ព័ត៍មានទាន់​ហេតុការណ៏
Search

សូត្រ ប៊ុន​ធី ​ឈ្នះ​ទឹក​២ ខណៈ​ឡុង ជិន ​ស្មើ​ពិន្ទុ ឯ​យ៉ា​ម ខេមរា​ សន្លប់​ទឹក​១

អ្នក​ប្រដាល់​កម្ពុជា​៣​នាក់ ដែល​ចូលរួម​ក្នុងការ​ប្រកួត​ប្រដាល់​ជា​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩​នោះ គឺ​មាន​តែ​សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​ម្នាក់​គត់ ដែល​បាន​យកឈ្នះ​គូប្រកួត ឯ​២​នាក់​ទៀត គឺ​ស្មើ​ពិន្ទុ​ម្នាក់ និង​សន្លប់​មួយ​នាក់។

សូត្រ ប៊ុន​ធី ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈឿ ស៊ិ​ង​ស៊ិ​រិ​(Chhoer Singsiri)​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​។ ប៊ុន​ធី មានប្រៀប​តាំងពីដើម​ទឹក​ទី​១​មក​ម្ល៉េះ តែមួយ​ដៃៗ​របស់​ឈឿ ស៊ី​ង​ស៊ិ​រិ បានធ្វើ​ឲ្យ​ប៊ុន​ធី​ ដួល​ផ្កាប់មុខ​រហូត។ មកដល់​ទឹក​ទី​២ ប៊ុន​ធី បានបញ្ចប់​សកម្មភាព​គូប្រកួត​របស់ខ្លួន​ដោយ​ប្រើ​ជង្គង់។

យ៉ា​ម​ ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ត្រូវ​អ្នក​ប្រដាល់​អ៊ីរ៉ង់ អា​មៀរ ហ្សា​ហ្វា​រៀន​(Amir Jafarian) ប្រើ​កណ្ដាប់ដៃ​វាយ​ឲ្យ​សន្លប់ ដោយ​ប្រើពេល​តែត្រឹម​កន្លះ​នាទី នៃ​ទឹក​ទី​១​ប៉ុណ្ណោះ។ អា​មៀរ ទើបតែ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​បានត្រឹមតែ​១៥​លើក ឈ្នះ​១០​លើក និង​ចាញ់​៥​លើក​ប៉ុណ្ណោះ រីឯ​ខេមរា ​វិញ​ គេ​មាន​ប្រវត្តិ​ប្រកួត​រហូតដល់​ទៅ​៤៦​លើក ឈ្នះ​៣៥​លើក និង​ចាញ់​លើក។ ខេមរា​ មាន​អំនួត​ដោយ​គេ​ដេញ​វាយ​គូប្រកួត ហើយ​ភ្លេច​ការពារ ក៏ត្រូវ​អា​មៀរ​ បញ្ចេញ​មួយ​ដៃ​ចំ​មុខ​ពេញ បណ្ដាល​ឲ្យ​សន្លប់​ក្រោក​លែងរួច​តែម្ដង។

ចំពោះ​ឡុង ជិន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​វិញ ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ថៃ​ឃុ​ម សេន​(Khum Sen)​បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​មក​នោះ។

ស្ថានភាព ​នៃ​ការប្រកួត នរណា​ក៏​ថា​ឡុង ជិន​ចាញ់​ដែរ តែ​ដោយសា​រ​នេះ​ជា​ការ​ប្រកួត​ជា​មិត្តភាព​ហើយ​ម្យ៉ាងទៀត ឃុ​ម សេន មក​វាយ​ឡុង ជិន ដល់​ក្នុង​ទឹកដី​ហើយ​នោះ ទោះបី​ឡុង ជិន ​គេ​មើល​ឃើញ​ជាទូទៅ​ថា​ចាញ់​ក៏ដោយ ក៏​ឲ្យ​ស្មើគ្នា ក៏​មិន​បញ្ហា​អ្វី​ដែរ។

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ្នក​ប្រដាល់​ជើងចាស់ លួ​ន សុខ​ខេង​ ក្លិប​ពុទ្ធ​សេរី​វង្ស​ កីឡា បាន​ផ្ដួល​អ្នក​ប្រដាល់​ជើង​ថ្មី ពេជ្រ ខ្មៅ ក្លិប​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដោយសារ​ត្រូវ​កណ្ដាប់ដៃ​ដាល់​ចំពោះ​ទឹក​នោះ។

