ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​រាជធានី​ភ្នំពេញ ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការរៀបចំ​មហាសន្និបាត​របស់​សមាគម​អន្តរជាតិ នៃ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៩​នេះ

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​តាមរយៈ​លេខាធិការដ្ឋាន​រៀបចំ​មហាសន្និបាត​របស់​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៣៩ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បច្ចុប្បន្នភាព​ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ការរៀបចំ​មហាសន្និបាត​AIMF​លើក​ទី​៣៩ ដែល​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​នេះ។

លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា មកដល់ពេលនេះ​យើង​បាន​រៀបចំ​ការងារ​បាន​មួយ​ចំនួន​ធំ​ហើយ​ ស្ដីពី​វឌ្ឍនភាព​ នៃ​ការងារ​ត្រៀម​រៀបចំ​នេះ​ដែល​នឹង​មាន​តំណាង​ទីក្រុង​ចំនួន​៣០៤ ចូលរួម។

លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិភាក្សា ផ្តល់​យោបល់​ឲ្យ​បាន​ស៊ី​ជម្រៅ​លើ​ការងារ​ដែល​នៅ​សេសសល់​ឲ្យ​បាន​រួចរាល់​តាម​ការ​គ្រោងទុក។

កិច្ចពិភាក្សា​ ក៏បាន​បង្ហាញ​ពី​ពង្រាង​កម្មវិធី​សម្រាប់​កិច្ចប្រជុំ​AIMF​ លើក​ទី​៣៩ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២​ទី​៣​ និង​ទី​៤​ ខែ​ធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ ​ក្រោម​ប្រធានបទ​ ៖ ​ទីក្រុង​ដែល​មាន​ភាព​ធន់ ការ​គិតគូរ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​។ ជាមួយគ្នានេះ ​ក៏​ស្របគ្នា​នឹង​ខួប​លើក​ទី​៤០ នៃ​ការ​បង្កើត​សមាគម​AIMF នឹង​ស្របគ្នា នៃ​ខួប​លើក​ទី​៤០ របស់​រាជធានី​ភ្នំពេញ​ក្រោយ​ថ្ងៃ​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍។

សូម​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​AIMF ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨​ របស់​AIMF​ នៅ​ទីក្រុង​លី​ល ប្រទេស​បារាំង ​កាលពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃទី​៧​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅ​បានជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​លើក​ទី​៣៩​។ នេះ​ជា​ឱកាស​ដ៏​មានតម្លៃ​ដែល​រាជធានី​ភ្នំពេញ បង្ហាញ​ស្នាដៃ និង​បទពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​ន៏​ទីក្រុង​ដែល​ងើប​ចេញពី​វាល​ពិឃាដ​ប្រល័យ​ពូជសាសន៍​រហូត​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114