ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​សម័យ​ប្រឡង​ជ្រើសរើស​បេក្ខជន​ បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២២ ខែ​កញ្ញា បាន​បើក​សម័យ​ប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ​ដែល​ត្រូវធ្វើឡើង​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​ការ​ប្រឡង​ធ្វើឡើង​នៅ​វិទ្យាល័យ​ជាស៊ីម សន្ធរម៉ុក ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក។

ការ​បើក​សម័យ​ប្រឡង​នេះ​ធ្វើឡើង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​កាត់​វិញ្ញាសា​ប្រឡង​ដោយ លោក​ប្រាក់ សំអឿន អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ​,​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត។

ចំពោះ​ចំនួន​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ត្រូវ​ជ្រើសរើស​សម្រាប់​ឆ្នាំ​២០១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស រួម​មាន ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ចំនួន​៦៨​នាក់​,​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ​៧០​នាក់​,​ក្របខ័ណ្ឌ​លេខា​ធិការ​រដ្ឋបាល លេខាធិការដ្ឋាន​រដ្ឋបាល​ចំនួន​៩៤​នាក់​,​ស្មៀនឃុំ​.​សង្កាត់​ចំនួន​៣៧​នាក់​សរុប​មាន​ចំនួន​២៦៩​នាក់​។ ដោយឡែក​ក្នុង​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ​​ត្រូវ​ជ្រើសរើស​៤៥​នាក់។

សម័យ​ប្រឡង​នេះ​ធ្វើឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ​ឆ្នាំ​២០១៩ លើ​វិញ្ញាសា​ជំនាញ​ឯកទេស​រយៈពេល​១​ម៉ោង​៣០​នាទី ភាសា​អង់គ្លេស ១​ម៉ោង​៣០​នាទី សម្រាប់​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ និង​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ។ ចំពោះ​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល មាន​វិញ្ញាសា​ចំណេះដឹង​ទូទៅ​,​ចំណេះដឹង​កិច្ចការរដ្ឋបាល និង​គណិតវិទ្យា​រយៈពេល​១​ម៉ោង​និង​៣០​នាទី​,​និង​ក្របខ័ណ្ឌ​ស្មៀនឃុំ​.​សង្កាត់​មាន​វិញ្ញាសា​ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​កិច្ចការរដ្ឋបាល​ឃុំ សង្កាត់​រយៈពេល​១​ម៉ោង​៣០​នាទី និង​វិញ្ញាសា​តែង​សេចក្ដី ឬ​សរសេរ​លិខិត​រដ្ឋបាល​រយៈពេល​១​ម៉ោង​និង​៣០​នាទី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114