ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព​មិនមែន​សម្រាប់​តែ​កងទ័ព​នោះ​ទេ តែ​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំងអស់​គ្នា

ស្ទឹងត្រែង ៖ ការបញ្ជាក់​របស់​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​ក​ង​យោធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្ដិ ជូន​យោធិន​ត្រូវ​ចូលនិវត្តន៍ ឆ្នាំ​២០១៩ នៅ​យោធភូមិភាគ​ទី​១ និង​កងពលធំ​អន្តរាគមន៍​លេខ​៣ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​១ កងទ័ពជើងគោក ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ពិធី​បំពាក់​ឋានន្តរសក្ដិ ជូន​យោធិន​ត្រូវ​ចូលនិវត្តន៍​នាពេលនេះ គឺ​វា​មាន​២​អត្ថន័យ។ អត្ថន័យ​ទី​១ គឺជា​ការ​អរគុណ​ចំពោះ​គុណូបការៈ​របស់​ពូ​មីង​ដែល​បាន​បំពេញភារកិច្ច​បម្រើ​ជាតិ មាតុភូមិ លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ថែមទាំង​ចូលរួម​ក្នុងការ​ទប់ស្កាត់​អំពើ​ហិង្សា​បំផុស​បំផុល​ផ្សេងៗ​ ក៏ដូចជា​ការចូលរួម​ក្នុង​ការ​អនុវត្ត​គោលការណ៍​នយោបាយ​ឈ្នះ​ឈ្នះ​ផង​ដែរ​។ ការចូលរួម​របស់​ពួក​មីង​មិនមែន​សម្រាប់​តែ​ផល​ប្រយោជន៍​នៅ​ក្នុង​តំបន់​នេះ​ទេ គឺ​សម្រាប់​ទូទាំង​ប្រទេស និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។

អត្ថន័យ​ទី​២ គឺ​អបអរសាទរ​ដែល​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​បាន​ប្រគល់​តំឡើង​ឋានន្តរសក្ដិ ដើម្បី​ជា​ការ​តបស្នង​សងគុណ​ដល់​យោធិន​វិញ ដែល​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ហើយ​អ្នក​បាន​បំពាក់​ឋានន្តរសក្ដិ​ជូន​យោធិន​និវត្តន៍។ នេះ​គឺជា​លក្ខណៈ​ពិសេស និង​ជា​ការ​ផ្ដល់​កិត្តិយស​លើកទឹកចិត្ត​ជូន​យោធិន​ចូលនិវត្តន៍ ដែល​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

តាម​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ការ​បំពាក់​សក្ដិ​មាន​៣​ដំណាក់កាល​ផង​ដែរ ដំណាក់​កាល​ទី​១ គឺ​ពេល​បំពេញភារកិច្ច​តាមរយៈ​ការ​តំឡើង​ប្រាក់បៀវត្សរ៍ និង​អត្ថប្រយោជន៍​ផ្សេងៗ ដំណាក់​កាល​ទី​២ គឺ​ពេល​ចូលនិវត្តន៍ និង​ទី​៣ គឺ​ក្រោយ​ការ​ចូល​និវត្តន៍ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​បន្ត​ជួយ​រក​ដំណោះស្រាយ​ជូន​យោធិន​ទាំងអស់នោះ​គ្រប់​សកម្មភាព និង​គ្រប់​រូបភាព មិន​ថា​តាម​រយៈ​សមាគម​អតីត​យុទ្ធជន ដែល​មាន​ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​សមាគម​ គឺ​មាន​គោល​បំណង​ពីរ គឺ​ការ​ផ្ដល់​កិត្តិយស និង​ការ​លើក​ស្ទួយ​កម្រិតជីវភាព​ជូន​យោធិន​ចូលនិវត្តន៍។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ទៀត​ថា គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​មិន​ដែល​បោះបង់ចោល​យោធិន​ចូលនិវត្តន៍​នោះ​ទេ គឺ​បាន​ផ្ដល់​នូវ​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម ការ​ព្យាបាល​ជំងឺ និង​គោលនយោបាយ​ជាច្រើន​ទៀត​។ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ខិតខំ​ដោះស្រាយ​តាម​យន្តការ​សមាគម​អតីត​យុទ្ធជន​។ នេះ​គឺជា​មនោសញ្ចេតនា និង​ការលើកទឹកចិត្ត​ដល់​យោធិន​ចូលនិវត្តន៍​ពី​សំណាក់​រាជរដ្ឋាភិបាល​។

លោក​បន្តថា ស្របពេល​ដែរ​យោធិន​គ្រប់រូប​ចូលនិវត្តន៍ កងទ័ពជើងគោក ក៏​បាន​ចេញ​គោលការណ៍​ជ្រើសរើស នាយទាហាន ពលទាហាន បន្ថែម​ទៀត​ជាង​២​ពាន់​នាក់ ដើម្បី​បំពេញ​ចំនួន​ទ័ព​ទៅតាម​បណ្ដា​អង្គភាព​វិញ។ រាល់​ការជ្រើសរើស​យើង​អាច​ផ្តល់​អាទិភាព​ជូន​សាច់ញាតិ​បង្កើត​របស់​ពូ​មាមីង​ផង​ដែរ ព្រោះ​ទំពាំង​ស្នង​ឫស្សី អាច​មាន​ឆន្ទៈ ភាពស្មោះត្រង់​ចង់​ធ្វើជា​កម្លាំង​ការពារ និង​ផ្នែក​អនាគត​របស់​ពួកគេ គឺជា​នាយទាហាន​មួយរូប​បន្តវេន​ពី​ពូៗ​អ៊ំ​ៗ។ គោលការណ៍​ នៃ​ការ​ជ្រើសរើស​ពលទាហាន​នាយទាហាន​មិន​មាន​គោលការណ៍​យកប្រាក់​នោះទេ។

ជាមួយគ្នា​នោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើ​ឲ្យ​យោធិន​ត្រូវ​ចូលនិវត្តន៍​បន្ត​ការ​ជឿ​ទុក​ចិត្ត​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតីត​យុទ្ធជន​របស់​រាជរដ្ឋាភិបាល និង​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ដែល​ពូ​មីង​បាន​ខិតខំ​ស្វែងរក និង​រក្សាទុក​មកដល់​ថ្ងៃនេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ព្រោះ​សន្តិភាព​មិនមែន​សម្រាប់​តែ​កងទ័ព​នោះ​ទេ នេះ​សម្រាប់​គ្រួសារ កូន​យើង និង​ប៉ះពាល់​ទាំងអស់​។ ដូច្នេះ​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​កើតឡើង​ជាថ្មី​ម្ដងទៀត​។ អតីត​យុទ្ធជន​មាន​ឥទ្ធិ​ពល​លើ​ប្រជាពលរដ្ឋ ដើម្បី​និយាយ​ប្រាប់​ពី​បទ​ពិសោធន៍ និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រទេសជាតិ​មកដល់​ថ្ងៃនេះ៕
  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114