ព័ត៍មានទាន់​ហេតុការណ៏
Search

យ៉េន ឌី​ណា ​ឈ្នះ​ពិន្ទុ ឯ​រិ​ន សា​រដ្ឋ​ ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ ក្នុង​ជម្រុះ​ខ្សែក្រវាត់​លើកដំបូង

ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៣,៥០​គីឡូក្រាម ​រដូវ​កាល​ទី​១០ នៅ​លើ​សង្វៀន​អាស៊ីអាគ្នេយ៍​កាលពី​រសៀល​ថ្ងៃទី​២១​ ខែ​កញ្ញា ឆ្នាំ​២០១៩​នោះ អ្នក​ប្រដាល់​កម្ពុជា​ទាំង​២​រូប សុទ្ធតែ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដូចគ្នា។

រិ​ន សារ​ដ្ឋ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក ដែល​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឆាង សឹក​(Chhang Soek)​ គេ​បាន​ទទួល​ជ័យជំនះ​ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​អ្នក​ប្រដាល់​ថៃ​រូបនេះ រក្សា​ទម្ងន់​មិន​បាន។ តែ​ទោះជា​យ៉ាងណា ក៏​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ត្រូវតែ​ប្រកួត​គ្នា​ដែរ​ហើយ​លទ្ធផល ​នៃ​ការ​ប្រកួត​យ៉ាងណា​ក៏​ សា​រ័ត្ន​ ជា​អ្នកឈ្នះ​ដែរ។

ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ គឺមាន​លក្ខណៈ​ស្វិតស្វាញ ​និង​តឹងតែង​មែនទែន។ នៅ​ទឹក​ទី​១ ឆាង​សឹក​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ដោយសារ​មាន​បញ្ហា​សន្លាក់​ដៃ​ស្ដាំ តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ អាច​បន្ត​ការប្រកួត​បាន។

២​ទឹក​ដំបូង ឆាង​សឹក​ហាក់ដូចជា​លំបាក តែ​ចាប់ពី​ទឹក​ទី​៣​ទៅ​គេ​ចិញ្ច្រាំ​សារ​ដ្ឋ​ ធ្វើ​ឲ្យ​សារ​ដ្ឋ​ បានតែ​ត្រឹម​ការពារ​ខ្លួន​ទាំង​លំបាក​ប៉ុណ្ណោះ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ ប្រកួត​គ្នា​រហូត​ចប់​ទឹក​ទី​៥ ដែល​លទ្ធផល​ចុងក្រោយ​គឺ​ស្មើ​ពិន្ទុ​គ្នា។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​រិ​ន សារ​ដ្ឋ បានទទួល​៣​ពិន្ទុ​ ក្នុងឋានៈ​ជា​អ្នកឈ្នះ ដែល​គូប្រកួត​រក្សា​ទម្ងន់​មិនបាន។

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​ប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​លំ ឡេង (Loom Leng)​ដោយ​ពិន្ទុ​ដាច់​តែម្ដង។ ២​ទឹក​ដំបូង អ្នក​ប្រដាល់​ទាំង​២​រូបនេះ មិនទាន់​វាយ​គ្នា​នៅឡើយ​ទេ តែ​ចាប់ពី​ទឹក​ទី​៣​ដល់​ទឹក​ទី​៥ ពួកគេ​វាយ​សម្រុក​លើ​គ្នា​ទៅវិញ​ទៅ​មក​ដោយ​មិន​សំចៃ​កម្លាំង​ឡើយ។ ​ពួកគេ​ប្ដូរ​ទម្ងន់​ជើង ប្ដូរ​កែង និង​កណ្ដាប់ដៃ​គ្នា​ទៅវិញទៅមក​យ៉ាងខ្លាំង​ក្លា​បំផុត។

បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៥ យ៉េន ឌី​ណា​ បានទទួល​ជ័យជំនះ​លើ​លំ ឡេង ដោយ​ពិន្ទុ។ ចៅក្រម​ទាំង​៥​សុទ្ធតែ​ផ្ដល់​ពិន្ទុ ឲ្យ​ ឌី​ណា​ ឈ្នះ​គ្រប់ៗ​គ្នា​ទាំងអស់។

ចំពោះ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​ខ្មែរ​និង​ខ្មែរ​វិញ សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ បាន​ផ្ដួល​យកឈ្នះ អេ​លី​ត វិចិត្រ អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ក្នុង​ទឹក​ទី​៥ បន្ទាប់ពី​ អេ​លី​ត វិចិត្រ មាន​បញ្ហា​សន្លាក់​ដៃស្តាំ ក្រោយពី​ត្រូវ​សៀវ ង៉ុ​យ​ទាត់​ត្រូវ​នោះ។ ​ឯ ធន អៀង​ឡេង អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម បាន​ផ្ដួល​ សេក គឹម​វី អ្នក​ប្រដាល់​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀមរាប អោយ​សន្លប់​ក្នុង​ទឹក​ទី​១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114