•នី សុ​ភី និង វង្ស វិឆ័យ រកបាន​៣​ពិន្ទុ​ដូចគ្នា ក្នុង​ជម្រុះ​លើកដំបូង​
ព្រឹត្តិការណ៍​ខ្សែក្រវាត់​” ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​” ទម្ងន់​៦៧​គីឡូក្រាម​រដូវ​កាល​ថ្មី នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍ កាលពី​យប់​ថ្ងៃទី​២២​ ខែ​កញ្ញា ឆ្នាំ​២០១៩​នោះ អ្នក​ប្រដាល់​កម្ពុជា​យើង​ទាំង​ពីររូប សុទ្ធតែ​ទទួលបាន​៣​ពិន្ទុ​ដូចគ្នា ក្រោយពី​វាយ​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​នោះ។

នៅក្នុង​ការប្រកួត​ជម្រុះ​សប្ដាហ៍​ទី​២ លើក​ទី​១ របស់​អ្នក​ប្រដាល់​កម្ពុជា នី សុ​ភី ក្លិប​សាល​វ័​ន្ត​កីឡា បាន​ប្រកួត​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ ភេត អ៊ូ​ប៊ុន​( Phat Oubun) ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

ការ​ឈ្នះ​របស់​នី សុ​ភី លើ ភេត អ៊ូ​ប៊ុន នេះ គឺ​ឈ្នះ​មិនជា​ឯកច្ឆន្ទ​នោះទេ ដោយសារ​ក្នុងការ​ប្រកួត​ប្រាំ​ទឹក​នោះ នី​សុ​ភី ក៏​រាង​យ៉ាប់​ជាមួយ​អ៊ូ​ប៊ុន នៅក្នុង​ទឹក​ចុងក្រោយ​ដែរ។ តែ​យ៉ាងណា បី​ទឹក​ដំបូង សុ​ភី គេ​វាយ​បាន​យ៉ាង​ល្អ ដោយ​វាយ​ត្រូវ​ភេត អ៊ូ​ប៊ុន ច្រើន។

សូមបញ្ជាក់ថា ភេត អ៊ូ​ប៊ុន ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ទើប​មក​ប្រកួត​ក្នុង​ជម្រុះ​ខ្សែក្រវាត់​នេះ​ប៉ុណ្ណោះ។ យ៉ាងណា ភេត អ៊ូ​ប៊ុន នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ បាន​មួយ​លើក​ហើយ កាលពី​ថ្ងៃទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លងមក ដោយ​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា​គឹម វាសនា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ។

ចំពោះ​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​កម្ពុជា វង្ស វិឆ័យ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​អ្នក​ប្រដាល់​ថៃ​រ៉ុង ណា​ផា​( Rong Napha) វិញ គឺ​វង្ស វិឆ័យ គេ​ធ្វើ​បានល្អ​ជាង​នី សុ​ភី ដោយ​វាយ​រ៉ុង ណា​ផា ឲ្យសន្លប់​ក្នុង​ទឹក​ទី​៥។

នៅក្នុង​ការប្រកួត​ទឹក​ទី​៤ អ្នក​ប្រដាល់​ថៃ​រ៉ុង ណា​ផា​នេះ ក៏ត្រូវ​ វិឆ័យ វាយ​អោយ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង​ដែរ ដោយសារ​ត្រូវ​កណ្ដាប់ដៃ​របស់​វិឆ័យ​ ដាល់​ចំ​មុខ​ពេញៗ​នោះ​ពីរ​បី​ដៃ​នោះ។ តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ ចៀស​មិន​ផុតពី​សន្លប់​ក្រោយពេល​ចូល​ប្រកួត​ក្នុង​ទឹក​ទី​៥ ដោយ​វង្ស វិឆ័យ ​ចាប់​អុក​ជង្គង់​ចូល​ចុងដង្ហើម​ពេញៗ​នោះ។

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ជា សំនៀង អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល​អ្នក​ប្រដាល់​ជើង​ថ្មី កែវ សំរិទ្ធ​ ក្លិប​រាជសីហ៍​ខេត្តរតនគិរី ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២ ក្នុង​ការជួប​ប្រកួត​គ្នា​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។

ឯ ឡុង ឆើត អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​ប្រកួត​ចាញ់ អា លិ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114