ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ ឈ្នះ​ជេ​ក អា​ភី​ឆាត ទៀត តែ​ចាន់​ ស៊ី​ណាត ចាញ់ ផេត​ឈុំផុល

អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ជេ​ក អា​ភី​ឆាត មួយ​ថៃ (Jack Apichart Muay Thai) ដែល​ឡើង​មកសុំ​ជួប​សង​សឹក ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នៅលើ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៩​នោះ គឺ​សងសឹក​មិនបាន​សម្រេច​នោះ​ទេ ដោយ​ផល សោ​ភ័​ណ្ឌ​ ឈ្នះ​ដោយ​ពិន្ទុ​ទៀត។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦៣,៥០០ គីឡូ​ក្រាម។

ជេ​ក អា​ភី​ឆាត ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុកថៃ ប៉ុន្តែ​បាន​វាយ​ចាញ់ ​សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ​ម្តង​កាលពី​ជួបគ្នា​នា​ថ្ងៃទី​០៩​ ខែ​សីហា ឆ្នាំ​២០១៩ កន្លងមក ហើយ​បាន​សុំ​សងសឹក​លើក​នេះ ក៏​វាយ​ចាញ់​ សោ​ភ័​ណ្ឌ ​ជា​លើក​ទី​២។

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ផេ​ត ឈុំ​ផុល វី​រី​យ៉ាក់​ហ្វា​ម (Petchchumphol Viriyakfarm) ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ​។ ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

ចាន់ ស៊ី​ណាត គេ​បញ្ចេញ​ផ្លែ​កណ្ដាប់ដៃ និង​កែង​ច្រើន​ណាស់ដែរ ប៉ុន្តែ​មិនអាច​វាយ​ចំ​គោលដៅ​បាន ដែល​ផ្ទុយ​ពី ផេ​ត ឈុំ​ផុល គេ​វាយ​ចូល​គោលដៅ​បានល្អ​ជាង ដែល​ធ្វើ​ឲ្យ​ចប់​ការប្រកួត ​ស៊ី​ណាត ចាញ់​ពិន្ទុ​ ឈុំ​ផុល។ ស៊ី​ណាត មុន​ជួប​ផេ​ត ឈុំ​ផុល​ នេះ គេ​បាន​វាយ​ឈ្នះ​ឈូ​ផេ​ត (Chhuopetch) ដោយ​ពិន្ទុ។ ឯ ផេ​ត ឈុំ​ផុល វី​រី​យ៉ាក់​ហ្វា​ម មុន​ជួប​ស៊ី​ណាត គេ​បាន​វាយ​ចាញ់​អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​កម្ពុជា​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ។

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លី ភា អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ហេង វាសនា ក្លិប​ព្រៃទទឹង មកពី​ខេត្តបាត់ដំបង​ដូចគ្នា ដោយ​ពិន្ទុ​។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

ធន ​ចាន់​តាក់ មិនមាន​សំណាង​ឈ្នះ​យុគ ផេ​ត ខណៈ រិ​ទ្ធ ភូ​លូ ឈ្នះ​ផេ​ត សាកេ​ត
ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​យុគ​ផេ​ត ផេ​ត​កា​សាម​(Yokpetch Petch kasam) នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩​នោះ មិន​មាន​សំណាង​បាន​ឈ្នះ​យុគ ផេ​ត​ នោះ​ឡើយ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥ ០០ គ​.​ក្រ។

ធន់ ចាន់​តាក់ បាន​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២ ដោយសារ​របួស​បែក​ត្រង់​ប្រជុំ​ចិញ្ចើម​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន ដោយសារ​ហូរឈាម​ខ្លាំងពេក​នោះ។ យ៉ាងណា ធន ចាន់​តាក់ នៅតែ​មិនអាច​ឈ្នះ​យុគ ផេ​ត នេះ​បានដែរ បើទោះជា​ប្រកួត​ចប់​៥​ទឹក​ក្តី។

យុគ​ផេ​ត ផេ​ត​កា​សាម ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង និង ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៦៣,៥០០​គ​.​ក្រ​នៅ​ស្រុក​ខ្មែរ កាលពីពេល​ថ្មីៗ​កន្លងមកនេះ។ គេ​ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើន​លើក​ហើយ​កន្លងមក។

ចំពោះ រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដូចគ្នា ផេ​ត សាកេ​ត ប្រាន (Petchsaket Phran)​វិញ​នោះ បាន​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​ប្រផុតប្រផើយ។ ភូ​លូ​ ឈ្នះ​ផេ​ត សាកេ​ត ដោយ​លំបាក។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ។

រិ​ទ្ធ ភូ​លូ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឡាវ ច្រើន​លើក​ហើយ។ ការប្រកួត​ជាមួយ​ថៃ​ប្រមាណ​៦​ប្រកួត​ចុងក្រោយ​នេះ ភូ​លូ​ទើបបាន​ឈ្នះ​ថៃ​មួយ​ប្រកួត​ចុងក្រោយ​ប៉ុណ្ណោះ គឺ​ ឈ្នះ​ផេ​ត មិ​ត​ម៉ៃ ដោយ​ពិន្ទុ (០៧​កញ្ញា​២០១៩)។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៧០​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114