ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​វិហារ​សសរ ១០០

ក្រចេះ​ ៖​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្រី្ត រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ខុទ្ទកាល័យ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង ថ្នាក់ដឹកនាំ​ក្រុមការងារ​ថ្នាក់ជាតិ​នៃ​ក្រសួង​មុខងារសាធារណៈ ​ចុះជួយ​ស្រុក​សំបូរ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេន​កាន់បិណ្ឌ​ទី​៩ នៅ​វត្ត​វិហា​រសសរ ១០០ ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃអាទិត្យ ១០​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​រៀបចំ​លេងភ្លេង​ប្រពៃណី​ខ្មែរ និង​របាំ ថ្វាយ​ដល់​បារមី​នាង​ក្រពុំ​ឈូក ស្ថិតក្នុង​វត្ត​វិហា​រសសរ ១០០ បន្ទាប់មកទៀត​បា​នប​ន្ត​កម្មវិធី​សូត្រមន្ត​វេន​កាន់បិណ្ឌ​ទី​៩ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជាង ១.២០០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន សារុង​ ១ និង​ថវិកា​មួយចំនួន។ លុះ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ លោកជំទាវ​ក៏បាន​នាំយក​នូវ​បច្ច័យ ទេយ្យវត្ថុ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​វិហា​រសសរ​១០០ និង​វត្ត​គោក ក្នុង​វេន​កាន់បិណ្ឌ​ទី​៩ និង​រាប់បាត្រ​ព្រះសង្ឃ ចំនួន​១០២​អង្គ ជា​កិច្ច​បង្ហើយ​បុណ្យ​ផងដែរ។

ថ្លែង​ក្នុង​ពិធី​នោះ លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា ដោយសារ​តែ​ប្រទេសជាតិ​មាន សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា​ក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កំពុង​ប្រារព្ធ​ពិធី​កាន់បិណ្ឌ។ ចំណែកឯ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​នា​ថ្ងៃនេះ​ បាន​កើតឡើង​ចេញពី​ការរួម​សាមគ្គី​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នា​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​ក្នុង​ការកសាង និង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

លោកជំទាវ​កិត្តិ​ស​ង្គ​បណ្ឌិត​បាន​ថ្លែង​បន្តទៀតថា ប្រជាពលរដ្ឋ​គឺ​ត្រូវខិតខំ​ប្រឹងប្រែង​បង្កបង្កើនផល ប្រឹងប្រែង​អភិវឌ្ឍ​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន​ត្រូវខិតខំ​ប្រឹងប្រែង​បម្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ ដោយ​មិន​ត្រូវ​ខ្វល់ខ្វាយ​រឿង​អ្នកណា​ចូល​ស្រុក​ឬ​មិន​ចូល​ស្រុក​នោះទេ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តី​សុខ សន្តិភាព និង​សេចក្តី​ចម្រើន​គ្រប់ៗ​គ្នា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114