅ​មិនទាន់​ឃើញ​មាន​មនុស្ស​រងរបួស ឬក៏​ស្លាប់​ម្នា​ក់ណា​នោះឡើយ។

នៅក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ គេ​សង្កេត​ឃើញ​វត្តមាន​របស់លោក វិ​ឈាន ចន្ទ្រ​ណោ​ទ័យ អភិបាលខេត្ត ណា​ខន​រ៉ា​ត​ស៊ី​មា បាន​ចុះមក​ពិនិត្យ​ស្ថានភាព​ទីតាំង​កើតហេតុ​ផ្ទាល់​ផងដែរ។ ដោយឡែក​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្រុក​មួយចំនួន ដែល​នៅ​ជិតខាង សរុប​មាន​ចំនួន ១៨ គ្រឿង ក៏បាន​ចុះជួយ​អន្តរាគមន៍​យ៉ាង​ទាន់ពេលវេលា ក្នុងនោះ​មាន ស្រុក​ស៊ឺ​​ង​សាង ៧ គ្រឿង ស្រុក​ខន​បុរី ៩ គ្រឿង ស្រុក​ណង​គី ១ គ្រឿង និង ស្រុក​ប្រា​ក់ដាំ ចំនួន ១ គ្រឿង ព្រមទាំង​បាន​ទប់ស្កាត់ និង​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅវេលា​ម៉ោង ១ និង ៣០ នាទី នា​រសៀល​ថ្ងៃ​ដដែល។

ជាក់ស្តែង​ក្នុងការ​ខូចខាត​គឺ​នៅ​មិនទាន់​សរុប​ជា​ទឹកប្រាក់​បានទេ ដោយ​គ្រាន់តែ​ដឹងថា ទីតាំង​ដែល​បង្កហេតុ ៣ ល្វែង និង​ផ្ទះ​ដែល​នៅ​ជិតខាង​មួយចំនួនទៀត បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​កំពុង​ពិនិត្យ និង​ធ្វើការ​សាកសួរ​ទៅលើ​ម្ចាស់​ទីតាំង​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114