ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ថ្ងៃទី​២៥-២៦ និង​២៧​កញ្ញា ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ ចុះសួរសុខទុក្ខ​កងយោធពលខេមរភូមិន្ទ នៅ​ខេត្ត​ព្រះវិហារ​ និង​ស្ទឹងត្រែង

ភ្នំពេញ ៖ គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៥-២៦ និង​២៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ខាងមុខ​នេះ គ្រោង​និង​ដឹកនាំ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​កងយោធពលខេមរភូមិន្ទ ដែលមាន​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមមាន កងពលធំ​អន្តរាគមន៍​លេខ​៣ កង​ពល​តូច​អន្តរាគមន៍​លេខ​៩ វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ឈរជើង​ការពារ​នៅ​ខ្សែក្រវាត់​ព្រំដែន​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ និង​កងពលតូច​លេខ​១២៨ ឈរជើង​ការពារ​នៅ​តំបន់​អូរ​អាឡៃ ស្រុក​សៀម​បាំង​ ខេត្ត​ស្ទឹងត្រែង។

ទន្ទឹម​នឹង​នេះ ​រដ្ឋបាល​រាជធានី​ បាន​ធ្វើការ​អំពាវនាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ជា​​ពាណិជ្ជករ សិប្បករ វិនិយោគិន និង​សប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធាន​មន្ទីរ​
​អង្គភាព​​​ទាំងអស់​ចូលរួម​ជួយផ្ដល់​អំណោយ ជា​ថវិកា​ស្បៀងអាហារ ឬ​សម្ភារ​ប្រើប្រាស់​ ផ្សេងៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា ដើម្បី​រួមចំណែក​ឧបត្ថម្ភ​ជូន​ដល់​កងទ័ព និង​ក្រុម​គ្រួសារ​កងទ័ព​ការពារ​ទឹកដី​នៅតាម​បន្ទាត់​ព្រំដែន​ជូរ​មុខ។

នេះ​បើ​យោង​តាម​សេចក្តីអំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្ដី​ជូនដំណឹង​នេះ​មាន​ន័យ​ដើម​ទាំងស្រុង​ថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ឯកឧត្ដម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ​អស់លោក លោកស្រី ជា​ពាណិជ្ជករ សិប្បករ វិនិយោគិន និង​សប្បុរសជន លោក លោក​ស្រី​អភិបាលខណ្ឌ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ មេត្តា​ជ្រាបថា​ ៖ នៅ​ថ្ងៃ​ពុធ​-​ថ្ងៃ​
​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ១២-១៣-១៤​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥-២៦-២៧ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​គណៈ​ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​កងយោធពល​ខេមរភូមិន្ទ ដែលជា​សម្ព័ន្ធមេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមមាន កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣​ឈរជើង​ការពារ​នៅ​ខ្សែក្រវាត់​ព្រំដែន​ប្រចាំ​ទិស ប្រាសាទ​ព្រះវិហារ និង​កងពលតូច​លេខ​១២៨ ឈរជើង​ការពារ​នៅ​តំបន់​អូរ​អាឡៃ ស្រុក​សៀម​បាំង ខេត្ត​ស្ទឹង​ត្រែង។ ដើម្បីឲ្យ​ការចុះ​សួរសុខទុក្ខ​នេះ​ទទួលជោគជ័យ បង្ហាញ​ពី​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ក្នុង​ស្មារតី​ចែករំលែក និង​ចូលរួម​លើកទឹកចិត្ត​ដល់​យុទ្ធជន​តាម​បន្ទាត់​ព្រំដែន​ជូរ​មុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ ឯកឧត្ដម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជា​ពាណិជ្ជករ សិប្បករ វិនិយោគិន និង​សប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធាន​មន្ទីរ​អង្គ​ភាព​ទាំងអស់​មេត្តា​ចូលរួម​ជួយផ្ដល់​អំណោយ​ជា​ថវិកា​ស្បៀងអាហារ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា ដើម្បី​រួមចំណែក​ឧបត្ថម្ភ​ជូន​ដល់​កងទ័ព និង​ក្រុមគ្រួសារ​កងទ័ព​ការពារ​ទឹកដី​នៅតាម​បន្ទាត់​ព្រំដែន​ជូរ​មុខ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​លើ​ស្មារតី និង​ទឹកចិត្ត​សប្បុរសធម៌ ដែល​ជា​វប្បធម៌​ នៃ​ការ​ចែករំលែក​របស់​ប្រជាជាតិ​យើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114